ដោយៈ​ប​.​ខុន​/​ភ្នំពេញៈឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) នៅ​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២២​បាន​ចូលជួប​លោក​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​ដើម្បី​សម្ដែង ការគួរសម និង​ពិភាក្សា​ការងារ ស្តីពី​កិច្ចសហប្រតិបត្តិការ (​គម្រោង​ជំនួយ​) លើ​វិស័យ​ធន ធាន​ទឹក​នា​ទីស្តីការក្រសួង​ធនធានទឹក​និង​ឧតុនិយម​។​

​នៅក្នុង​ជំនួប​ខាងលើ​លោក​លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង ឧតុនិយម​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែងអំណរគុណ​និង​វាយតម្លៃ​ខ្ពស់ ចំពោះ​រាជរដ្ឋាភិបាល​និង​ប្រជាជន​ជប៉ុន តាមរយៈ​ឯកអគ្គរាជទូត​ដែល​បាន​នឹង កំពុង​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា​ដោយ​ផ្តោត លើ​វិស័យ​សំខាន់ៗ​មួយចំនួន​ដូចជា​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រូបវ័ន្ត លើ​គ្រប់​វិស័យ ការគាំទ្រ​ដល់​វិស័យ​សុខាភិបាល​ការស្តារ​និង​លើកកម្ពស់​វិស័យ អប់រំ ការលើកកម្ពស់​ការអភិវឌ្ឍ​ន៍​សង្គម​និង ការពង្រឹង​អភិ បាល​កិច្ច​នៅ​កម្ពុជា ជាពិសេស​វិស័យ​ធនធានទឹក​ក៏​ត្រូវបាន​ពង្រឹងពង្រីក​និង​ធ្វើការ​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់ ។​

​លោក​លឹម គានហោ​បាន​ជម្រាបជូន​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (MIKAMI MASAHIRO)​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជណាចក្រ​កម្ពុជា​និង​លោកស្រី​កា​មី ហា​រូ​គូ (KAMEI Haruku) ប្រធាន​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) អំពី​សមិទ្ធផល​និង​ការងារ​ដែល​ក្រសួង​សម្រេចបាន និង​កំពុង​អនុវត្ត ព្រមទាំង​ការងារ​ចំពោះមុខ​ក្នុង​ក្របខណ្ឌ​វិស័យ​ធនធានទឹក​និង​ឧតុនិយម ដើម្បី​រួមចំណែក​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ក្នុង​បរិបទ​នៃ​បម្រែបម្រួល​អាកាសធាតុ សំដៅ​ធានា​នូវ​សន្តិសុខ​ទឹក​សម្រាប់ បំពេញតម្រូវការ​ប្រើប្រាស់​និង​ការ អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ។

​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ​បានបង្ហាញ​នូវ​សេចក្តី​រីករាយ ដែល​បាន​ជួបពិភាក្សា ការងារ​ដោយផ្ទាល់​ជាមួយ​លោក​រដ្ឋមន្ត្រី​និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ការងារ​លើ​វិស័យ​ធនធានទឹក​និង​ឧតុនិយម​ដែល​ក្រសួង​សម្រេចបាន​ក៏ដូចជា កិច្ចការ​បន្ត​ដែល​ត្រូវអនុវត្ត​ក្នុង​បេសកកម្ម​រួមចំណែក​ដល់​ការអភិវឌ្ឍ​និង​ការរីកលូតលាស់​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ឲ្យ​បាន​កាន់តែ​ប្រសើរ​ថែមទៀត ។​

​រាជរដ្ឋាភិបាល​ជប៉ុន​តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA)​ចាប់ពី​ឆ្នាំ​២០០៥​រហូតមកដល់​បច្ចុប្បន្ន​នេះ​បាន​ជួយ​ដល់​កម្ពុជា​លើ​ការ គ្រប់គ្រង​និង​ការអភិវឌ្ឍន៍​វិស័យ​ធនធាន​ទឹកជា​ជំនួយឥតសំណង និង​ហិរញ្ញ​ប្ប ទាន​សម្បទាន​ដោយ​គម្រោង​មួយចំនួន​ត្រូវបាន​បញ្ចប់​និង​មួយចំនួនទៀត​កំពុងដំណើរការ​មានដូចជា​គម្រោង ប្រព័ន្ធធារាសាស្ត្រ​កណ្តាលស្ទឹង ស្ថិតក្នុង​ខេត្ត កណ្តាល​,​គម្រោង​កម្មវិធី​កែលម្អ​សមត្ថភាព​ទប់ទល់​នឹង​គ្រោះធម្មជាតិ​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​(​ការផ្តល់​គ្រឿងចក្រ​ធុន​ធ្ងន់​),​គម្រោង​ប្រព័ន្ធធារាសាស្ត្រ​ធ្លា​ម្អម​ស្ថិតក្នុង​ខេត្តពោធិ៍សាត់​,​គម្រោង​ប្រព័ន្ធ ធារាសាស្ត្រ​ម្កាក់ ស្ថិតក្នុង​ខេត្តសៀមរាប​,​គម្រោង​សេវា​បច្ចេកទេស​ប្រព័ន្ធ​ធា​រា សាស្ត្រ​នៅ​កម្ពុជា​,​គម្រោង​ប្រើប្រាស់​ធនធានទឹក​នៅតាម​អាង​ស្ទឹង​,​គម្រោង​ស្តារឡើងវិញ​នូវ​ប្រព័ន្ធ​ស្រោចស្រព​និង​ប្រព័ន្ធ​ដោះ​ទឹក​ខាងលិច​ទន្លេសាប​, គម្រោង​ស្តារឡើងវិញ​នូវ​ប្រព័ន្ធ​ស្រោចស្រព​និង​ប្រព័ន្ធ​ដោះ​ទឹក​ប៉ែក​និរតី​រាជធានី​ភ្នំពេញ​និង​បណ្តា​គម្រោង​ថ្មីៗ​មួយចំនួនទៀត​បាន​នឹង​កំពុង​អនុវត្ត​ក្នុង​ឆ្នាំ​២០២២​នឹងត្រូវ​អនុវត្ត​នា​បណ្តា​ឆ្នាំ​ខាងមុខ​ទៀត​ដែល​រាជរដ្ឋាភិបាល​ជប៉ុន​បានអនុម័ត​រួចហើយ​៕​/PC