ដោយ៖តារារិទ្ធ/ព្រះសីហុន៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានអាស៊ានបានស្នើឲ្យអាស៊ានត្រូវរួម គ្នាជំរុញការងើបឡើងវិញនៃវិស័យទេសចរណ៍ប្រកបដោយភាពធន់ និង ឆ្ពោះទៅអនាគតកាន់តែប្រសើរជាងមុន ប្រកបដោយគុណភាព ចីរភាព និងបរិយាប័ន្ន ។

ថ្លែងទៅកាន់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាននិងដៃគូពាក់ព័ន្ធនៅក្នុងពិធីបើកវទិកាទេសចរណ៍អាស៊ាន២០២២លើកទី៤០ក្រោមប្រធានបទ«អាស៊ាន៖សហគមន៍សន្តិ ភាពនិងវាសនាតែមួយ»នៅខេត្តព្រះសីហនុ,ថ្ងៃទី ១៨ ខែ មករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖អាស៊ានត្រូវរួមគ្នាជំរុញការងើបឡើងវិញនៃ វិស័យទេសចរណ៍ប្រកបដោយភាពធន់ និង ឆ្ពោះទៅអនាគតកាន់តែប្រសើរជាងមុន ប្រកបដោយគុណភាព ចីរភាពនិងបរិយាប័ន្ន ។

ក្នុងន័យនេះសម្តេចសូមអំពាវនាវឱ្យអាស៊ានបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនានិងដៃគូអភិវឌ្ឍន៍នានានិងកសាងភាពជាដៃគូរដ្ឋ-ឯកជន (PPP)ទាំងក្នុងប្រទេសតំបន់និងសកលលោកសំដៅឆ្ពោះទៅរកការរីកចម្រើននៃវិស័យទេសចរណ៍ប្រកបដោយភាពធន់តាមគន្លងប្រក្រតីភាពថ្មីនិងនាំមកនូវវិបុល ភាពរបស់អាស៊ានទាំងមូល ។

សម្តេចតេជោប្រធានអាស៊ានបានបន្តថា៖រដ្ឋមន្ត្រីទេសចរណ៍អាស៊ានប្រទេសដៃគូអាស៊ាននិងថ្នាក់ដឹកនាំអង្គការទេសចរណ៍ពិភពលោកព្រមទាំងសមា គមទេសចរណ៍ដៃគូអាស៊ានគួរបន្តពង្រឹងការអភិវឌ្ឍមូលធនមនុស្សខិតខំអនុវត្តក្របខណ្ឌកិច្ចសហប្រតិបត្តិការដែលមានស្រាប់ព្រមទាំងបង្កើនការផ្លាស់ប្ដូរចែករំលែកបទពិសោធន៍ល្អៗជុំវិញការទាក់ទាញនិងអភិវឌ្ឍទេពកោសល្យដោយគិតគូរផងដែរនូវការជំរុញកម្មវិធីអក្ខរកម្មឌីជីថលការជំរុញសហ គ្រិនវ័យក្មេងនិងការជួយគាំទ្រសិប្បកម្ម​និង សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យទេសចរណ៍ដល់កម្រិតមូលដ្ឋាននិងត្រូវទាញអត្ថប្រយោជន៍ពីនវានុវត្តន៍ការតភ្ជាប់ឌីជីថលនិងបដិវត្តន៍ឧស្សាហកម្ម៤.០ ដើម្បី ការអភិវឌ្ឍទេសចរណ៍អាស៊ានប្រកបដោយវៃឆ្លាត ចីរភាពនិងបរិយាប័ន្ន ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថាក្នុងនាមជាប្រធានអាស៊ានលើកទី៣ក្នុងឆ្នាំ២០២២នេះកម្ពុជានឹងលើកកម្ពស់ពន្លឿននិងធ្វើសុខដុមនីយកម្មរាល់កិច្ចខិតខំប្រឹង ប្រែងស្តារឡើងវិញលើគ្រប់វិស័យដើម្បីកសាងសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្ន ចីរភាពនិងភាពធន់ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ស្របតាមមូលបទ“អាស៊ានរួម គ្នាធ្វើ-ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” (ASEAN : Addressing Challenges Together) ៕