ដោយ:ពៅនិមល/ភ្នំពេញ៖ ដោយសារការបិទបញ្ចប់ការយកពន្ធលើអង្ករកម្ពុជា នាំចូលសហគមន៍អ៊ឺរ៉ុបដែលនឹងចូលជាធរមាននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នេះតទៅ អ្នកនាំចេញនៅកម្ពុជារំពឹងទុកថា នឹងមានកំណើនមកវិញចំនួន ប្រមាណ ២០ម៉ឺនតោន ខណៈដែលបច្ចុប្បន្ននេះឃើញមានការបញ្ជាទិញច្រើន ពីភាគីសហគមន៍អឺរ៉ុប។
លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីល្ងាចថ្ងៃទី១៩ ខែមករាកន្លងទៅនេះ បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជាថា”ជាកាពិតសហគមន៍ អ៊ឺរ៉ុបបានអនុគ្រោះពន្ធ គឺបន្ទាប់ពីដាក់វិធានការរបាំងពន្ធបានផុតរលត់និងចាប់ ផ្តើម នៅខែមករានេះអញ្ចឹងការនាំអង្ករចេញពន្ធសូន្យទាំងអស់គ្រប់ទំនិញអង្ករ គ្រប់ប្រភេទ ហើយអ្វីដែលយើងបានឃើញជាក់ស្តែងគឺមានការបញ្ជាទិញច្រើនពី សហគមន៍អឺរ៉ុបមានការកើនឡើងវិញ ប៉ុន្តែយើងនៅរងចាំថា មានការដឹកជញ្ជូន បើតាមការវិភាគនិងតាមការធ្វើផែនការរបស់សហព័ន្ធ យើងគិតថា នឹងមាន កំណើនប្រហាក់ប្រហែលជា ២០ម៉ឺនតោននៅឆ្នាំ២០២២នេះ កើនពី ១៥ម៉ឺន យើងរៀបចំផែនការ យ៉ាងតិចប្រហែល២ឆ្នាំ ត្រឡប់មកបរិមាណជាង២៦-២៧ម៉ឺនតោន ដូចឆ្នាំ២០១៣ មុនពេលដែលគេដាក់របាំងពន្ធឥញ្ចឹងយើងត្រូវ ការពេល ២ទៅ៣ឆ្នាំដើម្បីកែប្រែស្ថានភាពឲ្យដូចពីមុនវិញ”។
លោកប្រធានបានរម្លឹកឡើងវិញថា ”ក្នុងរយៈពេល ៣ឆ្នាំកន្លងមក (២០១៩-២០២១) គឺថាកម្ពុជាយើងបានបង់ពន្ធចំនួនជាង ៥០លានដុល្លារដល់គយ សហគមន៍អឺរ៉ុប ហើយជាមួយគ្នានេះដែរយើងមានការធ្លាក់ចុះបើយើងប្រៀប ធៀប៣ឆ្នាំមុន ពេលគេដាក់របាំងពន្ធ (២០១៦-២០១៨) គឺមានការធ្លាក់ចុះជាង ៣០ម៉ឺនតោន។ លោកបានបន្តថា កម្ពុជាយើងតែងតែនាំទៅកាន់សហគមន៍អឺរ៉ុប ប្រហាក់ប្រហែលក្នុងរង្វង់ ២៥ម៉ឺនតោនរៀងរាល់ឆ្នាំ នៅពេលដែលរបាំងពន្ធ វិធានការដាក់ពន្ធមកដល់ គឺថាការ នាំចេញមានប្រហាក់ប្រហែល២០ម៉ឺនតោន តែប៉ុណ្ណោះ ក្នុងមួយឆ្នាំ ហើយមានការធ្លាក់ចុះខ្លាំងនៅឆ្នាំ២០២១ការនាំចេញ មានចំនួនតែជាង ១៥ម៉ឺនតោនប៉ុណ្ណោះ”។
សូមរម្លឹកថា ការនាំចេញអង្កររបស់កម្ពុជាក្នុងឆ្នាំ២០២១ មានចំនួនសរុបក្នុងរង្វង់ ៦៣ម៉ឺនតោន ដែលមានតម្លៃជិត៤០០លានដុល្លារអាម៉េរិក។ ក្នុងចំណោមអង្ករ ដែលត្រូវបាននាំចេញនេះមានជិត ១៤ម៉ឺនតោន ដែលបាននាំចូលទីផ្សារអឺរ៉ុប។
សូមបញ្ជាក់ទៀតថាសភាពាណិជ្ជកម្មនៃសហភាពអឺរ៉ុបយកពន្ធលើអង្ករកម្ពុជា ជាផ្លូវការ ចាប់ពីថ្ងៃទី១៨ មករា ឆ្នាំ២០១៩ ក្នុងអត្រាជិត ២០០ដុល្លារសម្រាប់អង្ករ មួយតោន។ អត្រាពន្ធនេះ បានធ្លាក់មកនៅត្រឹមជាង ១៧០ដុល្លារសម្រាប់អង្ករ មួយតោន នៅក្នុងឆ្នាំ២០២០ និងជាង ១៤១ដុល្លារក្នុងអង្ករមួយតោន នៅឆ្នាំ២០២១៕/PC