ដោយៈយោធិន/ភ្នំពេញៈឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះកម្ពុជាក្នុងការបញ្ជូនកម្លាំងនារីចូលរួមបេសកកម្មអង្គការសហប្រជាជាតិដែលមានកម្រិតចំនួនលើសពីការស្នើសុំរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ(អ.ស.ប.)។
ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាវាយតម្លៃខ្ពស់ចំពោះការបញ្ជូនកម្លាំងនារីចូលរួមបេសកកម្ម អ.ស.ប.របស់កម្ពុជា(រូបថតៈ យោធិន)
ការវាយតម្លៃនេះបានលើកឡើងដោយលោក ហ្សាក់កេ ប៉ែលឡេត(Jacques PELLET )ឯកអគ្គរដ្ឋទូកបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសអញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលភាសាបារាំងនាថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
សូមបញ្ជាក់ថា ក្នុងដំណើរអញ្ជើញចូលរួមពិធីបិទវគ្គសិក្ខាកាមភាសាបារាំងដែលឧបត្ថម្ភដោយជំនួយរបស់បេសកកម្មបារាំងនិងអង្គការអន្តរជាតិនិយាយភាសាបារាំង(OIF) ឯកអគ្គរដ្ឋទូតបារាំប្រចាំកម្ពុជា លោកJacques PELLET និងលោកស្រី ម៉ិញ ទីតាំង( Minh Di Tang) ទទួលការស្វាគមន៍កក់ក្តៅនិងសវនាការដោយមានការផ្លាស់ប្តូរនូវវត្ថុអនុស្សាវរីយ៍ពីនាយឧត្តមសេនីយ៍សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិនិងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពផងដែរ។
ទីប្រឹក្សាបារាំងប្រចាំមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានថ្លែងបញ្ជាក់ថា វគ្គសិក្សាភាសាបារាំងនេះបានចាប់ផ្តើមដំណើរការពីខែមករា ឆ្នាំ២០២០ ដែលមានសិក្ខាកាមនារីចំនួន២៥នាក់។ ក្នុងចំណោមសិក្ខាកាមនារី២៥នាក់ មានសិក្ខាកាមនារីចំនួន២១នាក់បានឆ្លងកាត់ការសិក្សាយ៉ាងពេញលេញ រយៈពេលពីរឆ្នាំដោយបានឆ្លងកាត់ការប្រលងច្រើនលើកច្រើនសារទោះបីក្នុងសម័យកាលនៃការរីករាលដាលរោគរាតត្បាតកូវីដ។ ជាលទ្ធផលសិក្ខាកាមនារី២១នាក់ទទួលបានលទ្ធផលក្នុងនោះ៧នាក់ទទួលបានកម្រិតA1 ៩នាក់ទទួលបានកម្រិតA2 និង៥នាក់ទទួលបានកម្រិតB1 ។
ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលភាសាបារាំងក្រោមជំនួយរបស់បេសកកម្មបារាំងប្រចាំកម្ពុជានិងអង្គការអន្តរជាតិនិយាយភាសាបារាំងហ្វ្រង់កូហ្វូន(OIF) នាយឧត្តមសេនីយ៍សែមសុវណ្ណនីអនុប្រធានគណៈកម្មាធិការជាតិនិងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ឯកអគ្គរដ្ឋទូតបារាំងដែលបង្ហាញពីការយកចិត្តទុកដាក់ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង។
ប្រមុខកងយោធាមួកខៀវកម្ពុជានាយឧត្តមសេនីយ៍សែម សុវណ្ណនី បានថ្លែងបន្តថា សាធារណរដ្ឋបារាំងក៏បានគាំទ្រផងដែរចំពោះកិច្ចខំប្រឹងប្រែងរបស់កម្ពុជាក្នុងកិច្ចប្រតិបត្តិការសន្តិភាពអង្គការសហប្រជាជាតិ តាមរយៈការបណ្តុះបណ្តាលកងកម្លាំងមួកខៀវលើផ្នែកបោសសំអាតមីន នាយទាហានសេនាធិការ នាយទាហានសង្កេតការណ៍យោធា សុវត្ថិភាពក្នុងការដឹកជញ្ជូនគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ថ្នាក់បណ្តុះបណ្តាលនិងបំប៉នភាសាបារាំង ។ ពិសេសគឺការផ្តួចផ្តើមបង្កើតវគ្គកម្ទេចគ្រាប់មិនទាន់ផ្ទុះ ថ្នាក់អាស៊ាននិងក្នុងតំបន់ដើម្បីប្រសិទ្ធភាពក្នុងការបំពេញបេសកកម្មនៅតាមបណ្តាប្រទេសនិយាយភាសាបារាំង។
នាយឧត្តមសេនីយ៍សែមសុវណ្ណនីបានបញ្ជាក់បន្ថែមថាៈបណ្តាសិក្ខាកាមក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលបារាំងនិងអង្គការOIFសុទ្ធសឹងតែទទួលបានឱកាសចូលរួមបេសកកម្មនៅក្នុងបណ្តាប្រទេសនិយាយភាសាបារាំង៕សរន
ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាវាយតម្លៃខ្ពស់ចំពោះការបញ្ជូនកម្លាំងនារីចូលរួមបេសកកម្ម អ.ស.ប.របស់កម្ពុជា(រូបថតៈ យោធិន)