ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ កូនគោមួយក្បាល ដែលកើតនៅក្នុងកសិដ្ឋានមួយក្នុងប្រទេសឥណ្ឌាបានចាប់ផ្តើមទាក់ទាញអ្នកទេសចរដែលជឿថាវាជាការចាប់កំណើតរបស់ព្រះហិណ្ឌូដោយសារភ្នែកទីបីនិងរន្ធច្រមុះមួយគូបន្ថែមទៀតរបស់វា។
ត្បិតមានលក្ខណៈចម្លែកបែបនេះក្តី ក៏ប៉ុន្តែគោដែលកើតនៅក្នុងភូមិរ៉ាចណាន (Rajnand) នៃរដ្ឋឆាតទីសហ្គា (Chhattisgarh) ត្រូវបានចាត់ទុកថាមានកាយសម្បទានិងសុខភាពល្អ។
អ្នកស្រុកខ្លះបានអះអាងកាលពីថ្ងៃអង្គារទី១៨មករាថា កូនគោនេះគឺជាការចាប់កំណើតរបស់ព្រះសិវៈ ជាព្រះមួយក្នុងចំណោមព្រះទាំងបីនៃសាសនាហិណ្ឌូ។
ប្រការនេះបានញ៉ាំងឱ្យមនុស្សធ្វើដំណើរយ៉ាងពិសេសទៅកាន់កសិដ្ឋាននេះដើម្បីមើលកូនគោភ្នែកបី ដោយអ្នកខ្លះជឿថាការចាប់កំណើតរបស់វានឹងនាំមកនូវសំណាងនិងភាពរុងរឿងដល់ភូមិ។
កសិករឈ្មោះ នីរ៉ាច ចាន់ដែល (Neeraj Chandel) បាននិយាយថា “នៅពេលដែលគោកើតមកភ្លាម ពួកយើងស្មានតែវាមានរបួសនៅលើថ្ងាសរបស់វាមុនពេលឆ្លុះពិលឃើញភ្នែកបី។បន្ទាប់មកយើងបានរកឃើញរន្ធច្រមុះបួនបន្ថែមទៀតជាហេតុនាំឱ្យអ្នកស្រុកសម្រុកមកកកកុញពេញផ្ទះរបស់យើងបន្ទាប់ពីការកំណើតរបស់វានៅពេលយប់”។
អ្នកស្រុកបានធ្វើដង្វាយជាដូងនិងផ្កាដល់កូនគោទើបនឹងកើតនេះ។
មេគោធ្លាប់កើតបានកូនគោធម្មតាពីរក្បាលកាលពីមុន ហើយឥឡូវពួកវាធំពេញវ័យអស់ហើយ។
តាមវេជ្ជសាស្ត្រ ភ្នែកទីបីនៅលើសត្វត្រូវបានបង្កឡើងដោយសារជំងឺអ័រម៉ូន៕
កូនគោភ្នែកបីកើតនៅភូមិរ៉ាចណាននៃរដ្ឋឆាតទីសហ្គា