ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ គណៈកម្មការ​វាយតម្លៃ អង្គភាព​ផ្តល់​សេវា សាធារណៈ​ថ្នាក់ជាតិ តាមរយៈ​ទីចាត់ការ​ធនធានមនុស្ស នៃ​សាលាខេត្ត​បន្ទាយ មានជ័យ កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២២ នា​សាលាខេត្ត បានធ្វើ​ពិធី ប្រគល់​និង ទទួល​សៀវភៅ ករណី​សិក្សា ស្តីពី​ការគ្រប់គ្រង និង​ផ្តល់​សេវា​សា ធារ​ណៈ របស់​ជ័យលាភី​លេខ​១ អង្គភាព​ផ្តល់​សេវាសាធារណៈ​គំរូ​ក្នុង​វិស័យ អប់រំ និង​សុខាភិបាល ឆ្នាំ​២០១៩ និង​សៀវភៅ ករណី​សិក្សា ស្តីពី​មគ្គុទេសក៍ កំណែទម្រង់​គុណានុភាព នៃ​សាលាបឋមសិក្សា​វត្ត​បូព៌ ជូន​អង្គភាព​នានា ក្នុង​ខេត្តបន្ទាយមានជ័យ ។​

​លោក អោម ចន្ថា អភិបាល​ស្តីទី​ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​នោះ ។ ឯ​លោក នៅ ចំរើន ប្រធាន​មន្ទីរ​មុខងារសាធារណៈ ខេត្ត​បន្ទាយ មានជ័យ ប្រធាន / អនុប្រធាន ឬ​តំណាង​សាលាខេត្ត មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត មន្ទីរ​សុខាភិបាល មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មន្ទីរ​បរិស្ថាន សាលាក្រុង ស្រុក ការិយាល័យ​អប់រំ យុវជន និង​កីឡា​, ការិយាល័យ​សុខា ភិ​បាល ស្រុក​ប្រតិបត្តិ នៃ​ក្រុង ស្រុក វិទ្យាល័យ​ទូទាំង​ខេត្ត មន្ទីរពេទ្យបង្អែក​ផ្តល់ សេវា សំណុំ​សកម្មភាព​បង្គ្រប់​កម្រិត​១ កម្រិត​២ និង​កម្រិត​៣ (CPA1. CPA2. CPA3) សាលាបឋមសិក្សា​ទូទាំង​ខេត្ត ។​

​លោក វ៉ន វណ្ណា នាយក​ទីចាត់ការ​ធនធានមនុស្ស សាលាខេត្ត​បន្ទាយមានជ័យ និង​លោក នៅ ចំរើន ប្រធាន​មន្ទីរ​មុខងារសាធារណៈ​ខេត្ត បានអោយដឹងថាៈ ក្នុងចំណោម​សៀវភៅ ករណី​សិក្សា ស្តីពី​ការគ្រប់គ្រង និង​ផ្តល់​សេវាសាធារណៈ របស់​ជ័យលាភី​លេខ​១​នោះ រួមមានៈ​
១. សៀវភៅ​ករណី​សិក្សា ស្តីពី​ការគ្រប់គ្រង និង​ការផ្តល់​សេវាសាធារណៈ របស់​វិទ្យាល័យ ពេជ្រ​ចិន្តា ខេត្តបាត់ដំបង ចំនួន ១១៧ ក្បាល ។​
២.​សៀវភៅ​ករណី​សិក្សា ស្តីពី​ការ​គ្រង់​គ្រង និង​ផ្តល់​សេវាសាធារណៈ របស់​មន្ទីរពេទ្យ ខេត្តកំពង់ចាម ចំនួន ៦៩ ក្បាល ។​
៣.​សៀវភៅ​ករណី​សិក្សា ស្តីពី​ការ​គ្រង់​គ្រង និង​ផ្តល់​សេវាសាធារណៈ របស់​មន្ទីរពេទ្យ ខេត្តកោះកុង ចំនួន ៦៩ ក្បាល​។​
៤.​សៀវភៅ​ករណី​សិក្សា​ស្តីពី​ការ​គ្រង់​គ្រង និង​ផ្តល់​សេវាសាធារណៈ របស់​មន្ទីរពេទ្យបង្អែក បាកាន ខេត្តពោធិសាត់ ចំនួន ៦៩ ក្បាល និង​
៥.​សៀវភៅ​ករណី​សិក្សា ស្តីពី​ការ​គ្រង់​គ្រង និង​ផ្តល់​សេវាសាធារណៈ របស់​សាលា​បឋម សិក្សា វត្ត​បូព៌ ខេត្តសៀមរាប ចំនួន ៤៤៨ ក្បាល ។ សរុប ៧៧២ ក្បាល ។​

​លោក អោម ចន្ថា អភិបាល​ស្តីទី ខេត្តបន្ទាយមានជ័យ បាន​មានប្រសាសន៍ថាៈ អត្ថរូប អត្ថន័យ អត្ថរស នៃ​ស្នាដៃ​ចងក្រង​សៀវភៅ ទាំងនោះ បាន​ស្រង់​យក វិភាគ វាយតម្លៃ និង​ផ្តល់​អនុសាសន៍ យ៉ាង​ល្អ ពី​ថ្វីដៃ នៃ​ការខិតខំ​ប្រឹងប្រែង របស់​បុគ្គល និង​អង្គភាព ដែល ជា​ជ័យលាភី​លេខ​១ អង្គភាព​ផ្តល់​សេវា សាធារណៈ​គំរូ ក្នុង​វិស័យ​អប់រំ និង​សុខាភិបាល ឆ្នាំ​២០១៩ និង​សៀវភៅ​ករណី សិក្សា ស្តីពី​មគ្គុទេសក៍​កំណែទម្រង់ គុណានុភាព នៃ​សាលាបឋមសិក្សា វត្ត​បូព៌ ។​

​លោក​បាន​បន្តថាៈ ហេតុនេះ ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​អង្គភាព​នានា ដែល​ទទួល បាន​សៀវភៅ នេះ សូម​អាន និង​ដកស្រង់ ដោយ​យកចិត្តទុកដាក់​បំផុត​ហើយ​ប្រែ ក្លាយ​គំរូ និង​បទពិសោធន៍​នោះ មកជា​ការអនុវត្ត​ជាក់ស្តែង អោយបាន​ល្អ ដូចគ្នា​នោះដែរ ស្របតាម​គោលនយោបាយ និង​ការខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​ប្តេជ្ញា​ផ្តល់​សេវាសាធារណៈ អោយ​ល្អ រហ័ស រលូន តម្លាភាព​គ្មាន​សេវា ក្រៅ​ដល់​ពលរដ្ឋ​៕/V​-PC