ដោយៈសុខុម/ក្រចេះៈចម្លាក់ឈើដែលកែច្នៃជាវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទសម្រាប់តុបតែងលម្អឬជាគ្រឿងសក្ការៈសម្រាប់គោរពបូជាក្នុងគេហដ្ឋានត្រូវបានដាក់តាំងលក់ជាច្រើននៅតំបន់ទេសចរណ៍អន្លង់ផ្សោតកាំពីខេត្តក្រចេះ។ផលិតផលដោយដៃនេះទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងអំពីភ្ញៀវជាតិនិងបរទេសដែលធ្វើដំណើរមកដល់ទីនេះ។ទោះជាភ្ញៀវខ្លះពុំបានទិញក៏ដោយក៏ពួកគេមិនភ្លេចនឹងឈរទស្សនាយ៉ាងជក់ចិត្តលើវត្តុអនុស្សាវរីយ៍ទាំងនេះដែរ។ប៉ុន្តែជារឿយៗអ្នកទេសចរតែងតែទិញនូវវត្ថុទាំងឡាយដែលទាក់ទងនឹងខេត្តក្រចេះ ឬ អន្លង់ផ្សោតដើម្បីទុកជាអនុស្សាវរីយ៍មិនដែលខាន។
ទៅស្តាប់អ្នកធ្វើ អ្នកលក់ចម្លាក់ឈើនៅអន្លង់ផ្សោតកាំពី រៀបរាប់ពីមុខរបរមួយនេះ(រូបថត សុខុម)
ពិតណាស់! មុខរបរចម្លាក់ឈើនេះមិនកើតឡើងដោយងាយស្រួលទេ ។ពីព្រោះវាការងារនេះត្រូវធ្វើដោយដៃសុទ្ធសាធបើទោះបី ជាបច្ចុប្បន្នមានគ្រឿងម៉ាស៊ីនជាជំនួយលើផ្នែកខ្លះក៏ដោយ។ផលិតផលមួយនេះកើតចេញពីការព្យាយាមតស៊ូដោយបង្ហូរញើសរបស់អ្នកនៅក្បែរតំបន់ទេសចរណ៍កាំពី។ ប៉ុន្តែវាក៏ជាប្រភពចំណូលមួយផងដែរសម្រាប់ផលិតករ ឬអ្នកលក់ដូរផលិតផល។
យើងសូមណែនាំអារម្មណ៍ប្រិយមិត្តបន្តិចអំពីរមណីយដ្ឋានធម្មជាតិមួយនេះ ។ មុននឹងទៅដល់រមណីយដ្ឋានទេសចរណ៍ផ្សោតកាំពីខេត្តក្រចេះ ដែលស្ថិតនៅក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី យើងអាចធ្វើដំណើរពីក្រុងក្រចេះតាមផ្លូវជាតិលេខ៧ចាស់ដែលនៅប្របតាមដងទន្លេមេគង្គដោយឆ្ពោះទៅកាន់ទិសខាងជើង។ការធ្វើដំណើរលើចម្ងាយប្រមាណ១៤គីឡូម៉ែត្រ យើងនឹងបានទៅដល់ទីនោះដែលស្ថិតនៅ ខាងឆ្វេងដៃ។អន្លង់ផ្សោតកាំពី ត្រូវបានមនុស្សគ្រប់គ្នាស្គាល់ថា មាននៅតែក្នុងខេត្តក្រចេះមួយប៉ុណ្ណោះ។
អ្នកទេសចរឬភ្ញៀវទាំងឡាយដែលធ្វើដំណើរទៅរមណីយដ្ឋានធម្មជាតិមួយនេះដំបូងពិតជាមានអារម្មណ៍ប្លែកជាមួយនឹងទិដ្ឋភាពទាំងឡាយនៅតាមដងផ្លូវ។អមសងខាងផ្លូវកៅស៊ូធំល្មមយើងអាចមើលឃើញភូមិឋានរបស់អ្នកស្រុកនៅជាប់រដឹកមិនដាច់។សំណង់ខ្លះធ្វើអំពីឈើដែលរក្សានូវទម្រង់បែបខ្មែរ ។សំណង់ខ្លះសង់អំពីបេតុងបែបទំនើបក្លាយឬសំណង់ខ្លះបែបស៊ីវិល័យតែម្តង។នៅតាមដងផ្លូវដដែលនេះក៏មាន សកម្មភាពលក់ដូរចម្រុះរបស់ប្រជាពលរដ្ឋនៅទីនោះផងដែរ។ប៉ុន្តែគេសង្កេតឃើញការលក់ក្រឡាន(បាយដំណើបចម្អិនដោយបំពង់ឫស្សីស្រស់មានលាយអំបិលនិងខ្ទិះដូងជាដើម) លក់ក្រូចថ្លុង ពោត ណែមត្រី។ល។និង។ល។ជាទូទៅទាក់ទងនឹងអ្វីដែលអាចទិញទទួលទាន បានភ្លាមៗ។
