ដោយៈសុផល/ខេត្តបាត់ដំបង​៖ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បានជ្រើសយកខេត្តបាត់ដំបងដើម្បីអបអរនិងប្រារព្ធ​ខួប​ទី៣០ ឆ្នាំ​និងជាទីកន្លែង​ធ្វើកិច្ច​ប្រជុំថ្នាក់នាយកនិងនាយិកានៃ​ធនាគារអេ​ស៊ី​លី​ដា​។

កិច្ចប្រជុំប្រចាំឆ្នាំស្តីពី«ការគ្រប់គ្រងហិរញ្ញវត្ថុជាយុទ្ឋសាស្រ្តក្នុងយុគសម័យឌីជីថល»នេះ បានត្រូវធ្វើឡើងនាថ្ងៃទី១៨ខែមករាឆ្នាំ២០២២នៅសណ្ឋាគារប្រេស៊ីដង់ ទីរួមខេត្តបាត់ដំបង។

កម្មវិធី​ប្រារព្ធ ខួប​អបអរសាទរ ខួប​ទី ៣០ ឆ្នាំ​នេះ​ផង​ដែរ ក៏​មានការ​ចូលរួម​ធ្វើ​ទស្សនកិច្ច​សិក្សា ទីផ្សារ និង​ឥរិយាបថ​អតិថិជន​លើ​ផលិត ផល សេវាកម្ម​ធនាគារ អេ​ស៊ី​លី​ដា កិច្ចប្រជុំ​ប្រចាំឆ្នាំ ២០២២ ស្តី​ពី​យុ​ទ្ឋ​សាស្ត្រ និង​និរន្ត​ភាព ធនាគារ និង​ភាព​ជោគជ័យ និង​គោលដៅ​ជា​ធនាគារ​ឌី​ជី​ថ​ល ឈានមុខ​គេ​នៅ​កម្ពុជា ដែល​មាន​រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៨ រហូត​ដល់​ថ្ងៃ​១៩ ខែមករា ឆ្នាំ​២០២២ ​។

នៅ​ក្នុង​ឱកាស​ប្រារព្ធ​ខួប​ទី ៣០ ឆ្នាំ របស់​ធនា​គារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី និងកិច្ចប្រជុំថ្នាក់នាយកនិងនាយិកានៃ​ធនាគារអេ​ស៊ី​លី​ដានា​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២២ លោក​បណ្ឌិត អុិន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​មាន​ប្រសាសន៍​ថា​៖ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ចាប់ផ្តើម​ដំបូង​បង្អស់គឺ​ក្រោម គម្រោង​ របស់​អង្គការសហប្រជាជាតិ អង្គការ​ពលកម្ម​អន្តរជាតិ នៅ​ក្នុង​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​១៩៩៣ ធនាគារ​បាន​ចាប់ផ្តើម​បង្កើត​សមាគម​ទី​ភ្ញាក់​ងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា ដែល​ហៅ​កាត់​ថា អេ​ស៊ី​លី​ដា​ ។

ឆ្លៀត​ក្នុង​ឱកាស​នោះដែរ លោកបណ្ឌិតបានលើកឡើងពីប្រវត្តិ​ខ្លះ​ៗ នៃ​ការ​កកើត​នៃ​ធនាគារ​អេ​ស៊ី​លី​ដា ដោយ​ការ​បង្កើត​ដំបូង​នោះ​គឺ​នៅ​ក្នុង​ទីតាំង​ចំនួន ៥ ហើយ​ក្នុង​ចំណោម​សាខា​ទាំង ៥ នេះ ៣ សាខា មាននៅ​ក្នុង​ខេត្តបាត់ដំបង បន្ទាយ​មាន​ជ័យ និង​ក្រុង​សៀមរាប ព្រោះ ថា​នៅ​តំបន់​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​តំបន់ ដែល​រង​ផល​ប៉ះពាល់​ច្រើន​ដោយសារ​សង្គ្រាម ដូចនេះ​អ្នក​ដែល​មាន​អត្ថប្រយោជន៍​តិច​គឺ​នៅ​ក្នុង​តំបន់​ទាំងនេះ​ហើយ អ​ញ្ចឹ​ង​ហើយ​បានជា​ចាប់ផ្តើម​ភ្លាម អេ​ស៊ី​លី​ដា ផ្តោត​ទៅ​លើ​តំបន់ ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​មុនគេ​។ ចំណែកឯ ២​ទីតាំង​ទៀត គឺ​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ចាម​»​ ។

