ដោយៈស៊ា ថាំង/ភ្នំពេញ: ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឱ្យដឹងថាលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទួលជួប និងពិភាក្សាការងារជាមួយលោក Chris Humphrey នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (The EU-ASEAN Business Council “EU-ABC”) ដើម្បីពិភាក្សាលើការគាំទ្រដល់កម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២ ។
ក្នុងជំនួបពិភាក្សាកាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២២លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC) ដែលបានបំពេញតួនាទីយ៉ាងសកម្មក្នុងការសម្របសម្រួល និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជន នៃតំបន់អាស៊ាន និងអឺរ៉ុប ជាពិសេសការពាំនាំនូវសំណូមពរពីវិស័យឯកជន និងអនុសាសន៍សំខាន់ៗដើម្បីជាធាតុចូលសម្រាប់ការអនុវត្តគោលនយោបាយផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសំដៅធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគក្នុងតំបន់អាស៊ាន ។ សហភាពអឺរ៉ុប ជាដៃគូពាណិជ្ជកម្មធំទី ៣ របស់អាស៊ាន (បន្ទាប់ពីចិន និងអាម៉េរិក) ដោយគ្របដណ្តប់ប្រមាណ ១០,៦ភាគរយ នៃពាណិជ្ជកម្មសរុបរបស់អាស៊ាន និងជាប្រភពវិនិយោគទុនផ្ទាល់ពីបរទេស (FDI) ធំទី ៣ ជាមួយនឹងរំហូរ FDI សរុបចំនួន ៧,៦ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២០ ។
ចំណែកលោក Chris Humphrey នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរក្នុងការអនុវត្តវិធានការអន្តរាគមន៍ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិជំងឺកូវីដ១៩ជាពិសេសគឺការទប់ស្កាត់ផល-ប៉ះពាល់អវិជ្ជមានមកលើសកម្មភាពសេដ្ឋកិច្ចក្នុងរយៈពេលកន្លងមក ។
លោក Chris Humphrey ក៏បានគូសបញ្ជាក់អំពីការប្តេជ្ញារបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប ក្នុងការគាំទ្រ និងជ្រោមជ្រែងដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា តាមរយៈការចូលរួមកិច្ចពិភាក្សាក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន ក្រោមការរៀបចំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងអំឡុងចុងខែ មីនា ឆ្នាំ ២០២២ ព្រមទាំងការគាំទ្រសម្រាប់ការរៀបចំវេទិកាគោលនយោបាយ លើប្រធានបទពាក់ព័ន្ធនឹងហិរញ្ញវត្ថុប្រកបដោយចីរភាព ក្នុងអំឡុងពេលកម្ពុជាជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាននេះផងដែរ ។
ពាក់ព័ន្ធនឹងការត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន,លោក ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប ផងដែរថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់នូវអាទិភាពចំនួនបីរួមមាន៖ ១. ការស្តារឡើងវិញ (Recovery), ២. ការកសាងភាពធន់ (Resiliency) និង ៣. ការរួបរួមគ្នា (Togetherness) សម្រាបកិច្ចសហប្រតិបត្តិ ការហិរញ្ញវត្ថុអាស៊ាន សំដៅគាំទ្រដល់មូលបទរួមរបស់អាស៊ាន ឆ្នាំ ២០២២ ស្តីពី “អាស៊ានរួមគ្នាធ្វើ-ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា (ASEAN A.C.T.: Addressing Challenges Together)” ។ ក្នុងន័យនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សង្ឃឹមថាការចូលរួមរបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC) ក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន នឹងបន្តជាមូលដ្ឋានសម្រាប់តំបន់អាស៊ាន ដើម្បីទាក់ទាញការវិនិយោគបរទេសបន្ថែមទៀត និងឆ្ពោះទៅរកការស្តារឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពរឹងមាំ ។
ជាមួយគ្នានេះភាគីទាំងពីរក៏បានពិភាក្សាលើរបៀបវារៈសំខាន់ៗផ្សេងទៀតដែលអាចពិភាក្សាសម្រាប់កិច្ចប្រជុំអាស៊ាន ដូចជា ការបន្តរៀបចំ ASEAN Taxonomy ស្តីពីហិរញ្ញវត្ថុប្រកបដោយចីរភាព ដើម្បីជាផែនទីបង្ហាញផ្លូវក្នុងការផ្តល់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ ដែលផ្តោតការគិតគូរខ្ពស់ទៅលើការកាត់ បន្ថយហានិភ័យពីការប្រែប្រួលអាកាសធាតុនិងការពង្រឹងគោលនយោបាយយកពន្ធលើទំនិញខុសច្បាប់ ជាដើម ៕សរន-PC