ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញជំនឿថា ទំហំនៃពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជានិងវៀតណាមនឹងបន្តកើនឡើងថែមទៀត​លើស​ពី​១០ពាន់លានដុល្លារអាម៉េរិកនៅឆ្នាំខាងមុខ ។នេះបើតាមការបញ្ជាក់របស់លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិ ភូអមនាយករដ្ឋមន្រ្តី ។

 

លោក កៅ គឹមហួន បានមានប្រសាសន៍ឲ្យដឹងថានៅក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានិង លោករដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម Bui Thanh Son នាព្រឹកថ្ងៃទី ២០ខែមករានៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី  សម្តេចតេជោបានគូសបញ្ជាក់ថា សម្ដេចពិតជាមានជំនឿថាទំហំនៃពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងវៀតណាមនឹងបន្តកើនឡើងថែម ទៀតលើសពី ១០​ពាន់លានដុល្លារអាម៉េរិក។

សម្តេចតេជោបានបញ្ជាក់ថា ចំណងមិត្តភាពសាមគ្គីភាពរវាងប្រទេសកម្ពុជានិងវៀតណាមកាន់តែត្រូវបានពង្រឹងនិងពង្រីកកាន់ តែប្រសើរឡើងហើយការងារដែលសម្ដេចបានធ្វើជាមួយនឹងអតីតនាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន សួនហ្វុក (បច្ចុប្បន្ន ជាប្រធានរដ្ឋវៀតណាម) នេះគឺបានជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឈានដល់កម្រិតខ្ពស់ ហួសពីផែនការដែលបានគិតទុក។គឺមានរហូតដល់ជិត១០ ពាន់ លានដុល្លារ។ សម្តេចតេជោបន្តថានេះជាជោគជ័យមួយដែលភាគីទាំងពីរបានប្រឹងប្រែងដោយសារថា​ កម្ពុជាមានមូលដ្ឋាននៃការផលិតចំណែកវៀតណាមានមូលដ្ឋាន នៃការកែច្នៃ។ ដូចនេះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរសម្រេចបានលទ្ធផលល្អ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថា អ្វីដែលប្រជាជនកម្ពុជានិងប្រជាជនវៀតណាមទទួលបានផលប្រយោជន៍ទៅវិញទៅមកគឺដោយសារប្រទេស ទាំងពីមានព្រំដែនមួយប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការនិងមិត្តភាព។ដូច្នេះការដែលយើងបន្តថែរក្សាព្រំដែនមួយឲ្យមានសន្តិភាព កិច្ចសហប្រតិបត្តិការនិងមិត្តភាពនេះគឺជាកិច្ចការមួយដើម្បីឲ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចបន្តធ្វើពាណិជ្ជកម្មនិងធុរកិច្ចជាមួយគ្នាបានយ៉ាងល្អ ។

សម្ដេចតេជោតេក៏បានសម្តែងនូវការរីករាយដែលបានឃើញការចាប់ផ្ដើមហោះហើរផ្ទាល់រវាងកម្ពុជានិងវៀតណាមដែលសម្បូរទៅដោយប្រជា ជននៃប្រទេស ទាំងពីរក្នុងការធ្វើដំណើរទៅមក ។

សម្តេចតេជោក៏បានមានប្រសាសន៍ពាក់ព័ន្ធនឹងដំណើរការចូលរួមវេទិកាទេសចរណ៍អាស៊ានរបស់សម្ដេចដែលខិត ខំជំរុញធ្វើយ៉ាងណាឱ្យវិស័យទេសចរណ៍អាស៊ាននេះបើកដំណើរការឡើងវិញដើម្បីបន្តគាំទ្រដល់សេដ្ឋកិច្ចនៃបណ្ដាប្រទេសអាស៊ានក៏ដូចជាអាស៊ីផងដែរ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនេះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្តថាយើងត្រូវបន្តជំរុញកិច្ចសហប្រតិ បត្តិការលើវិស័យវិនិយោគទេសចរណ៍ ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរដើម្បីឲ្យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរកាន់តែមានការតភ្ជាប់ខ្លាំងថែមទៀត ។

