ដោយៈ​សុផល​/​ភ្នំពេញៈ​រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ជំនួយ​ជា​ថវិកា​សរុប ៧២៨.៥០១ ដុល្លារ​អាមេរិក ដល់​អង្គភាព​ទទួល​ជំនួយ​ចំនួន​៣ ក្រោម​គម្រោងការណ៍​ជំនួយឥតសំណង​ដើម្បី​ជួយ​ទ្រទ្រង់​វិស័យ​សុខាភិបាល និង​វិស័យ​អប់រំ​នៅ​កម្ពុជា​។​

​ការចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្ដល់ជំនួយ​នេះ​បាន​ត្រូវធ្វើឡើង​ដោយ លោក មិ​កា​មិ ម៉ាសា​ហ៉ី​រ៉ូ ឯកអគ្គរាជទូត​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា និង​អ្នកតំណាង​អង្គភាព​ទទួល​ជំនួយ​ទាំង​៣​នា​ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។​

​លោក មិ​កា​មិ ម៉ាសា​ហ៉ី​រ៉ូ បាន​មានប្រសាសន៍​ឱ្យដឹងថាៈ​គម្រោង ទាំងបី​នេះ​មាន គម្រោង​សម្រាប់​ស​ល្យ​សាស្ត្រ​កុមារ ប្រចាំខេត្ត​ក្រចេះ (​ឆ្នាំ​ទី​៣) ដោយ​ថវិកា​ជំនួយ មាន​ចំនួន​១២៥.០១២​ដុល្លារ​អាមេរិក ហើយ​អង្គភាព​ទទួល​ជំនួយ ជា អង្គការ​មូលនិធិ​សម្រាប់​ការអភិវឌ្ឍន៍ និង​ជំនួយ​សង្គ្រោះ​អន្តរជាតិ (FIDE)​។ បន្ទាប់​ម គឺ​គម្រោង​ពង្រឹង​ការថែទាំ​សុខភាព​សហគមន៍ និង​បណ្តាញ​គាំទ្រ​សម្រាប់​កុមារ ក្នុង​ខេត្តកំពង់ចាម (​ឆ្នាំ​ទី​៣)​ជាមួយ​ថវិកា​ចំនួន ២០០.៩០៦​ដុល្លារ​អាមេរិក ដោយ​អង្គការ​មូលនិធិ​ជប៉ុន (PHJ)​។ និង​ចុងក្រោយ​គឺ​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បរិស្ថាន​សិក្សា តាមរយៈ​ការសាងសង់​អគារសិក្សា​នៅ​សាលាបឋមសិក្សា ក្នុង​ខេត្តបាត់ដំបង មាន​ទំហំ​ចំនួន ៤០២.៥៨៣​ដុល្លារ​អាមេរិក​ដោយ អង្គការ​សន្តិ​ស្ម័គ្រចិត្ត (SVA)​។​

​គូរ​រម្លឹក​ផងដែរ​ថាៈ​កម្មវិធី​ជំនួយឥតសំណង​សម្រាប់​គម្រោង​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន បានចាប់ផ្តើម​នៅ​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​២០០២ ដើម្បី​គាំទ្រ​ដល់​សកម្មភាព​របស់​អង្គការ ក្រៅ​រដ្ឋាភិបាល​ជប៉ុន ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ជួយ​ដល់​ការអភិវឌ្ឍ និង​ស្ថាបនា​ប្រទេស​កម្ពុជា​ឡើងវិញ​នៅតាម​កម្រិត​មូលដ្ឋាន និង​បានផ្តល់​ថវិកា​ជាង ៤៥​លាន​ដុល្លារ​អាមេរិក ដល់​គម្រោង​ចំនួន​១៣៨ ដែល​ផ្តោត​សំខាន់​ទៅលើ​វិស័យ​អប់រំ​នៅ​កម្រិត​មូលដ្ឋាន វិស័យ​សុខាភិបាល វិស័យ​កសិកម្ម និង​សកម្មភាព​បោសសម្អាត​មីន​ក្នុងប្រទេស​កម្ពុជា​៕​