ប្រែ​សម្រួលៈ​បំណង/​បាងកក​(​ឆា​ណែ​ល​ញូ​វ​អេ​សៀ​,​បាងកក​ប៉ុស្តិ៍​)៖ ថៃ​នឹង​បន្ទាប​កំរិត​ព្រមាន​អំពី​កូវី​ដ​១៩​និង​កំពុង​ពិចារណា​បន្ធូរបន្ថយ​ការ​រឹតត្បិត​ដើម្បី​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​របស់​ខ្លួន ចំ​ពេល​ការ​​ឆ្លងកូវី​ដ​១៩​កាន់តែ​យឺត​ទៅ​។​

​ក្នុងចំណោម​វិធានការ​ដែល​ត្រូវ​លើក​មក​ពិចារណា គឺ​ការបង្កើន​តំបន់​អនុវត្ត​គំរោង​”​ប្រអប់​ខ្សាច់​” សំរាប់​ទេសចរ​ដែល​មិន​ចង់​ធ្វើ​ចត្តា​ឡីស័​ក​បើសិនជា​ពួកគេ​ស្នាក់នៅ​ក្នុង​តំបន់​ជាក់លាក់​ណាមួយ​រយៈ​​ពេល​៧​ថ្ងៃ​ហើយ​ធ្វើតេស្តិ៍​រក​កូវី​ដ​១៩​។​

​ក្លឹប​រាត្រី រង្គសាល​និង​បារ នឹង​នៅតែ​បិទ​សំរាប់​ពេល​ឥឡូវ ទោះជា​យ៉ាងណា រដ្ឋ​មន្ត្រី​សុខាភិបាល​លោក អានុ​ធីន ឆាន​វី​រ៉ា​គុល (Anutin Charnvirakul)​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​ការព្រមាន​​អំពី​កូវី​ដ​១៩​នឹង​ត្រូវ​បន្ថយ​ពី​កំរិត​៤​មក​កំរិត​៣ នៅក្នុង​ប្រព័ន្ធ​ព្រមាន​របស់​ថៃ​ដែលមាន​៥​កំរិត​។​

​រដ្ឋ​មន្ត្រី​សុខាភិបាល​លោក អានុ​ធីន ឆាន​វី​រ៉ា​គុល

​លោក​រដ្ឋមន្ត្រី​បានអោយដឹងថា តំបន់​អនុវត្ត​គំរោង​ប្រអប់​ខ្សាច់​(Sandbox)​ថ្មី​នឹង​រួម​មាន​ខេត្ត​ឈៀង​ម៉ៃ ,​ឈុន​ប៊ូ​រី (Chonburi),​ខុន​ឃែន​( Khon Kaen)​និង​សាមុត ប្រា​កាន​(Samut Prakan)​។​

​គំរោង​នេះ​បច្ចុប្បន្ន អនុវត្ត​តែ​ខេត្ត​ភូ​កេត ខេត្ត​ផាង ង៉ា​(Phang Nga)​ខេត្ត​ក្រា​ប៊ី (Krabi )​និង​កោះ​សាម៊ុ​យ​(Koh Samui)​។​

​លោក​អានុ​ធីន​កាលពី​ថ្ងៃច​ន្ទបា​ននិយាយថា លោក​នឹង​ស្នើ​អនុវត្ត​កម្មវិធី​« តេ​ស្តិ៍ និង ចេញទៅ​(Test and Go)»​ឡើងវិញ ដើម្បី​អនុញ្ញាត​អោយ​អ្នកទេសចរ​ដើរហើរ​ដោយ​សេរី បន្ទាប់ពី​ពួកគេ​ឆ្លង​​កាត់​ការធ្វើតេ​ស្តិ៍​រក​កូវី​ដ​១៩​នៅ​ពេល​ចូល​មក​ដល់​ថៃ​។​

​ថៃ​នៅ​ថ្ងៃ​ពុធ​ទី​១៩​មករា​នេះ​បាន​រាយការណ៍​អ្នក​ឆ្លងកូវី​ដ​១៩​ចំនួន ៧.១២២​នាក់ និង​អ្នកជំងឺ​កូវី​ដ​ចំនួន​១២​នាក់​ទៀត​បាន​ស្លាប់​នៅ​២៤​ម៉ោង​កន្លងទៅ​។​

​ថៃ​តាំងពី​មុន​មក​បាន​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​សរុប​ជាង ២,៣​លាន​នាក់ និង​ជិត​២២.០០០​នាក់​ស្លាប់​ដោយ​ជំងឺឆ្លង​រាតត្បាត​នេះ​នៅ​ពេល​ជិត​២​ភាគ​៣​នៃ​ប្រជាជន​រស់នៅ​ថៃ​បាន​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​បាន​ពី​រដូស និង​១៣,៥​លាន​នាក់​ចាក់​ដូសទី​៣៕

​ប្រជាជន​ថៃ​មកចាក់​វ៉ាក់សាំង​ដូស​ជំរុញ​នៅមណ្ឌល​មួយ​ក្នុង​ក្រុង​បាងកក​កាលពី​ថ្ងៃ​អង្កា​រ​