លោក​បណ្ឌិត អុិន ចាន់​នី បាន​បន្ត​ថា ដើម្បី​ឱ្យត្រូវ​នឹង​ការ​កកើត​នៃ​ធនាគារ​អេ​ស៊ី​លី​ដា គឺ​យើង​ជ្រើសរើស​នៅ​ក្នុង​ខេត្តបាត់ដំបង និង​រៀបចំ​កម្មវិធី​ប្រជុំ​នៅ​ទី​នេះ​ផង​ដែរ ហើយ​អ្វី​ដែល​យើង​ផ្តោត​ខ្លាំង​ជាងគេ​នោះ គឺ​ការ​ប្រជុំ​ពិភាក្សា​លើ​ផែនការ​យុទ្ធសាស្ត្រ ដែល​យើង​មាន ១០ ចំណុច​សំខាន់​ៗ របស់​ធនាគារ​អេ​ស៊ី​លី​ដា ៖

ទី​១) ផ្តោត​ទៅ​លើ​ការ​សម្រិតសម្រាំង​ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល​របស់​យើង ឱ្យមាន​សភាព​ទន់ភ្លន់ ខ្លាំងក្លា ហើយ​ជ្រាប​ចូល​ទៅ​ក្នុង​បណ្តា​មហាជន​គ្រប់​ម​ជ្ឈ​ដ្ធា​ន​ទាំងអស់ ទាំង​ជនបទ និង​ទីក្រុង​។ យើង​នឹង​ផ្សារ​ភ្ជាប់​ជាមួយនឹង​អ្វី​ដែល​យើង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ភ្ជាប់​ជាមួយ​ថ្នាក់​តំបន់ ដូច​ជា​ភ្ជាប់​ជាមួយ​ប្រទេស​ថៃ ប្រទេស​ឡាវ និង​ប្រទេស​វៀតណាម សម្រាប់​ជំរុញ​ការ​ទូទាត់​ឆ្លង​ប្រទេស ដែល​បាន​ធ្វើ​នៅ​ក្នុង​ប្រទេស​ថៃ​រួច​ហើយ​ដែរ ។

ទី​២) យើង​ផ្តោត​លើ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​របស់​ធនាគារ ឱ្យស្រប​ជាមួយ​យុទ្ធសាស្ត្រ គឺ​ការ​យល់​ដឹង​ច្បាស់​ពី​ការ​បណ្តុះបណ្តាល​ពី​សហការី​ក្រោម​បង្គាប់ ក៏​ដូច​ជា​អតិថិជន​ផង​ដែរ​នៅ​ក្នុង​វិស័យ​ឌី​ជី​ថ​ល​នេះ​ ។

ទី​៣) យើង​នឹង​ពិភាក្សា​គ្នា​ក្នុង​ការ​ចាប់​ដៃគូ​យុទ្ធសាស្ត្រ ដែល​មានកេរ្តិ៍ឈ្មោះ ដែល​មានបទពិសោធន៍ ក្នុង​វិស័យ​ដទៃ​ទៀត ដែល​យើង​ហៅ​ថា​សេវា​ហិរញ្ញវត្ថុ ដើម្បី​គៀងគរ​ប្រភព​ទុន​រយៈពេល​វែង សម្រាប់​ផ្គត់ផ្គង់​ការ​លូតលាស់​វិស័យ​សហគ្រាស​គ្រប់​ខ្នាត​ទាំងអស់ទាំង​ខ្នាត​តូច​បំផុត ខ្នាត​មធ្យម និង​ខ្នាត​សាជីវកម្ម ។

ទី​៤) យើង​ផ្តោត ជា​សំខាន់​ទៅ​លើ​ការ​ពិនិត្យ​មើល នៅ​ក្នុង​សម្ព័ន្ធ​ដែល​មាន​គ្រប់​ទ​ន្និ​ន័យ​ទាំងអស់​ដែល​កំពុង​រាយ​ប៉ាយ ត្រូ​ប​ចងក្រង​វា​ឱ្យនៅ​ជា​ប្រព័ន្ធ​តែ​មួយ ។មាន​ន័យ​ថា​នៅ​ពេល​ដែល​យើង​ចង់​ស្វែង រក​ទ​ន្និ​ន័យ​មួយ មិន​ចាំបាច់​ផ្នែក​ផ្សេង​ទៅ​វាយ​បញ្ចូល​ទ​ន្និ​ន័យ​ឡើង​វិញ​នោះ​ទេ គឺ​យក​ទ​ន្និ​ន័យ​តែ​មួយ​រួម​គ្នា​តែ​ម្តង ដូចនេះ​នៅ​ការិយា ល័យ​កណ្តាល​មាន​មនុស្ស​តែ ៣ នាក់​ទេ តែ​បម្រើ​សាខាទាំង ២៦២ សាខា​ ។

