ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​កាលពី​ថ្ងៃទី​១០​ខែមករា​ឆ្នាំ​២០២២​បានប្រកាស​ជូនដំណឹង​ដល់​អ្នកនេសាទ​ទាំងអស់ ក្នុង​ខេត្ត​តំបន់ឆ្នេរ​រួមមាន​ខេត្ត​ព្រះសីហនុ កោះកុង កំពត​និង​ខេត្ត​កែប​ស្តីពី​ការផ្អាក​បណ្តោះអាសន្ន​ការធ្វើ​នេសាទ ត្រី​កា​ម៉ុង​(​ប្លាធូ​)​នា​រដូវ​ពង​កូន​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៥​ខែមករា​រហូត​ថ្ងៃទី​៣១​ខែមីនា​ឆ្នាំ​២០២២​ជា​កំហិត​។​

ត្រីកាម៉ុង ឬត្រីប្លាធូ(រូបថតឯកសារ)

​ក្នុង​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក ពុំ សុថា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​បាន​បញ្ជាក់ថា​ចាប់ពី​ថ្ងៃទី​១៥​ខែមករា​រហូត​ថ្ងៃទី​៣១​ខែមីនា​ឆ្នាំ​២០២២​គឺជា​អំឡុង​ពេលដែល​ត្រី​កា​ម៉ុង​(​ប្លាធូ​)​បន្ត​ពូជ​និង​ពង​កូន​ដូច្នេះ ដើម្បី​រួមចំណែក​ថែរក្សា​និង​ការពារ​ធនធាន​ជលផល​សមុទ្រ​ឲ្យ​បាន​គង់វង្ស​ទៅ​ថ្ងៃ​អនាគត​អ្នកនេសាទ​ទាំងអស់​ក្នុង ដែនសមុទ្រ​ខេត្ត​តំបន់ឆ្នេរ​ទាំង​បួន​មិនអាច​នេសាទ​ត្រី​ប្រភេទ​នេះ​បានឡើយ​។​ដោយឡែក​ដែន​ជម្រក​សុវត្ថិភាព​ត្រី​កា​ម៉ុង​នៅ​តំបន់​ពាម​ក្រសោប​ខេត្តកោះកុង​ត្រូវ​ផ្អាក​ការនេសាទ​ចាប់ពី​ថ្ងៃទី​០១​ខែធ្នូ​ដល់​ថ្ងៃទី​៣១​ខែមីនា​។​តំបន់​ពាម​ក្រសោប​ត្រូវបាន​ប្រកាស​ជា​តំបន់​គ្រប់គ្រង​ដែន​ជម្រក​សុវត្ថិភាព​ត្រី​កា​ម៉ុង ដោយ​ប្រកា​សលេខ​៤០០​ប្រក​.​កសក ចុះ​ថ្ងៃទី​១៦​ខែកញ្ញា​ឆ្នាំ​២០១៩​។​

​សេចក្តីជូនដំណឹង​បញ្ជាក់ថា រដ្ឋបាល​ជលផល​សង្ឃឹម​ថា បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រក​បរបរ​នេសាទ​ត្រី​កា​ម៉ុង​ទាំងអស់​នឹងចូលរួម​អនុវត្ត តាម​សេចក្តីជូនដំណឹង​នេះ ដើម្បី​រួមចំណែក​ថែរក្សា​និង​ការពារ​ធនធាន​ជលផល​សមុទ្រ​ឲ្យ​បាន​គង់វង្ស​ទៅ​អនាគត​។​

​លោក នេន ចំរើន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២០​ខែមករា​នេះ​ថា​ការផ្អាក​នេសាទ ត្រី​កា​ម៉ុង​នៅក្នុង​រដូវ​ត្រី​នេះ​ពង​កូន ចំពោះតែ​ការនេសាទ​ធ្វើ​អាជីវកម្ម មិន​ប៉ះពាល់​ដល់​ការនេសាទ​ជា​លក្ខណៈ​គ្រួសារ​ទេ ។ ឯ​តំបន់​ពាម​ក្រសោប​ដែល​ត្រូវបាន​ហាមឃាត់​ដាច់ខាត វា​ជា​ជម្រក​និង​ចំ ណី​របស់​ត្រី​កា​ម៉ុង​ក្នុង​រដូវ​ពង​កូន​៕​សរន​

ត្រីកាម៉ុង ឬត្រីប្លាធូ(រូបថតឯកសារ)