ក្នុងជំនួបនេះដែរសម្តេចតេជោក៏បានលើកអំពីការតភ្ជាប់ផ្លូវដែករវាងកម្ពុជានិងវៀតណាមដែលនេះជាគំនិតមួយក្នុងការសិក្សាធ្វើយ៉ាងណាឱ្យការតភ្ជាប់លើវិស័យផ្លូវដែក។កន្លងមកយើងមានគម្រោងមួយនៅក្នុងក្របខណ្ឌផ្លូវដែកសិង្ហបុរី-គុនមីញដែលជាការតភ្ជាប់ ផ្លូវដែក ពីសិង្ហបុរីទៅទីក្រុងគុនមីញ ប្រទេសចិន។គម្រោងការនេះវាមានជាច្រើនឆ្នាំមកហើយប៉ុន្តែវាមិនទាន់ចេញជារូបរាងនៅឡើយទេ។ប៉ុន្តែនេះជាគំនិតថ្មីក្នុងការតភ្ជាប់ផ្លូវដែករវាងកម្ពុជានិងវៀតណាមក៏ដូចជាការតភ្ជាប់សេដ្ឋកិច្ចផងដែរ ។ពិសេសការតភ្ជាប់សេដ្ឋកិច្ចរវាងកម្ពុជានិង វៀតណាម តែម្ដង ។

លោក Bui Thanh Son រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមបានគូសបញ្ជាក់ថាឆ្នាំកន្លងទៅប្រទេសទាំងពីរកម្ពុជា-វៀតណាមមានកំណើនពាណិជ្ជកម្មកើន ឡើងយ៉ាងខ្ពស់រហូតដល់ជិត ១០ ពាន់លានដុល្លារ។នេះជាកំណើនមួយដ៏ធំបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ។ លោករដ្ឋមន្រ្តីការបរទេសបានស្នើសុំឲ្យប្រទេសទាំងពីរបន្ត ពង្រឹងការតភ្ជាប់សេដ្ឋកិច្ចដែលមានសារៈសំខាន់រវាងប្រទេសទាំងពីរហើយនឹងបន្តធ្វើការជាមួយគ្នាធ្វើយ៉ាងណាឲ្យឆ្នាំនេះកំណើ នសេដ្ឋកិច្ចមានការកើនឡើងថែមទៀត។

លោក Bui Thanh Son ក៏បានបញ្ជាកដែរថា លោកនឹងបន្តធ្វើការងារជាមួយកម្ពុជាជាពិសេសការពង្រឹងក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យពិសេសវិស័យកសិកម្ម,វិស័យឧស្សាហកម្ម,វិស័យសេវានិងវិស័យផ្សេងៗទៀតដូច ជាធនាគារ ហិរញ្ញវត្ថុ ជាដើម ។

លោកក៏បានលើកឡើងពាក់ព័ន្ធ នឹងការជំរុញពាណិជ្ជកម្មនៅតាមព្រំដែនបន្ថែមទៀតដើម្បីចូលរួមអភិវឌ្ឍព្រំដែននៃប្រទេសទាំងពីរប្រកបដោយចីរភាព។

លោករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានរជំរុញឱ្យបើកឡើងវិញនូវជើងយន្ត ហោះពាណិជ្ជកម្មដោយផ្ទាល់រវាងកម្ពុជានិងវៀតណាមដែលបានដំណើរទៅការទៅថ្មីៗនេះដែលបាន បង្កលក្ខណៈធ្វើដំណើរកាន់តែងាយស្រួលជាងមុន រវាងប្រទេសទាំងពីរនិងការអនុញ្ញាតឲ្យមានការទទួលស្គាល់ការចាក់វ៉ាក់សាំងរវាងប្រទេសទាំងពីរ ៕សរន