​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ វិស្វករ​ម្នាក់​បាន​បង្កើត​រូបភាព​គំរូ​នៃ​ឡាន Apple Car នា​ពេល​ខាង​អនាគត​ថា​តើ​វា​មាន​រូបរាង​បែបណា នៅពេល​ដែល​វា​ត្រូវ​បាន​បញ្ចេញ​។​

​រូប​សិល្បៈ​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​លោក ដេ​វ៉ាន់ហ្គា បូរ៉ា (Devanga Borah)​ជា​វិស្វករ​មេកានិច​នៅ​សាកលវិទ្យាល័យ​ថេ​ស​ពួរ (Tezpur) ក្នុង​ប្រទេស​ឥណ្ឌា ដែល​ជំនាញ​ខាង​រថយន្ត​ស្វ័យប្រវត្តិ​និង​អគ្គិសនី​ពេញលេញ​។​

​ដូច​ជា​អ្វីមួយ​ចេញពី​ខ្សែភាពយន្ត​វិទ្យាសាស្ត្រ Dystopian រូបភាព​គំរូ​នេះ​ពណ៌នា​អំពី​រថយន្ត​ពណ៌​ស​ដ៏​ចម្លែក​មួយ​ដែល​មាន​រាង​ស្វ៊ែរ អាច​បើកបរ​ជុំវិញខ្លួន​វា ៣៦០ ដឺ​ក្រេលើ​កង់​បួន​។​

​រថយន្ត​នេះ​មាន​ច្រកចូល​រាង​ជា​រង្វង់​ដែល​បើក​ចេញ​ជា​កៅអី​សាឡ​ន​មួយគូ ស្រដៀង​កាប៊ីន​យន្ដហោះ ដែល​មាន​កៅអី​ពីរ​។​

​រំលឹក​ពី​កុំព្យូទ័រ eMac របស់​ក្រុមហ៊ុន Apple ពី​ឆ្នាំ​២០០២ រថយន្ត​នេះ​ត្រូវ​បាន​លាប​ពណ៌​ស​រលោង​និង​មាន​ស្លាក​សញ្ញា Apple នៅ​ចន្លោះ​កង់​ខាងមុខ​និង​ខាងក្រោយ​។​

​រូបភាព​របស់​លោកបូ​រ៉ា ដែល​បង្ហោះ​លើ​ទំព័រ Instagram របស់​គាត់​គ្រាន់តែ​ជា​ការបកស្រាយ​អំពី​រថយន្ត​ដែល​នឹង​មកដល់​នាពេល​អនាគត​របស់ Apple ប៉ុណ្ណោះ ដែល​ស្ថិត​ក្នុង​ការអភិវឌ្ឍ​ប្រហែល ៨ ឆ្នាំ​មកហើយ​។​

​គម្រោង​របស់ Apple ដែល​មានឈ្មោះ Project Titan មាន​អ្នកដឹង​តិចតួច​ណាស់ ទោះបីជា​របាយការណ៍​មុនៗ​បាន​លើកឡើង​ថា រថយន្ត Apple អាច​វាយលុក​ទីផ្សារ​នៅ​ឆ្នាំ ២០២៤ ក៏ដោយ​៕

រថយន្ត Apple អនាគត​អាច​បើក​បរបាន​៣៦០​ដឺ​ក្រេ​?