ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​អង្គការ​សុខភាព​ពិភពលោក​(WHO)​បាន​ព្រមាន​ថា ជំងឺឆ្លង​រាតត្បាត​កូវី​ដ​១៩​មិន​ងាយ​នឹង​ចប់​ទេ នៅពេល​បារាំង អាឡឺម៉ង់​និង​ប្រេ​ស៊ីល​រក​ឃើញ​អ្នក​ឆ្លង​ច្រើន​បំផុត​មិន​​ដែល​មាន​ពី​មុន​នៅ​២៤​ម៉ោង​កន្លងទៅ​។​

​វីរុស​បំប្លែង​ខ្លួន​ចម្លង​លឿន​ប្រភេទ​អូ​មី​ក្រុង បាន​ចម្លង​រាលដាល​ឥត​ស្រាក​ស្រា​ន​នៅ​ជុំវិញ​ពិភពលោក ដោយ​បង្ខំ​អោយ​រដ្ឋាភិបាល​ខ្លះ​ដាក់ចេញ​វិធានការ​ថ្មីៗ​ក្នុងពេល​បង្កើនល្បឿន​ការចាក់​វ៉ាក់សាំង​កូវី​ដ​១៩​ដូស​ជំរុញ​។​

​ប្រធាន​WHO​លោក តេ​ដ្រូ​ស អាត​ហាណូម ហ្គេ​ប្រេ​យេស៊ូ​ស (Tedros Adhanom Ghebreyesus)​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​ចេញពី​ស្នាក់​ការ​នៅ​ក្រុង​ហ្សឺ​ណែវ​ថា « ជំងឺឆ្លង​នេះ​គ្មាន​​កន្លែង​ណា​ជិត​ចប់​ទេ​»​។​

ប្រធាន​WHO​លោក តេ​ដ្រូ​ស កុំអោយចាត់ទុក អូមីក្រុង ជាវីរុសបង្កជំងឺស្រាល

​អឺរ៉ុប​ឥឡូវ​ជា​មជ្ឈមណ្ឌល​នៃ​ការផ្ទុះកូ​វីដ​១៩​ថ្មី​គួរ​អោយ​ប្រកាសអាសន្ន ដោយ​ករណី​ឆ្លង​នៅ​អាឡឺម៉ង់​កំពុង​កើនឡើង​ហួស​១០០.០០០​នាក់​ក្នុង​មួយថ្ងៃ និង​បារាំង​បាន​រាយការណ៍​ការឆ្លង​ថ្មី​ជិត​កន្លះ​លាន​​កាលពី​ថ្ងៃ​អង្គារ​។​

​ប្រមុខ​ទីភ្នាក់ងារ​សុខភាព​សហ​ប្រជាជាតិ​រូបនេះ​បាន​ព្រមាន​កុំ​អោយ​ចាត់​ទុក​អូ​មី​ក្រុង​ថា​ជា​វីរុស​បង្ក​ជំងឺ​ស្រាល​ដោយសារ​វា​បន្ត​បង្ក​ការផ្ទុះ​ជំងឺ​ថ្មីៗ​ចាប់ពី​អាម៉េរិក​ឡាទីន ដល់​មជ្ឈិមបូព៌ា​បន្ទាប់ពី​ការរក​​ឃើញ​ដំបូង​នៅ​អាហ្វ្រិក​ខាងត្បូង​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០២១​។​

​លោក​បាន​និយាយថា​«​ជា​មធ្យម អូ​មី​ក្រុង​អាច​ស្រាល​ជាង តែ​ការអះអាង​ថា​វា​ជា​ជំងឺ​ស្រាល​មួយ ជា​ការ​យល់​ខុស​»​។​

​គ្រាន់តែ​សប្តាហ៍​មុន ករណី​ឆ្លង​ថ្មី​៥​លាន​នាក់​ត្រូវបាន​រាយការណ៍​នៅ​អឺរ៉ុប និង​WHO​បាន​ព្យាករណ៍​ថា អូ​មី​ក្រុង​អាច​ចម្លង​ប្រជាជន​អឺរ៉ុប​ពាក់កណ្តាល​នៅ​យ៉ាងយូរ​ត្រឹម​ខែមីនា ដោយ​ធ្វើអោយ​មន្ទីរពេទ្យ​ទូ​​ទាំង​ទ្វីប​ជោរជន់​ដោយ​អ្នកជំងឺ​កូវី​ដ​។​

