ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ អ៊ុយក្រែនបានអង្វរអាល្លឺម៉ង់សុំអាវុធដើម្បីរារាំងការវាយប្រហាររបស់រុស្ស៊ី ដោយបង្កើនសម្ពាធលើលោកអធិការបតី អូឡាហ្វ ស្កូល (Olaf Scholz) ដែលរហូតមកទល់ពេលនេះ មិនបានឆ្លើយតបអ្វីសោះចំពោះការអំពាវនាវឱ្យផ្តល់ជំនួយយោធា បើទោះបីជាមានការព្រមានថាលោកពូទីនហៀបនឹងចូលឈ្លានពានក៏ដោយ។
លោក អេនឌ្រី មែលនីក (Andriy Melnyk) ជាឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំទីក្រុងបែរឡាំង បាននិយាយកាលពីថ្ងៃពុធទី១៩មករាថាអ៊ុយក្រែនចង់ឱ្យនាវាចម្បាំងរបស់អាល្លឺម៉ង់ជួយការពារប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ីនៅលើឆ្នេរសមុទ្ររបស់ខ្លួននៅសមុទ្រខ្មៅ និងសមុទ្រអាហ្សូវ (Azov)និងប្រព័ន្ធប្រឆាំងយន្តហោះដើម្បីការពារការវាយប្រហារពីលើអាកាស។
ដំណឹងនេះកើតឡើងបន្ទាប់ពីលោកស្កូល ដែលគេចោទថាធ្វើឱ្យអឺរ៉ុបនិងការឆ្លើយតបរបស់អង្គការណាតូចំពោះរុស្ស៊ី “ចុះខ្សោយ” ជាមួយនឹងជំហរទន់ភ្លន់របស់គាត់កាលពីថ្ងៃអង្គារបានច្រានចោលគំនិតនៃការផ្គត់ផ្គង់សូម្បីតែអាវុធការពារជាតិដល់ទីក្រុងគៀវ ដោយលើកឡើងពីគោលនយោបាយដែលមានជាយូរយារណាស់មកហើយរបស់អាល្លឺម៉ង់។
រឿងដូច្នេះនៅតែកើតឡើង បើទោះបីជាប្រទេសផ្សេងទៀតបានបញ្ជូនជំនួយយោធាជាបន្តបន្ទាប់ក៏ដោយដោយចក្រភពអង់គ្លេសកាលពីថ្ងៃអង្គារបានផ្គត់ផ្គង់អ៊ុយក្រែនជាមួយនឹងមីស៊ីលប្រឆាំងរថក្រោះក្នុងការប៉ុនប៉ងដើម្បីរារាំងការឈ្លានពានរបស់រុស្ស៊ី។
លោកឯកអគ្គរដ្ឋទូតមែលនីកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ថា”រឿងចម្បងគឺថានាវាចម្បាំងអាល្លឺម៉ង់ស្ថិតក្នុងចំណោមនាវាល្អដាច់គេនៅក្នុងពិភពលោកដែលយើងត្រូវការជាបន្ទាន់សម្រាប់ការការពារដ៏រឹងមាំនៃឆ្នេរសមុទ្រដ៏វែងនៅសមុទ្រខ្មៅ និងសមុទ្រអាហ្សូវ”។
“ក៏មានតម្រូវការដ៏ធំដូចគ្នាដែរសម្រាប់ប្រព័ន្ធការពារដែនអាកាសទំនើបបំផុត ដែលបច្ចុប្បន្នកំពុងត្រូវបានផលិតដោយក្រុមហ៊ុនសព្វាវុធអាល្លឺម៉ង់”។
អាល្លឺម៉ង់យកលេសដោះសារចំពោះជំហរទន់ភ្លន់របស់ខ្លួនចំពោះរុស្ស៊ី ដោយអះអាងថាខ្លួនជំពាក់បំណុលប្រវត្តិសាស្ត្រចំពោះទីក្រុងមូស្គូដោយសារតែអំពើឃោរឃៅដែលប្រព្រឹត្តដោយពួកណាស៊ីប្រឆាំងនឹងសូវៀតក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។
រឿងនេះក៏ជាលេសចំពោះការហាមឃាត់ការនាំចេញអាវុធសាហាវៗផងដែរ។
ប៉ុន្តែការវែកញែកបែបនេះគឺមិនសមហេតុផលចំពោះទីក្រុងគៀវទេ ដែលចង្អុលបង្ហាញថាពួកណាស៊ីក៏បានកាន់កាប់ផ្នែកដ៏ធំនៃអឺរ៉ុបខាងកើតដែរ រួមទាំងអ៊ុយក្រែនក្នុងអំឡុងសង្គ្រាមលោកលើកទីពីរនិងបានប្រព្រឹត្តអំពើឃោរឃៅដ៏អាក្រក់បំផុតនៅទីនោះ។
លោកមែលនីកបានបន្ថែមថា “វាគួរឱ្យភ្ញាក់ផ្អើលណាស់ដែលនៅទីក្រុងបែរឡាំង សំណួរនៃទំនួលខុសត្រូវប្រវត្តិសាស្ត្រត្រូវបានប្រើជាទឡីករណ៍សម្រាប់ការបដិសេធជំនួយយោធា”។
“ទំនួលខុសត្រូវនេះគួរតែអនុវត្តចំពោះប្រជាជនអ៊ុយក្រែនដែលបានបាត់បង់ជីវិតយ៉ាងហោចណាស់ប្រាំបីលាននាក់ក្នុងអំឡុងពេលដែលពួកណាស៊ីអាល្លឺម៉ង់កាន់កាប់អ៊ុយក្រែន”៕
អ៊ុយក្រែនអង្វរអាល្លឺម៉ង់ឱ្យបញ្ជូននាវាចម្បាំងនិងខែលមីស៊ីលមកជួយទប់ទល់ការឈ្លានពានពីរុស្ស៊ី