ដោយៈ សុផល / ព្រះសីហនុៈ ទីក្រុង​ចំនួន​២១ នៃ​ប្រទេស​សមាជិក​អាស៊ាន បានទទួល ពាន់រង្វាន់​ជ័យលាភី ទីក្រុង​ទេសចរណ៍ ស្អាត​អាស៊ាន លើក​ទី​៣ ឆ្នាំ​២០២២-២០២៤ ក្នុងនោះ ក៏មាន​ទីក្រុង​ចំនួន ៣ របស់​ប្រទេស​កម្ពុជា ផងដែរ​។

​នាឱកាស​វេទិកា​ទេសចរណ៍​អាស៊ាន លើក​ទី​៤០ ឆ្នាំ​២០២២ (ATF 2022) រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ក៏បានផ្ដល់​កិត្តិយស ប្រគល់​ពានរង្វាន់ ជូន​អភិបាលខេត្ត អភិបាលក្រុង និង​តំណាង​ទីក្រុង​ជ័យលាភី ទាំង​២១ នោះ​ផងដែរ​។
​ការប្រគល់​ពានរង្វាន់​នេះ ត្រូវបាន​ធ្វើឡើង នា​ល្ងាច​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​ឆ្នេរ​សុខា ខេត្ត​ព្រះសីហនុ ជាទី​ដែល​រៀបចំ​វេទិកា​ទេសចរណ៍ អាស៊ាន ឆ្នាំ​២០២២​។​

​ទីក្រុង​ទាំង​២១ ដែល​ទទួលបាន​ជ័យលាភី ទីក្រុង​ទេសចរណ៍ ស្អាត​អាស៊ាន លើក​ទី​៣​នោះ រួមមានៈ​

* ប្រទេស​ព្រុយ​ណេ មាន​ទីក្រុង​ទូ​តុង (Tutong)​។​

* ប្រទេស​កម្ពុជា មាន​ទីក្រុង​បាត់ដំបង (Battambang) ទីក្រុង​ព្រះសីហនុ (Preah Sihanouvill) និង​ទីក្រុង​សៀមរាប (Siem Reap)​។ ជាមួយគ្នា​នោះ លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ និង​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប ក៏បាន​អញ្ជើញ​មក ទទួល​ពានរង្វាន់​ផ្ទាល់ ពី​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា ផងដែរ​។​

* ប្រទេស​ឡាវ មាន​ទីក្រុង​ហ្លួងព្រះបាង (Luang Prabang) ទីក្រុង​ប៉ាក​សេ (Pakse) និង​ទីក្រុង​វៀងជ័យ (Viengxay)​។​

* ប្រទេស​ម៉ាឡេស៊ី មាន​ទីក្រុង​ច​ច (George Town) កោះ​លង្កា​វី (Langkawi) និង​ទីក្រុង​ម័​រ (Muar)​។​

* ប្រទេស​មី​យ៉ាន់​ម៉ា មាន​ទីក្រុង​ម​ណ្ឌា​ល័យ (Mandalay) ទីក្រុង​ណៃ​ពិដោរ (Nay Pyitaw) និង​ទីក្រុង​មី​យិ​ក (Myeik)​។​

* ប្រទេស​ថៃ មាន​ទីក្រុង​ខន​កេ​ន (Khon Kaen) ទីក្រុង​ប៉ា​តា​យ៉ា (Pataya) និង​កោះ​ម៉ាក (Koh Mak)​។​

* ប្រទេស​វៀតណាម មាន​ទីក្រុង​ហា​ឡុង (Ha Long) ទីក្រុង​ដា​ឡា​ត់ (Da Lat) និង​ទីក្រុង​វ័ង​តាវ (Vung Tau)​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់​ថាៈ ការប្រគល់​រង្វាន់​នេះ ធ្វើឡើង ដើម្បី​ពង្រឹង​ភាព ទាក់ទាញ និង​បង្កើន​ភាព​ប្រកួតប្រជែង​របស់​ទីក្រុង​ទេសចរណ៍ អាស៊ាន ក៏ដូចជា ពង្រឹងគុណភាព ផលិតផល និង​សេវាកម្ម​ទេសចរណ៍ នៅតាម​បណ្តា​ទីក្រុង​របស់​អាស៊ាន ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍ អាស៊ាន ២០១៦-២០២៥ សំដៅ​ធ្វើឱ្យ​អាស៊ាន ក្លាយជា​គោលដៅ​ទេសចរណ៍ ប្រកបដោយ​គុណភាព និង​ភាព​ទាក់ទាញ​ផ្តល់​ភាពកក់ក្តៅ ដល់​ភ្ញៀវទេសចរ​។​

​លោក​បាន​បន្តថាៈ ការប្រកួតប្រជែង​នេះ ក៏បាន​ជំរុញ​ដល់​ការរៀបចំ​មជ្ឈដ្ឋាន រស់នៅ របស់​ប្រជាពលរដ្ឋ តាម​បណ្តា​ទីក្រុង នៅក្នុង​តំបន់​អាស៊ាន​ឱ្យ​កាន់តែ ប្រសើរឡើង ព្រមទាំង​ចូលរួម យ៉ាង​មាន​ប្រសិទ្ធភាព ដល់​ការអភិវឌ្ឍ​ទីក្រុង ប្រកបដោយ​និរន្តរភាព​។​

​គួរ​បញ្ជាក់ថា ស្តង់ដា​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ត្រូវបាន​ដឹកនាំ​រៀបចំ ដោយ​ក្រសួង ទេសចរណ៍​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ វាយតម្លៃ​ទីក្រុង​ស្អាត តាំងពី​ឆ្នាំ​២០១១ ដោយមាន​ការគាំទ្រ ពី​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​ហើយ​ស្តង់ដា នេះ ត្រូវបាន​អនុម័ត និង​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​កាលពី​វេទិកា​ទេសចរណ៍ អាស៊ាន ឆ្នាំ​២០១៥​។​

​យោងតាម​គណៈកម្មាធិកា​រ​ជាតិ វាយតម្លៃ​ទីក្រុង​ស្អាត និង​ក្រសួងទេសចរណ៍ កម្ពុជា បាននិងកំពុង​ជំរុញ​ចលនា​ប្រឡងប្រណាំង ទីក្រុង​ស្អាត​ទាំង​នៅ​កម្រិត ថ្នាក់ជាតិ និង កម្រិត​តំបន់​អាស៊ាន​សំដៅ​ចូលរួម​ដល់​ការជំរុញ​ការកសាង​ទីក្រុង ឆ្លាត​វៃ (Smart City) នៅក្នុង​តំបន់​អាស៊ាន​។ នេះ​បាន​ឆ្លុះបញ្ចាំង​ពី​តួនាទី និង​ការចូលរួម របស់​កម្ពុជា​ក្នុង​តំបន់ ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​៕/V​-PC