ទី​៥) ជ្រើសរើស​យក​ធនធាន​ប្រើ​ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល​ដើម្បី​ឱ្យក្នុង​មនុស្ស​ម្នាក់​នឹង​ធ្វើការ​បាន​ច្រើន​មុខ ដែល​យើង​ហៅ​ថា​បង្កើន​ផលិតភាព និង​ផលិតផល នៃ​ការងារ​របស់​ធនធាន​ធនាគារ​។

ទី​៦) យើង​នឹង​បន្ត​អភិវឌ្ឍន៍​ដើម្បី​ឱ្យមានមុខ​ងារ​ច្រើន​ជាង​នេះ សម្រាប់​ដាក់​ឱ្យអតិថិជន​ប្រើប្រាស់ ដែល​សេវា​ទាំងនោះ​មាន​ចាប់តាំងពី​ក្នុង​ឆ្នាំ​២០១០ មក​ម្ល៉េះ​ ។

ទី​៧) ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ដើម្បី​ឱ្យវា​ក្លាយទៅជា​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ថ្នាក់​លេខ ១ ព្រោះថា​សព្វថ្ងៃ​នៅ​ប្រទេស​កម្ពុជា​មាន​តែ​មួយ​ទេ ដែល​មាន​មជ្ឈមណ្ឌល​បឋម និង​មជ្ឈមណ្ឌល​មួយទៀត​គេ​ហៅ​ថា data recovery សម្រាប់​មាន​ករណី​ដាច់​ប្រព័ន្ធ នោះ​នឹង​មាន​ប្រព័ន្ធ​មួយទៀត​ចូល​មក​ជំនួស នេះ​គឺ​យើង​ត្រូវ​អភិវឌ្ឍន៍​វា​ ។

ទី​៨) យើង​នឹង​ពង្រឹង​ស្ថានភាព​របស់​យើង​ដែល​ជា​ក្រុមហ៊ុន​បោះ ផ្សាយ​តែ​មួយ​គត់ ធនាគារ​ក្នុង​វិស័យ list-stick company ឱ្យមាន​វិសាលភាព​ក្នុង​ការ​ទូទាត់​និង​ធំធេង​ទូលំទូលាយ និង​កាន់កាប់​ផ្សារ​ទូទាត់​ធំ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ។

ទី​៩) យើង​នឹង​ពិភាក្សា​អំពី​ការ​លូតលាស់​និង​កំណើន​ឥណទាន និង​បញ្ញើរ​ប្រាក់​សន្សំ ក្នុង​ឆ្នាំ​២០២២​នេះ ​។

ទី​១០) ធនធាន​របស់​ធនាគារ​ទាំងអស់ ឱ្យគាត់​យល់​ដឹង​យ៉ាង​ទូលំ ទូលាយ ក្នុង​ការ​គាំទ្រ​សេចក្តី​ត្រូវការ​របស់​អតិថិជន​គ្រប់​ផ្នែក នៅ​ពេល​អតិថិជន​ដាក់​ពាក្យ​ក្នុង​ការ​ប្រើ​សេវា​សព្វបែប យ៉ាង​របស់​ធនាគារ យើង​នឹង​បម្រើ​អតិថិជន​ដោយ​រលូន ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​រយៈពេល ៣០ ឆ្នាំ នៃ​ការ​ឈរជើង​យ៉ាង​រឹង​មាំ​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ នៅ​កម្ពុជា ធនាគារ អេ​ស៊ី​លី​ដា បាន​និង​កំពុង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម តាម​រយៈ​ការ​ផ្តល់​ឥណទាន​ដើម្បី​លើក​ស្ទួយ​ជីវភាព​ប្រជាជន​កម្ពុជា និង​អាជីវកម្ម​គ្រប់​វិស័យ​ឱ្យ​មានការ​រីក​ចម្រើន ជា​ពិសេស​អាជីវកម្ម​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​ខ្នាត​មធ្យម ដោយ​ប្រកាន់ខ្ជាប់​ជា​និច្ច​នូវ​គោលការណ៍​សីលធម៌ វិជ្ជាជីវៈ សង្គម ច្បាប់ និង​បរិស្ថាន ប្រកបដោយ​កម្រិត​ខ្ពស់​បំផុត ។