ទៅស្តាប់អ្នកធ្វើ អ្នកលក់ចម្លាក់ឈើនៅអន្លង់ផ្សោតកាំពី រៀបរាប់ពីមុខរបរមួយនេះ(រូបថត សុខុម)
យើងងាកទៅស្តាប់អ្នកផលិតវត្ថុអនុស្សាវរីយ៍សម្រាប់លក់ដូរនៅរមណីយដ្ឋាអន្លងផ្សោតកាំពីវិញម្តង។បុរសវ័យចំណាស់ម្នាក់អង្គុយក្រោមផ្ទះ ដែលក្នុងដៃកំពុងប្រើម៉ាស៊ីនខាត់ទៅលើដុំឈើ ដែលមានរាងជាកូនត្រីបានប្រាប់ឲ្យដឹងថា មុខរបរឆ្លាក់ឈើ គេធ្វើនៅពេលទំនេរ ពីការងារ ផ្សេងទៀត។ របរនេះដើម្បីបង្កើនប្រាក់ចំណូលដល់ក្រុមគ្រួសារ។
បុរសរូបនេះបាននិយាយទៀតថាការងារមួយនេះវាពិតជាលំបាកណាស់។វាតម្រូវឲ្យយើងទៅរកឈើដែលសេសសល់ឬទិញតពីគេយកមកឆ្លាក់ចេញជារូបចម្លាក់នានា មានដូចជា សត្វផ្សោត ត្រី កង្កែប ត្រប់ និង របស់ប្រើប្រាស់ផ្សេងទៀតរួមមាន គ្រឿងតុបតែង ជាច្រើនមុខដែលអាចធ្វើទៅបាន។
និយាយបណ្ដើរបន្តការងារបណ្តើរបុរសនេះរៀបរាប់អំពីវិធីមុនសម្រេចបានផលិតផលឈើអនុស្សាវរីយ៍។លោកប្រាប់ថា ដំបូងឡើយ គេត្រូវជ្រើសប្រភេទឈើសម្រាប់យកមកកែច្នៃ។ឈើខ្លះអាចកែច្នែបានមិនដូចគ្នាទេ។ដូចនេះការជ្រើសសម្រាំងប្រភេទឈើ គឺអ្នកផលិតត្រូវតែមានការយល់ដឹងឱ្យច្បាស់ជាមុនសិន។លោកបន្តថាពីមុនចម្លាក់ឈើត្រូវប្រើដោយដៃសុទ្ធសាធ។ការយកឈើមកដាប់ឆ្លាក់ដោយប្រើពន្លាក មិនងាយរួចរាល់នោះទេនិងត្រូវប្រើកម្លាំងច្រើន។បច្ចុប្បន្នមានភាពងាយបន្តិចដោយហេតុថា គេប្រើម៉ាស៊ីនម៉ូទ័រ ខ្នាតតូចជាជំនួយក្នុងកែច្នៃចម្លាក់ ទៅតាមចំណង់ចិត្ត ដែលយើងចង់បាន។ ការធ្វើបែបនេះងាយស្រួលជាងមុននិង ផលិតបានលឿនជាងមុន។ប៉ុន្តែអ្វីដែលជាបញ្ហា គឺទេពកោសល្យឬ សិល្បៈក្នុងការផលិតវត្ថុទាំងនេះទៅតាមក្បួនខ្នាត មានសោភណភាពទាក់ទាញឬអត់តែប៉ុណ្ណោះ។
ទៅស្តាប់អ្នកធ្វើ អ្នកលក់ចម្លាក់ឈើនៅអន្លង់ផ្សោតកាំពី រៀបរាប់ពីមុខរបរមួយនេះ(រូបថត សុខុម)
