ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្កមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនសព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថាអ្វីដែលប្រជាជនកម្ពុជាក៏ដូចជា ប្រជាជនវៀតណាមបានទទួលផលប្រយោជន៍ទៅវិញទៅមកគឺដោយសារប្រទេសទាំងពីរមានព្រំដែនមួយប្រកបដោយសន្តិភាពកិច្ច សហប្រតិបត្តិការនិងមិត្តភាព ។ ដូច្នេះការដែលបន្តថែរក្សាព្រំដែនមួយឱ្យមានសន្តិភាពកិច្ចសហការនិងមិត្តភាពនេះជាការងារសម្រាប់ឲ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចបន្តធ្វើពាណិជ្ជកម្មនិងធុរកិច្ចជាមួយគ្នា ។

សម្តេចអគ្កមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងបែបនេះទៅកាន់លោករដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម Bui Thanh Son នៅក្នុងជំនួបនាព្រឹកថ្ងៃទី ២០ ខែមករា​ ២០២២ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី ។

លោក កៅ គឹម​ហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ឲ្យដឹងថា៖នៅក្នុងជំនួបនោះលោក Bui Thanh Son បានមានប្រសាសន៍ កោតសរសើចំពោះការប្រែប្រួលក៏ដូចជាការអភិវឌ្ឍន៍ក្នុងរយៈពេលខ្លីនៅប្រទេសកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ។ លោកបានបញ្ជាក់ផងដែរថារយៈ ពេលកន្លងមកក៏ដូចជាបច្ចុប្បន្ននេះកម្ពុជានៅតែបន្តពង្រីកពង្រឹងកិត្តនាមក៏ដូចជាតួនាទីរបស់ខ្លួននៅក្នុងតំបន់ក៏ដូចជានៅក្នុងពិភពលោកផងដែរ។ ពេលនេះអ្វីដែល សំខាន់កម្ពុជាបានបើកប្រទេសទៅដល់ពិភពលោកហើយដោយសារការដឹកនាំយុទ្ធសាស្ត្រនិងការគ្រប់គ្រងកូវីដ១៩ បានទទួលជោគជ័យ ។

លោករដ្ឋមន្រ្តីរូបនេះក៏បានស្នើថាវៀតណាមនិងកម្ពុជាត្រូវបន្តរឹតបន្តឹងនូវកិច្ចសហប្រតិបត្តិការនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរហើយនឹងបន្តបង្កើននូវ ទស្សនកិច្ចនៃថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរផងដែរ ។

លោក Bui Thanh Son បានបញ្ជាក់ថាប្រទេសកម្ពុជានិងវៀតណាមសព្វថ្ងៃជាពិសេសឆ្នាំកន្លងទៅគឺកំណើនពាណិជ្ជកម្មកើនឡើងយ៉ាងខ្ពស់រហូតទៅ ដល់ជិត ១០ ពាន់លានដុល្លារដូច្នេះហើយលោកស្នើសុំថាវៀតណាម-កម្ពុជាបន្តពង្រឹងនូវការតភ្ជាប់សេដ្ឋកិច្ចដែលមានសារៈសំខាន់រវាងប្រទេសទាំងពីរហើយនឹងបន្តធ្វើការជាមួយ គ្នាធ្វើយ៉ាងណាឱ្យឆ្នាំនេះកំណើនសេដ្ឋកិច្ចមានការកើនឡើងថែមទៀត។ពាក់ព័ន្ធនឹងពាណិជ្ជកម្មនៅតាមព្រំដែនគឺនៅតែជំរុញបន្ថែមទៀតជាពិសេសជាការចូលរួម ដល់ការអភិវឌ្ឍដោយចីរភាពនៃប្រទេសទាំងពីរ ហើយលោកបានគូសបញ្ជាក់ថាលោកពិតជាថ្លែងអំណរគុណ ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីក្នុងការជំរុញឲ្យ បើកឡើងវិញនូវជើងយន្តហោះពាណិជ្ជកម្មដាយផ្ទាល់រវាងកម្ពុជានិងវៀតណាមដែលបានដំណើរការទៅថ្មីៗនេះធ្វើឱ្យការធ្វើដំណើរកាន់តែងាយស្រួលជាងមុនជាពិសេ សទៀតការជំរុញឱ្យមានការទទួលស្គាល់នៃលិខិតឆ្លងដែនវ៉ាក់សាំង ។

ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងវៀតណាមកាន់តែទទួលបានភាពប្រសើរឡើងហើយអ្វីដែលសំខាន់គឺសម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថាចំពោះការងារដែលសម្ដេចនាយករដ្ឋមន្ត្រីបានធ្វើជាមួយនឹងអតីតនាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន សួនហ្វុក ដែលបច្ចុប្បន្នជាប្រធានរដ្ឋវៀតណាមបានជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរដល់កម្រិតខ្ពស់ហួសពីផែនការដែលបានកើនឡើងរហូតដល់ជិត១០ពាន់លាន ដុល្លាឯណោះ ។ ដូច្នេះហើយការងារនេះជាការងារជោគជ័យដោយសារកម្ពុជាមានមូលដ្ឋាននៃការផលិត រីឯវៀតណាមមានមូលដ្ឋាននៃការកែច្នៃយើងសហការគ្នារវាង ប្រទេសទាំងពីរ ។សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ដែរថាអ្វីដែលប្រជាជនកម្ពុជាក៏ដូចជាប្រជាជនវៀតណាមបានទទួលផលប្រយោជន៍ទៅវិញទៅមកដោយសារយើងមានព្រំដែនមួយប្រកបដោយសន្តិភាពកិច្ចសហប្រតិបត្តិការនិងមិត្តភាព ។ដូច្នេះការដែលយើងបន្តថែរក្សាព្រំដែនមួយឱ្យមានសន្តិភាពកិច្ចសហការនិងមិត្តភាពនេះដែលជាការងារសម្រាប់ឲ្យប្រជាពលរដ្ឋអាចបន្តធ្វើពាណិជ្ជកម្មនិងធុរកិច្ចជាមួយគ្នា ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានឆ្លើយតបផងដែរចំពោះការអញ្ជើញសម្ដេចទៅទស្សនកិច្ចនៅប្រទេសវៀតណាមដោយសម្ដេចបានអរគុណចំពោះការអញ្ជើញនេះ តែសម្ដេចបានមានប្រសាសន៍ថាសម្ដេចក៏អញ្ជើញនាយករដ្ឋមន្ត្រីវៀតណាមមកទស្សនកិច្ចនៅកម្ពុជាក្នុងពេលវេលាសមស្របណាមួយផងដែរដោយសារសម្ដេចក៏បាន អញ្ជើញទៅទស្សនកិច្ចនៅវៀតណាមញឹកញាប់ហើយដែរដូច្នេះជាការប្រសើរបើសិនជានាយករដ្ឋមន្ត្រីវៀតណាមមកទស្សនកិច្ចនៅកម្ពុជាវិញនោះ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថាសម្ដេចពិតជារីករាយដែលបានឃើញវឌ្ឍនភាពនៃការរីកចម្រើនទំនាក់ទំនងទ្វេភាគីកម្ពុជាវៀតណាមកន្លងទៅនេះ ។ជា មួយគ្នានេះសម្តេចបានស្ន់ឲ្យប្រទេសទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគទេសចរណ៍ពាណិជ្ជកម្មរវាងប្រទេសទាំងពីរដើម្បីឲ្យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរកាន់តែមានការតភ្ជាប់ខ្លាំងថែមទៀត  ៕