​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ក្រុមអ្នកវិភាគ​យោធា​បាន​និយាយថា សមយុទ្ធ​យោធា​រួម​គ្នា​រវាង​រុស្ស៊ី​និង​បេឡា​រុស​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ នឹង​ផ្តល់ឱ្យ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀរ ពូ​ទីន នូវ​ជម្រើស​ថ្មី ថា​តើ​គាត់​នឹង​សម្រេចចិត្ត​វាយប្រហារ​អ៊ុ​យក្រែន ឬ ត្រូវ​ពង្រីក​ផែន​ការពារ​របស់​ប្រទេស​នេះ​ជា​បន្ត​។​

​សមយុទ្ធ ឈ្មោះថា “​ដំណោះស្រាយ​សម្ពន្ធមិត្ត​” នឹង​ប្រព្រឹត្តទៅ​នៅ​ជិត​ព្រំដែន​ភាគ​ខាងលិច​នៃ​ប្រទេស​បេឡា​រុស​ជាមួយ​សមាជិក​ណា​តូ គឺ ប៉ូឡូញ និង​លី​ទុយ​អា​នី និង​ព្រំដែន​ភាគខាងត្បូង​របស់ខ្លួន​​ជាមួយ​អ៊ុ​យក្រែន​។ រុស្ស៊ី​មាន​កងទ័ព​រាប់ម៉ឺន​នាក់​រួច​ទៅ​ហើយ​នៅ​ភាគ​ខាងជើង ខាងកើត និង​ខាងត្បូង​នៃ​អ៊ុ​យក្រែន ទោះបីជា​ខ្លួន​បដិសេធថា​គ្មាន​ចេតនា​ណាមួយ​ក្នុង​ការឈ្លានពាន​ក៏ដោយ​។​

​លោក ខុន​រ៉ាត់ មូ​ហ្ស៊ី​កា (Konrad Muzyka)​ជា​នាយក​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ Rochan ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ប៉ូឡូញ បាន​និយាយថា​ការដាក់​បញ្ជូន​កងកម្លាំង​រុស្ស៊ី​ទៅកាន់​ប្រទេស​​បេឡា​រូស​បាន​បង្កើត​ខ្សែត្រៀម​ជួរមុខ​ដ៏​មាន​សក្តានុពល​ថ្មី​មួយ ដែល​អ្នក​រៀបចំ​ផែនការ​កងទ័ព​អ៊ុយ​ក្រែន​គួរតែ​ព្រួយបារម្ភ​។ ​ការពង្រឹង​តំបន់​នោះ​គឺ​មានន័យថា​ជា​ការពង្រាយ​កងទ័ព​កាន់តែ​ស្តើង​ទៅៗ​ទៅ​កន្លែង​ផ្សេងទៀត និង​បង្វែរ​កងកម្លាំង​ពី​ទីតាំង​នានា ដែល​ប្រឈមមុខ​នឹង​ភាគ​និរតី​រុស្ស៊ី គឺ​តំបន់​ដុន​បា​ស (Donbass) ដែល​គាំទ្រ​ដោយ​រុស្ស៊ី​នៅ​ភាគ​ខាងកើត​អ៊ុ​យក្រែន ជា​កន្លែង​ដែល​រដ្ឋាភិបាល​ទីក្រុង​គៀវ​បាន​បាត់បង់​ការគ្រប់គ្រង​ក្នុង​ឆ្នាំ ២០១៤ និង​ឧបទ្វីប​គ្រីមេ ដែល​រុស្ស៊ី​ដណ្តើម​យក​ពី​អ៊ុយ​ក្រែន​នៅ​ឆ្នាំ​ដដែល​នោះ​។ ​លោកមូ​ហ្ស៊ី​កា​បាន​និយាយថា “​ពួកគេ​មិន​មាន​កម្លាំង​គ្រប់គ្រាន់​ទេ ដូច្នេះ​ពួកគេ​ត្រូវតែ​ធ្វើ​ការជ្រើសរើស​”​។​

​ពី​ប្រទេស​បេឡា​រុស កងទ័ព​រុស្ស៊ី​នឹង​កាន់តែ​កៀក​នឹង​រដ្ឋធានី​គៀវ​របស់​អ៊ុ​យក្រែន ពោលគឺ​ចម្ងាយ​ពី​ទីនោះ​ទៅ​ព្រំដែន​ជាមួយ​បេឡា​រូស​គឺ​ត្រឹមតែ​ជាង ៩០ គីឡូម៉ែត្រ​ប៉ុណ្ណោះ​។ លោក រ៉ប់ លី (Rob Lee) ជា​អ្នកវិភាគ​ផ្នែក​យោធា​និង​ជា​សហការី​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​គោលនយោបាយ​ការបរទេស​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាម៉េរិក​បាន​និយាយថា​ប្រសិនបើ​រុស្ស៊ី​ដាក់ពង្រាយ​ប្រព័ន្ធ​រ៉ុក្កែត​ពហុ​បំណង​​រយៈ​ចម្ងាយ​ឆ្ងាយ​ទៅកាន់​ប្រទេស​បេឡា​រុស ពួកគេ​នឹង​អាច​វាយប្រហារ​គោលដៅ​នៅ​ជិត​ទីក្រុង​គៀវ ដោយ​មិន​ចាំបាច់​ចូល​ទៅ​កាន់​អ៊ុយ​ក្រែនទេ​។​

​លោក​លី​និយាយថា ទីក្រុង​មូ​ស្គូ​ក៏​អាច​ដាក់​ពង្រាយ​ប្រព័ន្ធ​សង្គ្រាម​អេឡិចត្រូនិក​ពី​បេឡា​រុស​ដើម្បី​ព្យាយាម​រំខាន​ទូរគមនាគមន៍​ចេញពី​ទីក្រុង​គៀវ​ផងដែរ រួម​ទាំង​រ៉ា​ដា​ឬ​ផ្កាយរណប​ប្រសិនបើ​រុស្ស៊ី​ឈ្លាន​​ពា​ន​៕

កងទ័ព​រុស្ស៊ី​ច្រើន​ឡើង​បាន​បញ្ជូន​មក​បេឡា​រុស​សម្រាប់​សមយុទ្ធ​រួម​