ដោយៈមុនីរ័ត្ន/ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបពិភាក្សាទ្វេភាគីជាមួយជា លោក ប៊ូយ ថាញ់សឺន រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅព្រឹកថ្ងៃទី២០ខែមករាឆ្នាំ២០២២នៅទីស្តីការក្រសួង ការបរទេសកម្ពុជា។
ខ្លឹមសារលំអិតពុំទាន់ត្រូវបានផ្សព្វផ្សាយនៅឡើយទេ។ប៉ុន្តែតាមប្រភពបឋមបានបញ្ជាក់ថានៅក្នុងជំនួបភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងតំបន់។
គួរបញ្ជាក់ថា តបតាមការអញ្ជើញរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជា ណាចក្រកម្ពុជា លោក ប៊ូយ ថាញ់សឺន រដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេលពីរថ្ងៃ ពីថ្ងៃទី ១៩-២០ ខែមករា ឆ្នាំ២០២២។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោក ប៊ូយ ថាញ់សឺន នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាចំពោះសម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសបានរំលឹកថា ឆ្នាំ២០២២ គឺជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥នៃការបង្កើតទំនាក់ទំនង ការទូត និងជា «ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ២០២២» ដំណើរទស្សនកិច្ចផ្លូវការរបស់លោក ប៊ូយ ថាញ់សឺន មកកាន់កម្ពុជា នឹងបន្តពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ដែលត្រូវបានកសាងឡើងដោយឈរលើស្មារតីមិត្តភាព ជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ ប្រជាជនទាំងពីរ៕សរន