ដោយៈ សុផល / ព្រះសីហនុៈ រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ទេសចរណ៍អាស៊ាន រួមនឹង អគ្គលេខាធិការអាស៊ាន នាល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បានរួមគ្នាប្រកាស បើកទេសចរណ៍អាស៊ាន ឡើងវិញ ចេញពីខេត្តព្រះសីហនុ។
ការប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញនេះ មានក្នុងចក្ខុវិស័យលើការ ស្តារ សេដ្ឋកិច្ច-សង្គម អាស៊ានឡើងវិញ ដោយឈរលើគោលការណ៍ ដូចតទៅៈ
១. ចាប់ផ្តើមបើកទេសចរណ៍ផ្ទៃក្នុងអាស៊ាន ធ្វើឲ្យចេញជារូបរាងនូវច្រកធ្វើ ដំណើរអាស៊ាន និងបង្កើតនូវកាតវ៉ាក់សាំង ឌីជីថល។
២. កំណត់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជាគន្លឹះក្នុងការសម្រេចបាននូវភាពសុំា សហគមន៍ ឆ្ពោះទៅការដំណើរការ ចង្វាក់ឧស្សាហកម្ម ទេសចរណ៍ឡើងវិញ។
៣. ជំរុញលើកទឹកចិត្តការរស់នៅ ក្នុងគន្លងប្រក្រតីភាពថ្មីស្របតាមវិធាន សុខាភិបាល និងស្តង់ដាប្រតិបត្តិ នៃប្រទេសសមាជិកនីមួយៗ។
៤. ធានាឲ្យបានថា សេវាកម្ម និងធុរកិច្ចទេសចរណ៍ ដំណើរការ ដោយអនុលោម តាមគោលការណ៍អាស៊ាន ស្តីពីអនាម័យ និងសុវត្ថិភាពសម្រាប់អ្នកជំនាញ ទេសចរណ៍ និងសហគមន៍។
៥. ជំរុញភាពជឿជាក់ និងទំនុកចិត្ត តាមរយៈការលើកទឹកចិត្ត ដល់ប្រតិបត្តិករ និងអ្នកផ្តល់សេវាកម្ម ទេសចរណ៍ទាំងអស់ ក្នុងតំបន់អាស៊ាន។
នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ ឡូហ្គោទេសចរណ៍ អាស៊ានថ្មី (New ASEAN Tourism Logo) និងតែមការធ្វើ ដំណើរ ប្រកបដោយសុវត្ថិភាពអាស៊ាន (ASEAN Safe Travel Stamp “Safe and Warm”) ដែលជាផ្នែកមួយ នៃផែនការស្តារ វិស័យទេសចរណ៍ឡើងវិញ៕/V-PC