លោកបន្តថា មុខរបរនេះមិនបានប្រាក់ច្រើនទេ ប៉ុន្តែក៏អាចជួយបង្កើនប្រាក់ចំណូលខ្លះដែរ សម្រាប់ក្រុមគ្រួសារ។ ពីព្រោះថា តម្រូវការអ្នកលក់នៅតំបន់ទេសចរណ៍គេនៅបន្តការបញ្ជាទិញជាហូរហែ។ប៉ុន្តែរយៈពេលជាងមួយឆ្នាំងចុងក្រោយនេះ មុខរបរបន្ថែមមួយនេះបានថយចុះ រហូតធ្វើឱ្យអ្នកខ្លះបានបោះបង់ចោលទៅប្រកបរបរផ្សេងវិញ។
បុរសជាងឆ្លាក់ឈើបានបញ្ជាក់ថា ពីមុនមានអ្នកប្រកបមុខរបរនេះច្រើនណាស់ ប៉ុន្តែចាប់ពីជំងឺ កូវីដ១៩ រាតត្បាតមក គ្មានទេសចរមកកម្សាន្តមកទស្សនារមណីយដ្ឋានកាំពីឡើយ។ដូចនេះផលិតផលមិនអាចលក់ចេញបាន។អ្នកលក់បាត់ចំណូល។ចំណែកអ្នកធ្វើមិនមានអ្នកកុម្មង់ទិញ។ ហេតុនេះហើយ អ្នកខ្លះក៏បោះបង់មុខរបរនេះចោលដោយចាប់ការងារផ្សេង។
អ្នកស្រី ឈ្នាង ណាលីន អ្នកលក់ចម្លាក់ឈើនៅកាំពីបានប្រាប់រស្មីកម្ពុជាថា ចម្លាក់ឈើ តាំងលក់ទាំងអស់នេះនាងបានទទួលកុម្មង់មកពី អ្នកធ្វើនៅក្នុងភូមិក្បែរនោះ។ ប្រភពឈើទាំងនោះភាគច្រើនជាឈើប្រណិតដូចជា បេង នាងនួន និងឈើកម្រប្រភេទគ្រញូងរួមទាំងឈើ មួយចំនួនទៀតដែលសេសសល់។
ណាលីន រៀបរាប់អំពីស្ថានភាពលក់ដូរនៅរមណីយដ្ឋាននេះ។ អ្នកស្រីបញ្ជាក់ថា នៅក្នុងតំបន់ ទេសចរណ៍ផ្សោតកាំពី មុនផ្ទុះជំងឺកូវីដ១៩ខ្លាំងមានភ្ញៀវទេសចរជាច្រើនក្នុងមួយថ្ងៃបានមកកម្សាន្តនៅព្រែកកាំពី ។ ចំនួនភ្ញៀវច្រើនធ្វើឲ្យការលក់ ដូរក៏ដាច់តាមហ្នឹងដែរ។ ក៏ប៉ុន្តែពេលមានការរាតត្បាតជំង ដ៏កាចសាហាវនេះមិនមានភ្ញៀវច្រើនដូចពេលមុនឡើយ ធ្វើឱ្យការលក់ដូរស្ងាត់ឈឹង។
អ្នកស្រី ណាលីន បន្តថា បន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩បានធូរស្រាលវិញ ហើយប្រមុខរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញនោះ ភ្ញៀវទេសចរក៏បានចាប់ផ្ដើមមកកម្សាន្តនៅអន្លង់ផ្សោតកាំពីជាបណ្ដើរៗឡើងវិញបើទោះជាមិនទាន់មានចំនួនច្រើនដូចគ្រាមុនក៏ដោយ។ពេលនេះរមណីយដ្ឋានផ្សោតកាំពីហាក់មានជីវិតឡើងវិញ។របរលក់វត្ថុអនុស្សាវរីយ៍ក៏ហាក់ល្អជាងមុនដែរ។មានអ្នកទិញចម្លាក់ឈើជាបណ្ដើរៗ ធ្វើឱ្យនាងមានក្តីសង្ឃឹមឡើងវិញ ក្នុងការទទួលបានប្រាក់ចំណូលដល់ក្រុមគ្រួសារ។ ចំណែកអ្នកផលិតក៏នឹងមាការងារធ្វើច្រើននិងមានចំណូលដូចមុនដែរ៕សរន
ទៅស្តាប់អ្នកធ្វើ អ្នកលក់ចម្លាក់ឈើនៅអន្លង់ផ្សោតកាំពី រៀបរាប់ពីមុខរបរមួយនេះ(រូបថត សុខុម)