គួររម្លឹកថាប្រវត្តិ​របស់​ធនាគារ អេស៊ីលីដា គិត​ចាប់តាំងពី​ត្រូវបាន​បង្កើតឡើង​ក្នុង​​ឆ្នាំ​១៩៩២ រហូត​មកដល់​ពេលនេះ គឺ​សម្រេចបាន​នូវ​សមិទ្ធផល​ធំៗ និង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន​។

ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ស្ថាបនិក លោក​បណ្ឌិត អុិន ចាន់នី បានធ្វើឱ្យ​ធនាគារ អេស៊ីលីដា បាន​វិវឌ្ឍ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែលមាន​ការិយាល័យ​នៅ​សាលា​បច្ចេកទេស​ឧស្សាហកម្ម​ឫស្សីកែវ ក្នុង​រាជធានី​ភ្នំពេញ​រហូត​បាន​ក្លាយជា​ធនា​គារ​ដ៏ល្បីល្បាញ ដែល​បាន​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​យ៉ាងសកម្ម​។

ដោយបាន​វិវឌ្ឍ​ពី​ធនាគារ​ឯកទេស​ទៅជា​ធនាគារពាណិជ្ជ ធនាគារ អេស៊ីលីដា បាន​រីកចម្រើន​ក្លាយជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​គេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ទ្រព្យសកម្ម​សរុប​ចំនួន 7,501 ពាន់​លាន​ដុល្លារ និង​មាន​សាខា​នៅ​ទូទាំង ២៥ រាជធានី-ខេត្ត​។

គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដ៏ធំ​មួយ​នេះ​បាន​រីកចម្រើន​ជា​លំដាប់ និង​មាន​សាខា ក៏ដូចជា​បណ្តាញ​ម៉ាស៊ីន ATM ដ៏​ទូលំទូលាយ និង​អេស៊ីលីដា​ម៉ូបាល (ACLEDA Mobile app) ហើយ​បាន​ក្លាយជា​ធនាគារ ពាណិជ្ជ​ដំបូង​គេ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​ចុះបញ្ជី​ក្នុង​ផ្សារមូលបត្រ​កម្ពុជា (CSX)​។

អេស៊ីលីដា ចាប់ផ្តើម​ក្នុង​ឆ្នាំ​ ១៩៩២ក្រោម​គម្រោង CMB/92/010 ជា​ទីភ្នាក់ងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​តំបន់ ​(LEDA) ដែលជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មាន​ការជួយ​គាំទ្រ​ពី​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) និង​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​ (UNDP)​។

នៅ​ថ្ងៃទី​ ១៩ខែមករា ឆ្នាំ​ ១៩៩៣ ​អេស៊ីលីដា​មាន​សមាជិក​ចំនួន ២៨រូប រួមទាំង​លោក​បណ្ឌិត អុិន ចាន់នី បាន​ប្រារព្ធ​មហាសន្និបាត​ដំបូង​បោះឆ្នោត​បង្កើត​សមាគម​ទីភ្នាក់ងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា (​អេស៊ីលីដា​)​។

ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ មាន​ទិសដៅ​អភិវឌ្ឍន៍​សហគ្រាស​ខ្នាតតូច​បំផុត និង​ខ្នាតតូច តាមរយៈ​ការផ្តល់​ឥណទាន​ក្នុង​ឆ្នាំ​១៩៩៣ មាន​ការ​រីកចម្រើន​ប្រកបដោយ​និរន្តរភាព និង​ទទួលបាន​មូលនិធិ​គាំទ្រ​ពី​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP) កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ឯកជន​តំបន់​ទន្លេមេគង្គ IFC និង​ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​នៃ​សហរដ្ឋ​អាមេរិក (USAID) ធ្វើឱ្យ​ស្ថាប័ន​មួយ​នេះ​ក្លាយជា​ធនាគារពាណិជ្ជ​ដ៏ជោគជ័យ​។បំពេញ​គ្រប់​លក្ខខណ្ឌ​ច្បាប់​ជាតិ​ក្នុង​ការ​កម្លាយ​ខ្លួន​នេះ ធ្វើឱ្យ​ធនាគារ អេស៊ីលីដា ពង្រីក​ការផ្តល់​សេវា​កម្មបាន​ទូលំទូលាយ​ដល់​សហគ្រាស​គ្រប់​ខ្នាត និង​សហគមន៍​ទាំងមូល​។

