ដោយៈ សុ​ផានី​តា / កោះកុងៈ អាជ្ញាធរ​ខេត្តកោះកុង មិនទាន់​សម្រេច​យ៉ាងណា នៅឡើយ ករណី​ស្នើសុំ​កាត់​ឆ្វៀល​ដីធ្លី ក្នុង​តំបន់​កំពង់​ភ្លូ ស្ថិតនៅ​ភូមិ​ចំនួន​២ ក្នុង​ឃុំ​តា​នូ​ន ស្រុក​បុ​ទម​សាគរ ទោះបី​ជាមាន​សំណើសុំ​ពី​ពលរដ្ឋ ២៨ គ្រួសារ​ក៏ដោយ​។​

​យោធា​តំណាង​ក្រុមការងារ រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន អាជ្ញាធរ​ខេត្តកោះកុង មន្ទីរជំនាញ និង​រដ្ឋបាល​ស្រុក​បូ​ទុម​សាគរ កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២២ បាន​ចុះ ពិនិត្យ​ស្ថានភាព​ទីតាំង​ដី តំបន់​អភិរក្ស​ការពារ​ធម្មជាតិ កំពង់​ភ្លូ​តប​នឹង​ការ ស្នើសុំ របស់​ពលរដ្ឋ ដែល​ដាក់សំណើ​ទៅ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ កន្លងទៅ​។​

​លោក សុខ សុ​ទ្ធី អភិបាលរង​ខេត្តកោះកុង បានឱ្យដឹងថាៈ​ទោះបីជា​មានការ ចុះ​ពិនិត្យ ជាក់ស្តែង ពី​ស្ថានភាព​នៅ​ទីនោះ ក៏ពិតមែន តែ​មិនទាន់​មានការ សម្រេច យ៉ាងណា​នៅឡើយ ទេ ពី​តំណាង​ក្រសួងបរិស្ថាន​ដែល​ដឹកនាំ​ដោយ លោក ស្រ៊ុន ដា​រិ​ទ្ធិ រដ្ឋលេខាធិការ​ក្រសួង ព្រោះ​ត្រូវធ្វើ​របាយការណ៍ វាយតម្លៃ​មួយ​ជាក់លាក់ ដាក់ជូន​រដ្ឋមន្ត្រី ពិនិត្យ និង​សម្រេច ឯកភាព​បន្ត​។​

​បើតាម​ការបញ្ជា​ក់រប​ស់លោក អភិបាលរង ខេត្តកោះកុង ឱ្យដឹងថាៈ​មាន​ពលរដ្ឋ ចំនួន ២៨ គ្រួសារ រស់នៅ​ភូមិ​ទួល​ពោធិ៍ និង​ភូមិ​បាក់​រនាស ឃុំ​តា​នូ​ន​បានស្នើ​សុំ ឱ្យមាន​ការ​កាត់​ឆ្វៀល ដី​ចេញពី​តំបន់ការពារធម្មជាតិ ក្រោម​ហេតុផល​ថា រស់នៅ​អាស្រ័យ​ផល​យូរ​ឆ្នាំ​មកហើយ​។​

​លោក ហ៊ុន ម៉ា​រ៉ា​ឌី ប្រធាន​មន្ទីរ​បរិស្ថាន ខេត្តកោះកុង​ពុំ​អាច​សុំ​ការពន្យល់​បន្ថែម បានទេ ជុំវិញ​ដំណើរ​ពិនិត្យ​ទីតាំង​ដី ក្នុង​តំបន់​ការពារ​កំពង់​ភ្លូ​នេះ​។​

​រីឯ​លោក សាង ស៊ី​ណេ​ត អភិបាលរង នៃ​គណៈ​អភិបាលស្រុក​បូ​ទុម​សាគរ បានលើកឡើង នៅ​ព្រឹក​ថ្ងៃទី​២០ ខែមករា នេះ​ថាៈ កន្លងទៅ ទីតាំង​ដី​តំបន់​កំពង់​ភ្លូ ធ្លាប់មាន​អនុវត្ត​ច្បាប់ តាម​អំណាចតុលាការ ជាច្រើនលើក មកហើយ​ដែរ ចំពោះ​ពលរដ្ឋ ចូល​រស់នៅ​គ្មាន ការអនុញ្ញាត​ណា ពី​អាជ្ញាធរ ឬ​មន្ត្រី​បរិស្ថាន​។ សម្រាប់​ការចុះពិនិត្យ​ស្ថានភាព​ជាក់ស្តែង កាលពី​ម្សិលមិញ​នេះ​គ្រាន់តែ​អម ដំណើរ ដឹកនាំ​ប៉ុណ្ណោះ​។​

​លោក សាង ស៊ី​ណេ​ត បាន​បន្ថែមថាៈ ដ្បិត​មាន​ពលរដ្ឋ​ចំនួន ២៨ គ្រួសារ ស្នើសុំ​កាត់​ឆ្វៀល ដី ប្រាកដ​មែន ប៉ុន្តែ​ទំហំ​ផ្ទៃ អាស្រ័យ​ជាក់ស្តែង​មិន​បង្ហាញ ច្បាស់លាស់​នោះទេ ដូច្នេះ ទាមទារ ឱ្យមាន​គោលការណ៍​វាស់វែង​ពិនិត្យ​លម្អិត ថែមទៀត​។​

​រដ្ឋបាល​ស្រុក​បូ​ទុម​សាគរ សហការ​ជាមួយ​មន្ត្រី​ឧទ្យាន​ជាតិ​បូ​ទុម​សាគរ និង​បុគ្គលិក​អង្គការ សម្ព័ន្ធមិត្ត​សត្វព្រៃ កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ ធ្លាប់​ប្រតិបត្តិ​ការបង្ក្រាប និង​រុះរើ​ខ្ទម អនាធិបតេយ្យ ចំនួន ១២ ខ្ទម​ក្រោល​ក្របី ចំនួន ៤ ដែល​បាន​លួច​ទន្ទ្រាន​សាងសង់ នៅក្នុង​តំបន់​ការពារ ធនធានធម្មជាតិ គ្មាន​ការអនុញ្ញាត​៕/V​-PC