ប្រែសម្រួលៈបំណង/វែលលីងតុន(អេភី,ដេល្លីម៉េល)៖ ជើងយន្តហោះដំបូងដែលដឹកទឹកនិងជំនួយគ្រាអាសន្នដទៃទៀតទៅកាន់កោះតុងហ្កា(Tonga)នៅទីបំផុតអាចចេញដំណើរនៅថ្ងៃព្រហស្បតិ៍ទី២០មករា ក្រោយពីផ្លូវឡើងចុះនៅអាកាសយានដ្ឋានធំរបស់ប្រជាជាតិក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនេះត្រូវបានចូកកាយនិងសម្អាតផេះចេញ បន្ទាប់ពីការផ្ទុះភ្នំភ្លើងដ៏ខ្លាំងមួយកាលពីសប្តាហ៍មុនបណ្តាលអោយបាចផេះគ្របពេញទូទាំងកោះនេះ។
យន្តហោះដឹកជញ្ជូនធុនC-130 Herculesបានចាកចេញពីប្រទេសនូវែលសេឡង់ ដោយដឹកធុងទឹក ឃីតសំរាប់ជម្រកបណ្តោះអាសន្ន ម៉ាស៊ីនភ្លើង គ្រឿងផ្គត់ផ្គង់អនាម័យនិងគ្រឿងបរិក្ខាទូរគមនាគមន៍ នេះបើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ ណេណាយអឺ ម៉េហ៊ូថា( Nanaia Mahuta)។
អូស្ត្រាលីក៏កំពុងត្រៀមបញ្ជូនជំនួយមនុស្សធម៌ចំនួនពីរយន្តហោះC-17 Globemasterហើយយន្តហោះដឹកជំនួយទាំងអស់នឹងទៅដល់តុងហ្កានៅរសៀលថ្ងៃ២០មករា។
តុងហ្កាមិនមានការផ្ទុះកូវីដ១៩ទេ និងបានរកឃើញអ្នកឆ្លងម្នាក់គត់ចាប់តាំងពីពិភពលោកផ្ទុះជំងឺរាតត្បាតជាង២ឆ្នាំមកនេះ។ដូច្នេះការដឹកជញ្ជូននិងប្រគល់ជំនួយនេះនឹងត្រូវធ្វើឡើងដោយមិនមានការទាក់ទងជាមួយមន្ត្រីមូលដ្ឋានទេ ដោយសារតុងហ្កាមិនចង់អោយអ្នកក្រៅនាំកូវីដ១៩ចូល។
រដ្ឋមន្ត្រីការពារជាតិនូវែលសេឡង់បាននិយាយថា យន្តហោះត្រូវរំពឹងថានឹងនៅលើដីតុងហ្កា៩០នាទីមុនវិលមកកាន់នូវែលសេឡង់។
ដោយអះអាងថាមនុស្ស៣នាក់បានស្លាប់ របួសជាច្រើននាក់ ផ្ទះខូចខាតរាប់សិបនិងទឹកកខ្វក់អស់ ពួកមន្ត្រីផ្តល់ជំនួយមនុស្សធម៌បាននិយាយថា មនុស្សប្រមាណ៨៤.០០០នាក់ ស្មើនឹងជាង៨០ភាគរយនៃប្រជាពលរដ្ឋតុងហ្កា រងផលប៉ះពាល់ពីការផ្ទុះភ្នំភ្លើងកាលពីសប្តាហ៍មុន។
ការទាក់ទងជាមួយតុងហ្កានៅមានកំរិតក្រោយការផ្ទុះភ្នំភ្លើងនិងរលកស៊ូណាមីកាលពីថ្ងៃសៅរ៍ ដែលទំនងជាខ្សែកាប្លិ៍អុបទិចនៅបាតសមុទ្រដែលភ្ជាប់តុងហ្គាជាមួយផ្នែកផ្សេងទៀតនៃពិភពលោកត្រូវកាត់ផ្តាច់។នេះមានន័យថា ប្រជាជនភាគច្រើនមិនអាចប្រើអ៊ីនធឺណិតឬហៅទូរស័ព្ទចេញទៅក្រៅប្រទេសទេ ទោះជាយ៉ាងណាបណ្តាញទូរស័ព្ទក្នុងស្រុកនៅអាចដំណើរការបានខ្លះ។
នាវាល្បាតមួយនៃកងទ័ពជើងទឹកនូវែលសេឡង់ ក៏រំពឹងថានឹងទៅដល់តុងហ្កានៅល្ងាចថ្ងៃព្រហស្បតិ៍។វាដឹកឧបករណ៍អនាម័យ អ្នកមុជទឹក ព្រមទាំងឧទ្ធម្ភាគចក្រមួយទៅជួយការងារដឹកជញ្ជូនជំនួយ។នាវានូវែលសេឡង់មួយទៀត ដឹកទឹក២៥០.០០០លីត្រក៏កំពុងធ្វើទៅកាន់ប្រជាជាតិដែនកោះប៉ាស៊ីហ្វិកនេះផងដែរ។
សូមបញ្ជាក់ថា កោះតូចៗចំនួន៣របស់តុងហ្កាបានរងការខូចខាតធំដុំពីរលកស៊ូណាមីក្រោយការផ្ទុះភ្នំភ្លើងក្រោមសមុទ្រ ដោយផ្ទះទាំងអស់ទំនងជាត្រូវបំផ្លាញនៅលើកោះម៉ង់ហ្គោ(Mango)និងផ្ទះតែ២នៅសល់នៅលើកោះ ហ្វូណូយហ្វ៊ុយអា(Fonoifua )ហើយការខូចខាតខ្លាំងកើតមាននៅលើកោះណូមូកា(Nomuka)។ការជ្លៀសមនុស្សកំពុងប្រព្រឹត្តទៅនៅលើកោះទាំងបី។
យោងតាមជំរឿនរបស់តុងហ្កា កោះម៉ង់ហ្គោមានមនុស្សរស់នៅតែ៣៦នាក់ កោះហ្វូណូយហ្វ៊ុយអាមាន៦៩នាក់និង ២៣៤នាក់នៅលើកោះណូមូកា។ប្រជាជនតុងហ្កាភាគច្រើនរស់នៅលើកោះធំ តុងហ្កាតាពូ(Tongatapu)៕
យន្តហោះដឹកជញ្ជូនរបស់នូវែលសេឡង់ចេញដំណើរ ហើយរំពឹងថានឹងទៅដល់តុងហ្កានៅពេលរសៀលថ្ងៃព្រហស្បតិ៍
ទិដ្ឋភាពកោះតុងហ្កាក្រោយការផ្ទុះភ្នំភ្លើងនិងរលកស៊ូណាមី