ដោយ: ភ្នំខៀវ / បាត់ដំបងៈ មនុស្សក្មេង ចាស់ចំនួន ប្រាំនាក់ រងរបួសធ្ងន់ធ្ងរ នៅពេលជួបហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធំ បុកជាមួយ រថយន្តធុនតូច ប៉ើងធ្លាក់ប្រឡាយទឹក នៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ លើកំណាត់ផ្លូវវាងក្រុង ត្រង់ចំណុចក្រុមទី១៣ ក្នុងភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
សមត្ថកិច្ច បានឲ្យដឹងថាៈ គ្រោះថ្នាក់នេះ ដំបូងឡើយគេឃើញរថយន្តដឹកគ្រឿង ចក្រ ធុនធ្ងន់ មួយគ្រឿង ម៉ាក ISUZU ពណ៌ ស គ្មានស្លាកលេខបានធ្វើដំណើរ ចេញពីចំណុចផ្លូវលំ ចំណែករថយន្តធុនតូច មួយគ្រឿងទៀត ម៉ាកតូយ៉ូតា កាមរី(ឆ្លាម) ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខ ភ្នំពេញ ២F-៩៨៦៦បើកបរលើ ផ្លូវជាតិ លុះដល់ចំណុចផ្លូវបំបែកប្រសព្វ រថយន្តធុនធំ បានបុកលើរថយន្តធុនតូច ពេញទំហឹង បណ្តាលប៉ើងធ្លាក់ចូលប្រឡាយទឹកតែម្តង។
ពលរដ្ឋនៅទីតាំងកើតហេតុ បានប្រាប់ថាៈ ភាគីខាងរថយន្តតូច ផ្ទុកមនុស្ស ក្មេងចាស់ ប្រុសស្រី ចំនួន ប្រាំនាក់ រងរបួសធ្ងន់ធ្ងរ មិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ។
នគរបាលស្រុកថ្មគោល បានលើកឡើងថាៈ ករណីនេះ កម្លាំងផ្នែកជំនាញ ស្រុក បានរៀបចំប្រគល់ ឱ្យនគរបាលការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ខេត្តបាត់ដំបង ហើយ ដើម្បីចាត់ចែង និងហៅភាគីពាក់ព័ន្ធឲ្យចូលខ្លួនដើម្បី ដោះស្រាយ៕/V-PC