ដោយៈ សុផល / ភ្នំពេញៈ តបតាមការអញ្ជើញរបស់ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនោះ លោក ប៊ូយ ថាញ់សឺន រដ្ឋមន្ត្រីការបរទេសវៀតណាម បានអញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវការ នៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។
នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ លោក ប៊ូយ ថាញ់សឺន (Bui Thanh Son) រដ្ឋមន្ត្រីការបរទេស វៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារមួយចំនួន។
ក្រៅពីជួបសម្តែងការគួរសមនឹងសម្តេចតេជោហើយនោះ លោក ប៊ូយ ថាញ់សឺន នឹងអញ្ជើញចូលជួបសម្តែងការគួរសម ដោយឡែកជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នេះ។
ឆ្នាំ២០២២ គឺជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍ លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត និងជា «ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ២០២២» ដំណើរទស្សនកិច្ចផ្លូវការ របស់លោក ប៊ូយ ថាញ់សឺន មកកាន់កម្ពុជា នឹងបន្តពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគី ដែលត្រូវបានកសាងឡើង ដោយឈរលើស្មារតីមិត្តភាព ជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងវៀតណាម ដើម្បីផលប្រយោជន៍ ទៅវិញទៅមក សម្រាប់ប្រជាជនទាំងពីរ៕/V