ដោយៈ សុវណ្ណ​កុម្ភៈ / ភ្នំពេញៈ រាជធានី ខេត្ត ចំនួន​៥ ត្រូវបាន​គណៈកម្មាធិកា​រ ជាតិ រៀបចំ​ស៊ី​ហ្គេម ឆ្នាំ​២០២៣(CAMSOC) ធ្វើការ​កំណត់​ជាគោលការណ៍ សម្រាប់​រៀបចំ​ការប្រកួត កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ជា​លើកដំបូង ។​

​ទីតាំង​ដែល​ត្រូវ​សម្រាំង​ក្នុង​បញ្ជី​ជា​ផ្លូវការ​នោះ រាជធានី ខេត្ត ទាំង​៥​នោះ រួមមាន រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ខេត្ត​កែប និង ខេត្តកំពត ។​

​តាម​ការរំពឹងទុក រាជធានី​ភ្នំពេញ នឹង​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា ជាច្រើន​ប្រភេទ ចំពោះ ខេត្តសៀមរាប នឹង​រៀបចំ​ការប្រកួត​កីឡា ប្រណាំង​កង់​។ ខេត្ត​ព្រះសីហនុ នឹង​ជា​កន្លែង ប្រកួត​កីឡា​ជិះ​ស្គី កីឡា​ម៉ូតូ​ទឹក និង​ទូកក្តោង​។ ខេត្ត​កែប នឹង​ធ្វើជា ម្ចាស់ផ្ទះ​កីឡា​ទ្រី​យ៉ា​ត្លុង ហើយ​ខេត្តកំពត​នឹង​រៀបចំ​ការប្រកួត កីឡា​ទូក​កា​នូ ទូក​កា​យ៉ាក់ និង​ទូក​ប្រពៃណី ។​

​ទោះបី​ប្រភេទ​កីឡា ដែល​ត្រូវដាក់​ឲ្យ​ប្រកួត នៅ​មិនទាន់​បង្ហាញ​ជា​ផ្លូវការ ក៏ពិតមែន តែ​យ៉ាង ហោចណាស់ ក៏មាន​កីឡា​ចំនួន​ប្រមាណ ៤០ ប្រភេទ​ដែរ ដែល​នឹង​ត្រូវដាក់​ឲ្យ​ប្រកួត​។​

​សម្រាប់​ពាក់កណ្ដាល ឆ្នាំ​២០២២​នេះ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កម្ពុជា​គ្រោង​នឹង​បញ្ជូន កីឡា ចំនួន ៣២ ប្រភេទ ទៅ​ចូលរួម ប្រកួត​។ ឆ្នាំ​២០២២​នេះ គឺជា​ឆ្នាំ​ដ៏​ក្ដៅគគុក ដែល​កម្ពុជា ធ្វើការ​ត្រួតពិនិត្យ​លើ​គុណ​ផល កីឡាករ កីឡាការិនី​របស់ខ្លួន​ដោយ​ធ្វើការ ប្រៀបធៀប ជាមួយ​បណ្ដា​ប្រទេស ចំនួន ១០ ទៀត នៅក្នុង​តំបន់ ។​

​កាល​ស៊ី​ហ្គេម​លើក​ទី​៣០ ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន កម្ពុជា​ទទួលបាន មេដាយ​សរុប​ចំនួន ៤៦ ដែល​ក្នុងនោះ មាន​មេដាយមាស​ចំនួន ៤ គ្រឿង មេដាយប្រាក់ ចំនួន ៦ គ្រឿង និង​មេដាយសំរិទ្ធ​ចំនួន ៣៦ គ្រឿង​។ សម្រាប់​ស៊ី ហ្គេម​លើក​ទី​៣១ កម្ពុជា បានដាក់​នូវ​ក្ដី​រំពឹងថា នឹង​ប្រជែង​យក​មេដាយ ឲ្យ​បាន ច្រើនជាង​នេះ​។ ដោយឡែក បាវចនា​សម្រាប់​ស៊ី​ហ្គេម​លើក​ទី​៣២ គឺ​”​កីឡា​រស់ ក្នុង​សន្ដិភាព “(Sports Live In Peace) ៕/V​-PC