ដោយៈ ជា សីហៈ/ភ្នំពេញៈ គម្រោងវិនិយោគចំនួន ១០ គម្រោងដែលមានទុន ប្រមាណជា ២.០០០ លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាប្រកាសថា បានអនុម័តនៅក្នុងខេត្តចំនួន ៨ ដែលរួមមាន ភ្នំពេញ និង កណ្តាលពីរកន្លែង ក្រៅពីនោះមាននៅ កំពង់ធំ បាត់ដំបង កំពង់ស្ពឺ ឧត្តរមានជ័យ កោះកុង និង កំពត ។
មន្ត្រីនៅក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាបានឲ្យដឹងថា គម្រោងនៅភ្នំពេញគឺរួមមាន គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃព្រីងខាងត្បូង ១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានទុន វិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧១៤កន្លែង ដោយក្រុមហ៊ុន INDEPENDENCE CLOTHING (CAMBODIA) CO., LTD និង គម្រោងវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៥២៨បន្ទប់ដែលមានទីតាំងវិនិយោគស្ថិតនៅមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង មានទុនវិនិយោគចំនួន ១២៩ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៧៣៧កន្លែងរបស់ក្រុមហ៊ុន K.B.X INVESTMENT CO., LTD ។
ដោយឡែកនៅខេត្តកណ្តាល មន្ត្រីដដែលបានឲ្យដឹងថាគឺមានគម្រោងវិនិយោគ បង្កើតរោងចក្រផលិតការ៉ូជ័រ កម្រាលបាត ទ្រនាប់កម្រាលបាត និងជើងជញ្ជាំងជ័រ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល មានទុនវិនិយោគប្រមាណ៤,២លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន ១៩៤កន្លែង របស់ ក្រុមហ៊ុន HAOPAI DECORATION MATERIAL (CAMBODIA) CO., LTD និង គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះ សូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសន្លុង ឃុំសន្លុងស្រុកខ្សាច់កណ្តាល មានទុន វិនិយោគប្រមាណ៨,២លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន ២៦៥កន្លែងរបស់ACADEMIC SOLAR ENERGY MFG CO., LTD ។
រីឯគម្រោងវិនិយោគផ្សេងទៀតរួមមាន របស់ក្រុមហ៊ុន CAMBODIAN GUOXING YI QUN LANG PLYWOOD CO., LTD លើ គម្រោងវិនិយោគ បង្កើតរោងចក្រកែច្នៃក្តារបន្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រឡៅតូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានទុនវិនិយោគប្រមាណ ៣,៤លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៩២កន្លែង។ ក្រុមហ៊ុន MUTITA TEXTILE SOCIAL ENTERPRISE CO., LTD លើ គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសូភី ១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានទុន វិនិយោគប្រមាណ៣,៩លានដុល្លារ អាមេរិក និងអាចបង្កើតការងារបានចំនួន៦៤៩កន្លែង។
ប្រភពដដែលបានបន្ថែមថា ក្រុមហ៊ុន TMH POULTRY CO., LTD លើ គម្រោងបង្កើតរោងចក្រកែច្នៃនិងវេចខ្ចប់សាច់ (មាន់ ទា ជ្រូក គោ) និង ផលិតម្ហូបអាហារ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃច្រាបលិច ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៥,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២៦កន្លែង។ ហើយ ក្រុមហ៊ុន LONGFUITER ANLONG VENG ODDOR MEANCHEY AGRICULTURE PARK CO., LTDដាក់ទុនលើ គម្រោងវិនិយោគកសិកម្មដំណាំចេកនិងដំណាំហូបផ្លែ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានទុនវិនិយោគចំនួន ៥១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៨៦៧កន្លែង។
ប្រភពដដែលបានបន្តថា គម្រោងរបស់ក្រុមហ៊ុន CAMBODIAN UPPER TATAY HYDROPOWER CO., LTD គឺសុំលើ គម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនី ស្ទឹងតាតៃលើ អានុភាព ១៥០ MW ដែលមានទីតាំងវិនិយោគស្ថិតនៅស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ៣៨៩លានដុល្លារ អាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥៨០កន្លែង។
ប្រភពដដែលបានបន្តថា សម្រាប់ខេត្តកំពតគឺទាក់ទាញគម្រោងធំជាងគេ របស់ក្រុមហ៊ុន KAMPOT LOGISTICS AND PORT COMPANY LIMITEDលើ គម្រោងវិនិយោគអភិវឌ្ឍន៍មណ្ឌល ភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត មានទុនវិនិយោគរហូតដល់ទៅចំនួន ១.៣០០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៩០កន្លែង៕/PC