ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ កាលពីថ្ងៃអង្គារទី១៨មករាសហរដ្ឋអាម៉េរិកបានបង្កើនការព្រួយបារម្ភអំពីលទ្ធភាពវាយប្រហាររបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន នៅមុនបេសកកម្មការទូតដ៏មមាញឹកដោយរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អានថូនី ប្លីងកិន(Antony Blinken)។
ជាមួយទាហានរុស្ស៊ីរាប់ម៉ឺននាក់ប្រមូលផ្តុំគ្នានៅតាមព្រំដែនអ៊ុយក្រែន លោកប្លីងកិនបានជិះយន្តហោះទៅជួបមន្ត្រីអ៊ុយក្រែននិងសម្ពន្ធមិត្តអឺរ៉ុប នៅមុនការពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ (Sergei Lavrov)នៅថ្ងៃសុក្រខាងមុខ។
ក្រុមមន្ត្រីអាម៉េរិកបានបង្កើនកម្រិតនៃការគំរាមកំហែងនេះ ដោយនិយាយថា វិបត្តិដែលមានសន្ទុះសន្សឹមៗនេះ កំពុងឈានដល់ដំណាក់កាលថ្មីដ៏គ្រោះថ្នាក់។
អ្នកនាំពាក្យសេតវិមាន លោកស្រី ជេន សាគី (Jen Psaki)បាននិយាយថា “យើងជឿថា ឥឡូវនេះយើងកំពុងស្ថិតក្នុងដំណាក់កាលមួយ ដែលរុស្ស៊ីអាចធ្វើការវាយប្រហារលើប្រទេសអ៊ុយក្រែនគ្រប់ពេល។ ខ្ញុំចង់និយាយថាវាគ្រោះថ្នាក់ជាងអ្វីដែលយើងគិតទៅទៀត”។
នៅក្នុងការវិវត្តថ្មីមួយទៀត មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាម៉េរិកនិយាយថាមានការព្រួយបារម្ភថា សេចក្តីព្រាងកំណែទម្រង់រដ្ឋធម្មនុញ្ញនៅក្នុងប្រទេសបេឡារុសដែលជារដ្ឋផ្តាច់ការនិងជាសម្ពន្ធមិត្តជិតស្និទ្ធនឹងទីក្រុងមូស្គូ អាចអនុញ្ញាតឱ្យមានការដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី។
រឿងនេះបានកើតឡើងខណៈទាហានរុស្ស៊ីបានហូរចូលទៅក្នុងប្រទេសនេះសម្រាប់អ្វីដែលគេនិយាយថាជាសមយុទ្ធហ្វឹកហ្វឺន ប៉ុន្តែក្នុងកម្រិតដែលក្រុមមន្ត្រីអាម៉េរិកនិយាយថា “លើសពីចំនួនធម្មតា”៕
ទាហានរុស្ស៊ីមកដល់បេឡារុសកាន់តែច្រើនឡើងៗ ដើម្បីសមយុទ្ធធំមួយនៅក្បែរព្រំដែនអ៊ុយក្រែន