ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ ប្រភពវេជ្ជសាស្ត្រមួយរូបបាននិយាយកាលពីថ្ងៃអង្គារទី១៨មករាថា កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានសម្លាប់មនុស្ស ១៤នាក់នៅក្នុងការវាយប្រហារតាមអាកាសលើរដ្ឋធានីដែលគ្រប់គ្រងដោយពួកឧទ្ទាមរបស់យេម៉ែន បន្ទាប់ពីការវាយប្រហារដោយពួកឧទ្ទាមហ៊ូធីលើអារ៉ាប់រួមអេមីរ៉ាតបង្កភាពតានតឹងក្នុងតំបន់ខ្លាំងឡើង។
អ្នកស្រុកនៅទីក្រុងសាណា (Sanaa)កំពុងកាយគំនរបាក់បែកដើម្បីរកអ្នកនៅរស់ពីការវាយប្រហារ ដែលបានរំលំផ្ទះពីរខ្នងពោលគឺតែប៉ុន្មានម៉ោងបន្ទាប់ពីក្រុមហ៊ូធីបានសម្លាប់មនុស្សបីនាក់កាលពីថ្ងៃចន្ទក្នុងការវាយប្រហារដោយដ្រូននិងមីស៊ីលលើរដ្ឋធានីអាប៊ូដាប៊ីរបស់អារ៉ាប់រួមអេមីរ៉ាត។
ទីភ្នាក់ងារសារព័ត៌មានសាបា (Saba)របស់ពួកឧទ្ទាមនេះបាននិយាយថា ឧត្តមសេនីយ៍ឯករបស់ឧទ្ទាមហ៊ូធី គឺ លោក អាប់ឌុលឡា កាសសិម អាល់-ជូណាអ៊ីដ (Abdullah Qassem al-Junaid) ជានាយកសាលាទ័ពអាកាសរបស់ក្រុមឧទ្ទាមនេះ ត្រូវបានសម្លាប់រួមជាមួយសមាជិកគ្រួសារ។
កងកម្លាំងចម្រុះបានបើកការវាយប្រហារបន្ថែមទៀតលើទីក្រុងសាណាកាលពីថ្ងៃអង្គារ។
លោក អាក្រាម អាល់-អាដាល់ (Akram al-Ahdal)ជាសាច់ញាតិរបស់ជនរងគ្រោះ បាននិយាយថា “ការស្វែងរកអ្នកនៅរស់នៅក្នុងគំនរបាក់បែកនៅតែបន្ត”៕
ជនជាតិយេម៉ែនកំពុងពិនិត្យការខូចខាតបង្កឡើងដោយការវាយប្រហារតាមអាកាសដឹកនាំដោយអារ៉ាប៊ីសាអូឌីត