អេស៊ីលីដា​បាន​ក្លាយជា​ធនាគារ​ឯក​ទេស​ទាំងស្រុង នៅ​ថ្ងៃទី​ ៧ខែតុលា ឆ្នាំ ​២០០០ជាមួយនឹង​ដើមទុន​ចំនួន ៤ ​លាន​ដុល្លារ ហើយ​បាន​ក្លាយជា​ធនាគារពាណិជ្ជ​នៅ​ថ្ងៃទី​ ១ ខែធ្នូ ឆ្នាំ​ ២០០៣ជាមួយនឹង​ដើមទុន​ចំនួន ១៣ លាន​ដុល្លារ​។

ដោយបាន​បើក​បណ្តាញ​សាខា​នៅ​ខេត្ត​មណ្ឌលគិរី និង​រតនគិរី ក្នុង​ឆ្នាំ​ ២០០៦ បណ្តាញ​ធនាគារ អេស៊ីលីដា ត្រូវបាន​ពង្រីក​នៅ​ទូទាំង ២៥រាជធានី-ខេត្ត នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ធនាគារ​របស់​កម្ពុជា​មួយ​នេះ ក៏មាន​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​ឡាវ និង​មីយ៉ាន់ម៉ា ផងដែរ​។

ការពង្រីក​វិសាលភាព​របស់​ធនាគារ​អេស៊ីលីដា ក៏​មាននៅ​ផ្នែក​អាណាចក្រ​ឌីជីថល​ផងដែរ​។ ជាមួយនឹង​ការដាក់ឱ្យ​ដំណើរការ​កម្មវិធី​ «​អេស៊ីលីដា​យូនីធី​» នៅក្នុង​ខែកក្កដា ឆ្នាំ​ ២០១០ ដែលជា​ធនាគារ​ដំបូង​គេ​ដាក់ឱ្យ​ប្រើប្រាស់​សេវាកម្ម​ធនាគារ​តាម​ទូរស័ព្ទ​។ ហើយ​បន្ត​អភិវឌ្ឍ​ទៅជា​អេស៊ីលីដា ម៉ូបាល​ដែល​បាន​ដាក់ឱ្យ​ដំណើរការ​នៅ​ដើមឆ្នាំ​ ២០២១មាន​អ្នកប្រើប្រាស់​ជាង​ ២​ លាន​នាក់​រួចហើយ​។

នៅ​ខែឧសភា ឆ្នាំ​ ២០២០ ធនាគារ អេស៊ីលីដា បាន​បង្កើត​ប្រវត្តិ សាស្ត្រ​ថ្មី​មួយទៀត ដោយបាន​ក្លាយជា​ធនាគារ​ពាណិជ្ជ​ដំបូង​គេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចុះបញ្ជី​បោះផ្សាយ​លក់​ភាគហ៊ុន​នៅ​ផ្សារមូលបត្រ​កម្ពុជា​។

ការប្តេជ្ញាចិត្ត​របស់​ធនាគារ អេស៊ីលីដា ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា និង​វិស័យ​ធនាគារ ត្រូវបាន​ឆ្លុះបញ្ចាំង​នៅក្នុង​សេចក្តី​ប្រកាស​ក្នុង ឆ្នាំ​ ២០១៦ដែល​ធនាគារ​មួយ​នេះ​ទទួលបាន​អាជ្ញាប័ណ្ណ​បើក​វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា (AIB)​។

ការបង្កើត​គ្រឹះស្ថាន​ឧត្តមសិក្សា​ដើម្បី​បណ្តុះបណ្តាល​ជំនាញ​ធនាគារ និង​ហិរញ្ញវត្ថុ​នេះគឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ការបណ្តុះ បណ្តាល និង​ការអភិវឌ្ឍ​សមត្ថភាព​ជំនាញនៅក្នុង​វិស័យនេះ​។

​គិត​ត្រឹម​ថ្ងៃទី​ ៣១ខែ ធ្នូ ឆ្នាំ ​២០២១ប្រាក់​បញ្ញើ​សរុប​របស់អេស៊ីលីដាបាន​កើនឡើង​ដល់ ប្រមាណ 5.53 ពាន់​លាន​ដុល្លារ ខណៈ​ប្រាក់កម្ចី​សរុប​កើន​ឡើងដល់​ប្រហែល 5.24 ពាន់​លាន​ដុល្លារ​។ ធនាគារអេស៊ីលីដា បានចេញ​ប័ណ្ណ​ឥណ​ពន្ធ​ចំនួន 1.51 លាន​ប័ណ្ណ និង​កម្មវិធី​អេស៊ីលីដា​ម៉ូ​បាល​(ACLEDA mobile App) មាន​អ្នក​ចុះឈ្មោះ​ប្រើ ប្រាស់​ជាង ២លាន​នាក់ គិត​ត្រឹម​ចុងឆ្នាំ​ 2021៕Ph