ក្រុមហ៊ុន​ផលិត​ឡាន​ហោះ​គាំទ្រ​ដោយ​ស្ថាបនិក Google អនុញ្ញាតឱ្យ​អ្នកថ្មី​ថ្មោង​សាក​ធ្វើតេស្ត​ហោះហើរ​រថយន្ត​ចេះ​ហោះ​របស់ខ្លួន​

1813
ចែករម្លែក
  • 27
    Shares

​រថយន្ត​ចេះ​ហោះ​ដែល​គាំទ្រ​ដោយ​សហ​ស្ថាបនិក Google លោក ឡា​រី ផេ​ក បាន​ហោះហើរ​កាលពី​ថ្ងៃ​ពុធ​ទី​៦​មិថុនា ជាមួយ​រថយន្ត​គំរូ​មួយ​ត្រូវបាន​សាកល្បង​ហោះហើរ​ដោយ​ពួក​អតិថិជន​ផ្ទាល់​តែម្តង​។​

​ក្រុមហ៊ុន Kitty Hawk ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​លោក​ផេ​ក បានបង្ហាញ​ម៉ូ​ដែល​រថយន្ត​ចេះ​ហោះ “Flyer” ដែល​ក្រុមហ៊ុន​ពណ៌នា​ថា​ជា “​ជំហាន​ដំបូង​ដ៏​គួរឱ្យ​រំភើប​ដើម្បី​ចែករំលែក​នូវ​សេរីភាព​នៃ​ការហោះហើរ​”​។​

​ក្រុមហ៊ុន​នេះ​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំមុន​នៅឯ​ទីក្រុង​កំណើត​របស់ Google គឺ​ទីក្រុង Mountain View រដ្ឋ​កាលីហ្វ័រ​ញ៉ា ហើយ​បានធ្វើការ​សាកល្បង​គំរូ​ដើម​នៅក្នុង​ប្រទេស​នូ​វែ​ល​សេ​ឡង់​។​

​រូបភាព​និង​ព័ត៌មាន​លម្អិត​អាច​រកបាន​នៅលើ​វេ​ប​សាយ​ទើប​បើក​ថ្មី គឺ flyer.aero ហើយ​ទូរទស្សន៍ CNN បាន​បង្ហោះ​ព័ត៌មាន​អំពី​អ្នកយកព័ត៌មាន​ម្នាក់​កំពុង​ជិះ​ក្នុង​រថយន្ត​ចេះ​ហោះ Flyer នៅលើ​បឹង​មួយ នៅ​កន្លែង​សាកល្បង​ហោះហើរ​ក្បែរ​ទីក្រុង​ឡាស​វេ​ហ្គាស​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Kitty Hawk លោក សេ​បា​ស្ទា​ន ទ្រុ​ន ដែល​បាន​បង្កើត​បន្ទប់ពិសោធន៍ Google X បាន​ប្រាប់ CNN ថា ការបញ្ជា​បើកបរ Flyer គឺមាន​ភាពងាយស្រួល​ដូច​លេង​ហ្គេម​វីដេអូ “Minecraft” យ៉ាង​អ៊ីចឹង​។​

​មនុស្ស​ដែល​ចាប់អារម្មណ៍​ក្នុង​ការទិញ​រថយន្ត​ហោះ Flyer ត្រូវបាន​អញ្ជើញ​ឱ្យចូល​រួម​មក​វេ​ប​សាយ​ដើម្បី​ដាក់ពាក្យ​ស្នើ​ទិញ ប៉ុន្តែ​តម្លៃ​មិនត្រូវ​បានបញ្ជាក់​ឱ្យដឹង​ទេ​។​

​រថយន្ត Flyer ត្រូវបាន​បង្ហាញ​ដំបូង​កាលពី​ឆ្នាំមុន​។​

​យន្តហោះ​អេឡិចត្រូនិក​នេះ​មាន​ស្លាបចក្រ​តូចៗ ១០ នៅលើ​ស្លាប​របស់​វា ដោយ​ធ្វើឱ្យ​វា​មាន​សមត្ថភាព​ហោះហើរ​និង​ចុះចត​ត្រង់​ដូច​ឧទ្ធម្ភាគចក្រ​។​

​ក្រុមហ៊ុន Kitty Hawk បាន​និយាយថា ដោយមាន​ប្រវែង ១៥ ម៉ែត្រ វា​មាន​សំឡេង​លាន់​ដូចជា​ម៉ាស៊ីន​កាត់​ស្មៅ ហើយ​ខណៈពេល​ស្ថិតនៅ​ចម្ងាយ​ខ្ទង់ ៨០ ម៉ែត្រ វា​មាន​សំឡេង​ឮ​ដូច​ការសន្ទនា​គ្នា​យ៉ាង​អ៊ីចឹង​។​

​ការហោះហើរ​សាកល្បង​ដោយ​អ្នក​ថ្មីថ្មោង​គឺធ្វើឡើង​នៅលើ​ផ្ទៃ​ទឹក ក្នុង​ល្បឿន​អតិបរមា​ត្រឹម ៣២ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​កម្ពស់​មិន​លើសពី ៣ ម៉ែត្រ​៕ ដោយ៖ កញ្ញាដាលីស

រថយន្ត​ចេះ​ហោះ Flyer ត្រូវបាន​សាកល្បង​ហោះហើរ​ដោយ​អ្នកថ្មី​ថ្មោង​មិនដែល​បើក​យន្តហោះ នៅលើ​បឹង​មួយ​ក្បែរ​ទីក្រុង​ឡាស​វេ​ហ្គាស

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