ប្រែសម្រួល : កញ្ញាដាលីស (ស្ពុតនិក) ៖ វេបសាយ Politico បានរាយការណ៍កាលពីថ្ងៃពុធទី១៩មករាថា អេស្តូនី លីទុយអានី និងឡេតូនីកំពុងរង់ចាំការយល់ព្រមពីសហរដ្ឋអាម៉េរិកដើម្បីបញ្ជូនសព្វាអាវុធសាហាវៗដែលផលិតដោយអាម៉េរិកទៅកាន់អ៊ុយក្រែន ដើម្បីទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ី។
របាយការណ៍របស់វេបសាយនេះ ដែលដកស្រង់ប្រភពមន្ត្រីពីប្រទេសទាំងបីនិងមនុស្សដែលដឹងរឿងនេះ បាននិយាយថាប្រទេសនៅតំបន់បាល់ទិកទាំងបីបានត្រៀមខ្លួនរួចរាល់ដើម្បីផ្ទេរអាវុធដូចជាមីស៊ីលប្រឆាំងរថពាសដែកនិងមីស៊ីលបាញ់ពីដីទៅអាកាសទៅកាន់អ៊ុយក្រែន។
ព្រឹទ្ធសមាជិកលោក ជីម រីស (Jim Risch) ជាមន្ត្រីកំពូលនៃគណបក្សសាធារណរដ្ឋនៅគណៈកម្មាធិការទំនាក់ទំនងបរទេសរបស់ព្រឹទ្ធសភា បានប្រាប់ Politico ថា គាត់សង្ឃឹមថារដ្ឋបាលបៃដិននឹងយល់ព្រមភ្លាមៗនូវការផ្ទេរអាវុធទៅអ៊ុយក្រែន។
បទប្បញ្ញត្តិអាជ្ញាប័ណ្ណនាំចេញរបស់សហរដ្ឋអាម៉េរិកតម្រូវឱ្យប្រទេសតំបន់បាល់ទិកស្វែងរកការយល់ព្រមពីក្រសួងការបរទេសអាម៉េរិកជាមុនសិន មុននឹងផ្ទេរអាវុធទៅអ៊ុយក្រែន។
ប្រទេសតំបន់បាល់ទិកទាំងបីគឺជាសមាជិករបស់ណាតូ ហើយបានគាំទ្រក្នុងការជំរុញវត្តមានរបស់សម្ពន្ធមិត្តនៅក្នុងប្រទេសរបស់ពួកគេ។
របាយការណ៍បាននិយាយថា ក្រសួងការបរទេសអាម៉េរិកបានបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ ហើយសេតវិមានមិនបានឆ្លើយតបទៅនឹងសំណើសុំការបំភ្លឺនោះទេ។
បណ្តាប្រទេសលោកខាងលិចនិងរដ្ឋាភិបាលទីក្រុងគៀវនាពេលថ្មីៗនេះបានសម្តែងការព្រួយបារម្ភអំពី “សកម្មភាពឈ្លានពាន” របស់រុស្ស៊ីនៅជិតព្រំដែនជាមួយអ៊ុយក្រែន។ ទីក្រុងគៀវបានចោទទីក្រុងមូស្គូពីការបង្កើនកម្លាំងយោធានិងការត្រៀមខ្លួនសម្រាប់ការលុកលុយប្រទេសជិតខាង។ ទោះយ៉ាងណា រុស្ស៊ីបដិសេធការចោទប្រកាន់នេះ ហើយបញ្ជាក់ជាថ្មីថាខ្លួនមិនមានចេតនាវាយប្រហារប្រទេសណាមួយឡើយ។ ជាងនេះទៅទៀត ទីក្រុងមូស្គូចាត់ទុកការចោទប្រកាន់នេះថាជាលេសសម្រាប់ការដាក់ពង្រាយសម្ភារៈយោធារបស់ណាតូបន្ថែមទៀតនៅជិតព្រំដែនរុស្ស៊ី៕
ប្រទេសនៅតំបន់បាល់ទិកទាំងបីត្រៀមខ្លួនរួចរាល់ដើម្បីផ្ទេរអាវុធដូចជាមីស៊ីលប្រឆាំងរថពាសដែកនិងមីស៊ីលបាញ់ពីដីទៅអាកាសទៅកាន់អ៊ុយក្រែន