ប្រែសម្រួល : កញ្ញាដាលីស (VNExpress) ៖ ប៉ូលិសក្រុងហាណូយកំពុងសាកសួរបុរសម្នាក់ បន្ទាប់ពីកូនស្រីអាយុ ៣ ឆ្នាំរបស់មិត្តស្រីគាត់ត្រូវបានរកឃើញជាមួយនឹងដែកគោល ៩ដើមកប់ជាប់នៅក្នុងលលាដ៍ក្បាលរបស់នាង។
នាយកដ្ឋានព្រហ្មទណ្ឌបានចាប់ផ្តើមស៊ើបអង្កេតបុរសឈ្មោះ ង្វៀន ទ្រុងហ្វៀន (Nguyen Trung Huyen) អាយុ ៣០ ឆ្នាំ បន្ទាប់ពីករណីនេះត្រូវបានប៉ូលិសសង្កាត់ប្រគល់ឱ្យហើយប៉ូលិសក៏បានកោះហៅម្តាយអាយុ ២៧ ឆ្នាំរបស់ក្មេងស្រីនេះផងដែរ។
កាលពីថ្ងៃចន្ទទី១៧មករា ក្មេងស្រីរងគ្រោះត្រូវបាននាំទៅកាន់មន្ទីរពេទ្យបង្អែកសង្កាត់ថាច់ថាតទាំងសន្លប់និងប្រកាច់។
លោក វឿង ទ្រុងគៀន (Vuong Trung Kien)ប្រធានមន្ទីរពេទ្យ បាននិយាយកាលពីថ្ងៃអង្គារថាក្មេងស្រីនេះត្រូវបានម្តាយនាំយកមកហើយកាំរស្មីអ៊ិចបានបង្ហាញឱ្យឃើញនូវវត្ថុស្រដៀងនឹងដែកគោលជាច្រើនដើមដោតចូលទៅក្នុងក្បាលរបស់នាង។
នាងជាម្តាយ បាននាំកូនស្រីទៅមន្ទីរពេទ្យ ដោយសារតែកូនរបស់នាងសន្លប់ ប៉ុន្តែគ្រូពេទ្យសង្ស័យថាមានការរំលោភបំពាន ហើយបានទាក់ទងទៅប៉ូលិស។
ក្មេងស្រីនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសាំងប៉ូល (Saint Paul)ដែលជាមន្ទីរពេទ្យកម្រិតក្រុង ដើម្បីព្យាបាល ហើយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។
ការស៊ើបអង្កេតបន្ថែមបានបង្ហាញថា នាងតូចធ្លាប់បានចូលមន្ទីរពេទ្យចំនួន ៤ ដងមកហើយសម្រាប់ការពុលថ្នាំសម្លាប់សត្វល្អិត ការលេបថ្នាំលាបក្រចកដៃការបាក់ដៃនិងការរងរបួសច្រមុះក្នុងរយៈពេល ៣ ខែចុងក្រោយនេះ។
ប៉ូលិសក្រុងហាណូយបានបដិសេធមិនផ្តល់ព័ត៌មានបន្ថែមទេ។
ជីតាបង្កើតរបស់ក្មេងស្រីអាយុ ៦៨ ឆ្នាំ បាននិយាយថា ឪពុកម្តាយរបស់នាងបានលែងលះគ្នាកាលពីឆ្នាំមុន ហើយក្មេងស្រីនេះមានបងស្រីពីរនាក់ទៀត ដែលមានអាយុ ៨ និង ៦ ឆ្នាំ។
ក្មេងស្រីអាយុ៣ឆ្នាំនេះបានរស់នៅជាមួយឪពុកនិងជីតារបស់នាងរហូតដល់ប្រហែលខែឧសភា ឆ្នាំ ២០២១ ប៉ុន្តែចាប់តាំងពីពេលនោះមកបានទៅរស់នៅ “ពាសវាលពាសកាលជាមួយម្តាយរបស់នាង និងពេលខ្លះទៀត…មិនដឹងរស់នៅជាមួយអ្នកណានោះទេ”៕
ប៉ូលិសមកដល់មន្ទីរពេទ្យសាំងប៉ូលក្រុងហាណូយ ទីដែលក្មេងស្រីអាយុ៣ឆ្នាំកំពុងសម្រាកព្យាបាលរបួសដែលគោលដោតជាប់ក្បាល