ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន បានប្រាប់ទៅរដ្ឋមន្រ្តីការបរទេសវៀតណាមថាកម្ពុជា សុំផ្តល់សណ្ឋា គារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលជាសណ្ឋាគារផ្កាយ៥នៅរាជធានីភ្នំពេញសម្រាប់ជាកន្លែងចរចាជំរុញ COC ។ នេះបើតាមការបញ្ជាក់របស់លោក កៅ គឹមហួន រដ្ឋ មន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ។

លោក កៅ គឹមហួន បានមានប្រសាសន៍ថា៖នៅក្នុងជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងលោករដ្ឋមន្ត្រី ក្រសួងការបរទេសវៀតណាម Bui Thanh Son នាព្រឹកថ្ងៃទី ២០ខែមករានៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានប្រាប់ទៅរដ្ឋ មន្រ្តីការបរទេសវៀតណាមថា៖ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងជាពិសេសការជំរុញស៊ីអូស៊ី សម្ដេចតេបានលើកឡើងថានៅក្នុងការពិភាក្សាជាមួយនឹងអគ្គលេ ខាធិការអាស៊ាននាពេលកន្លងទៅនេះ លោកអគ្គលេខាធិការអាស៊ានបានប្រាប់ឲ្យដឹងថាអគ្គលេខាធិការដ្ឋានអាស៊ាន នឹងផ្តល់មន្ទីររបស់អគ្គលេខាធិការដ្ឋានអាស៊ាន សម្រាប់ភាគីពាក់ព័ន្ធជួបប្រជុំគ្នាដើម្បីជំរុញឲ្យចេញនៅស៊ីអូស៊ី ។ជាមួយនេះសម្ដេចតេជោនាយករដ្ឋមន្រ្តីបានបន្តថា សម្ដេចបានផ្ដល់សណ្ឋាគារហាយ៉ាត់សម្រាប់កិច្ច ប្រជុំពាក់ព័ន្ធជាមួយនឹងបញ្ហាស៊ីអូស៊ីនេះផងដែរហើយដោយសារឆ្នាំនេះគឺជាខួបទី ២០ នៃ DOC ដូច្នេះយើងនឹងខិតខំជំរុញឲ្យចេញនៅស៊ីអូស៊ីនៅក្នុងឆ្នាំនេះផងដែរ ។

នៅក្នុងជំនួបនោះលោករដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម Bui Thanh Son បានលើកពីសារៈសំខាន់នៃសមុទ្រចិនខាងត្បូងថាដោយឆ្នាំនេះ២០២២ គឺជាខួប ២០ឆ្នាំនៃ DOC លោកបានជំរុញឲ្យមានការចរចាស៊ីអូស៊ីឲ្យទទួលបានជោគជ័យ ។ ដោយលោកបានគូសបញ្ជាក់ថាវៀតណាមពិតជាទទួលយកក៏ដូចជាអបអរសាទរ និងកោតសរសើរសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលសម្ដេចបានលើកឡើងកន្លងទៅនេះជុំវិញបញ្ហាអាស៊ាន ក៏ដូចជាបញ្ហាស៊ីអូស៊ី ។

សូមបញ្ជាក់ជូនថាបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូងនេះគឺជាបញ្ហាដ៏រសើបនិងជាជំងឺដ៏រ៉ាំរ៉ៃមួយដែលមិនទាន់អាចដោះស្រាយបាននៅឡើយទេគិតមកដល់ពេលនេះ ។ប្រទេសជាសមាជិកអាស៊ានដែលមានជម្លោះជាមួយចិននៅសមុទ្រចិនខាងត្បូងនេះតែងតែលើកយកបញ្ហានេះមកដាក់និងសង្កត់ឲ្យកម្ពុជាដោះស្រាយនៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានម្តងៗ។ប៉ុន្តែលើកនេះប្រមុខរដ្ឋាភិបាលកម្ពុជាបានចេញមកគូសបញ្ជាក់ជាមុនហើយថាប្រធានអាស៊ានមិនមែនជាចៅក្រមកាត់សេចក្តីឬចុះវាស់វែងដីចែកឲ្យគ្នានៅក្នុងតំបន់ជម្លោះនៅសមុទ្រចិនបាននោះឡើយ៕