​អាឡឺម៉ង់​កាលពី​ថ្ងៃ​អង្គារ បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​១១២.៣២៣​នាក់ និង​២៣៩​នាក់​ស្លាប់ ដោយ​អូ​មី​ក្រុងមាន​ចំនួន​៧០​ភាគរយ​នៃ​អ្នក​ឆ្លង​ថ្មី​។​

​កំណើន​នៃ​ការឆ្លង​នេះ​បាន​ជំរុញ​អោយ​អធិការបតី​អាឡឺម៉ង អូ​ឡា​ហ្វ ស្កូ​ល​(Olaf Scholz)​ជំរុញ​ការចាក់​វ៉ាក់សាំង​ដើម្បី​បង្កើត​ភាពស៊ាំ​ក្និង​សហគមន៍​។​

​ប្រទេស​អឺរ៉ុប​ដទៃទៀត​ក៏​កំពុង​ប្រយុទ្ធ​នឹង​អូ​មី​ក្រុង ដោយ​ប្រទេស​បារាំង​កាលពី​ពេល​ថ្មីៗ​មាន​អ្នក​ឆ្លង​ក្នុង​មួយ​ថ្ងៃ​ជា​មធ្យម​ប្រមាណ​៣០០.០០០​នាក់ តែ​ទិន្នន័យ​ចេញ​ដោយ​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃ​​អង្គារ​បង្ហាញថា បារាំង​មាន​អ្នក​ឆ្លង​៤៦៤.៧៦៩​នាក់​នៅ​២៤​ម៉ោង​កន្លងទៅ​។​

​នៅ​កន្លែង​ផ្សេង​ទៀត​ក្នង​លោក ប្រេ​ស៊ីល​បាន​រក​ឃើញ​អ្នក​ឆ្លង​ខ្ពស់​បំផុត​ជា​ថ្មី​ដល់​ជាង​១៣៧.០០០​នាក់​កាលពី​ថ្ងៃ​អង្គារ​។​

​នៅ​អាស៊ី ជប៉ុន​ប្រុង​រឹតបន្តឹង​នៅ​ទូទាំង​ប្រទេស រួមមាន​ទីក្រុង​តូ​ក្យូ នៅ​ពេល​ខ្លួន​កំពុង​ជួប​កំណើន​នៃ​ការ​ឆ្លងកូវី​ដ​១៩ ជំរុញ​ឡើង​ដោយ​អូ​មី​ក្រុង នៅពេល​ចិន​បន្ធូរបន្ថយ​ការ​រឹតត្បិត​បន្តិច​នៅ​ទីក្រុង​​ស៊ី​អាន​(Xi’an)​ក្រោយ​ប្រជាជន​រាប់លាន​នាក់​ក្នុង​ទីក្រុង​នេះ​ត្រូវបាន​បង្ខាំង​អោយ​នៅក្នុង​ផ្ទះ​អស់​ជាច្រើន​សប្តាហ៍​មក​ហើយ​។​

​ពួក​អ្នកជំនាញការ​ជប៉ុន​កាលពី​ថ្ងៃ​ពុធ បាន​គាំទ្រ​ការ​ដាក់​តំបន់​ចំនួន​១៣​ក្រោម​វិធានការ​គ្រាអាសន្ន​ចាប់ពី​ថ្ងៃ​២១​មករា​ដល់​១៣​កុម្ភៈ ៕

បារាំងឆ្លងជិតកន្លះលាននាក់កាលពីថ្ងៃអង្គារ នៅពេលអ្នកជំនាញព្រមានថា ត្រឹមខែមីនាប្រជាជនអឺរ៉ុបពាក់កណ្តាលឆ្លងកូវីដ១៩