ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ កំណត់ត្រាពិភពលោកហ្គីនណេសបាននិយាយថា លោក សាធួនីណូ ដឺ ឡា ហ្វុនតេ (Saturnino de la Fuente)ជាជនជាតិអេស្ប៉ាញដែលពណ៌នាដោយកំណត់ត្រាពិភពលោកហ្គីនណេសថាជាបុរសចាស់ជាងគេបំផុតរបស់ពិភពលោក បានទទួលមរណភាពកាលពីថ្ងៃអង្គារទី១៨មករាក្នុងជន្មាយុ ១១២ ឆ្នាំ ៣៤១ ថ្ងៃ។
លោកហ្វុនតេបានទទួលមរណភាពនៅផ្ទះរបស់គាត់ក្នុងទីក្រុងឡេអន (León) ស្ថិតនៅភាគពាយព្យនៃប្រទេសអេស្ប៉ាញ។
កំណត់ត្រាពិភពលោកហ្គីនណេសបានប្រកាសឈ្មោះលោកហ្វុនតេជាបុរសមានវ័យចំណាស់ជាងគេបំផុតរបស់ពិភពលោកកាលពីខែកញ្ញា ពេលដែលគាត់មានអាយុ ១១២ ឆ្នាំ ២១១ ថ្ងៃ។កំណត់ត្រានេះបាននិយាយថា លោកហ្វុនតេបានកើតនៅក្នុងសង្កាត់ផុនតេកាស្ត្រូ (Puente Castro) នៃទីក្រុងឡេអននៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ១៩០៩ ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ EFE របស់ប្រទេសអេស្ប៉ាញបានរាយការណ៍ថា លោកហ្វុនតេគឺជាអ្នកជំនាញដេរស្បែក ហើយបានចាប់ផ្តើមធ្វើការនៅក្នុងរោងចក្រស្បែកជើងនៅអាយុ ១៣ ឆ្នាំ។
EFE និយាយថា លោកហ្វុនតេបានរស់រានមានជីវិតពីជំងឺគ្រុនផ្តាសាយអេស្ប៉ាញដែលបានផ្ទុះឡើងក្នុងឆ្នាំ ១៩១៨ ហើយបានរៀបការជាមួយប្រពន្ធឈ្មោះ អង់តូនីណា (Antonina) ដោយមានកូនស្រី ៧ នាក់និងកូនប្រុសម្នាក់ បន្ទាប់មកមានចៅ ១៤ នាក់និងចៅទួត ២២ នាក់។
EFE បាននិយាយថា លោកនឹងត្រូវបញ្ចុះនៅថ្ងៃពុធនេះនៅឯទីបញ្ចុះសពក្នុងទីក្រុងឡេអន៕
លោក សាធួនីណូ ដឺ ឡា ហ្វុនតេ ស្លាប់កាលពីថ្ងៃអង្គារនៅជន្មាយុ ១១២ ឆ្នាំ ៣៤១ ថ្ងៃ