ប្រែសម្រួលៈវាសនា(បាងកកប៉ុស្តិ៍)៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃព្រហស្បតិ៍ទី២០មករានៅតែនិយាយថា លោកមិនមានផែនការរុះរើគណៈរដ្ឋមន្ត្រី ឬក៏រំលាយសភានិងកោះធ្វើការបោះឆ្នោតមុនកាលកំណត់អីទេ។
ការអះអាងរបស់លោកប្រាយុទ្ធបែបនេះកើតឡើងបន្ទាប់ពីគណបក្សកាន់អំណាច ផាឡាង ប្រាចារ៉ាត (PPRP)កាលពីយប់ថ្ងៃពុធបានសំរេចបណ្តេញអគ្គលេខាបក្សនិងសមាជិកសភា២០រូបទៀតនៅក្រោមការគ្រប់គ្រងរបស់លោក ដោយសារតែពួកគេបានបង្កការបែកបាក់នៅក្នុងបក្ស។
លោកនាយករដ្ឋមន្ត្រីបាននិយាយថា« ខ្ញុំអត់ពាក់ព័ន្ធនឹងការសំរេចចិត្តរបស់សមាជិកប្រតិបត្តិរបស់គណបក្សPPRPនិងមេដឹកនាំរបស់វាឧត្តមសេនីយ៍ ប្រាវីត វង់ស៊ូវ៉ុន ទេ ។ខ្ញុំជឿថាគ្រប់គ្នានឹងព្យាយាមនាំអ្វីៗអោយវិលមកធម្មតាវិញអោយបានឆាប់តាមដែលអាចធ្វើបាន។ខ្ញុំមិនអាចប្រាប់ថានរណាល្អនរណាអាក្រក់ទេ ។ទុកអោយអំពើរបស់គេបញ្ជាក់ដោយខ្លួនឯង និងទុកអោយប្រជាជនពិចារណាហើយសំរេចចិត្តនៅក្នុងការបោះឆ្នោតនាពេលខាងមុខ»។
លោកបានបន្ថែមថា នឹងមិនមានការរុះរើគណៈរដ្ឋមន្ត្រី ឬរំលាយសភាក្នុងពេលឆាប់ៗទេ ដោយសារមានការងារត្រូវបន្តធ្វើ។
ឥឡូវ សមាជិកសភាទាំង២១រូបដែលត្រូវបក្សកាន់អំណាចបណ្តេញចេញត្រូវស្វែងរកគណបក្សថ្មីណាមួយក្នុងរយៈពេល៣០ថ្ងៃ បើមិនដូច្នេះទេពួកគេនឹងបាត់បង់អាសនៈសភារបស់គេ។
ការបែកបាក់ផ្ទៃក្នុងគណបក្សកាន់អំណាចនេះកើតឡើងមួយថ្ងៃក្រោយពីអតីតសមាជិកគណបក្សPPRPសំខាន់ៗបានរួមគ្នាបង្កើតគណបក្សថ្មីមួយ និងប្រកាសថាពួកគេនឹងមិនតែងតាំងលោកប្រាយុទ្ធ ជាបេក្ខជននាយករដ្ឋមន្ត្រីទៀតទេសំរាប់ការបោះឆ្នោតខាងមុខ។
គណបក្សសាងអនាគតថៃ(Building Thailand’s Future)ត្រូវបានបង្កើតឡើងកាលពីថ្ងៃ១៩មករានិងមេដឹកនាំរបស់វាអះអាងថាគណបក្សនឹងផ្តោតលើបញ្ហាសេដ្ឋកិច្ចនិងបញ្ចប់ការបែកបាក់នយោបាយ។
សុនទីរ៉ាត សុនទីហ្សីរ៉ាវង់(Sontirat Sontijirawong)អតីតអគ្គលេខាPPRPនិងអតីតរដ្ឋមន្យ្រីថាមពល បានអះអាងថាគណបក្សថ្មីនេះនឹងមិនគាំទ្រលោកប្រាយុទ្ធជាបេក្ខជននាយករដ្ឋមន្ត្រីសំរាប់ដឹកនាំប្រទេសទេ។
ចំណែកលោក អ៊ុតតាម៉ា សាវ៉ាណាយ៉ា ដែលជាស្ថានិកគណបក្សថ្មីនិងជាអតីតមេដឹកនាំគណបក្សPPRPបាននិយាយថា បេក្ខជននាយករដ្ឋមន្ត្រីត្រូវតែមានសមត្ថភាពដឹកនាំប្រទេសចេញពីជម្លោះ មានទេពកោសល្យគ្រប់គ្រងចាំបាច់ដើម្បីគ្រប់គ្រងប្រទេសយ៉ាងអង់អាចនិងបានការទទួលស្គាល់ជាអន្តរជាតិ។«គណបក្សមិនលៃទុកកន្លែងសម្រាប់ឧត្តមសេនីយ៍ប្រាយុទ្ធទេ។តែអតីតឧបនាយករដ្ឋមន្ត្រីសំឃីត ចាទូស្រ៊ីពីតាក់(Somkid Jatusripitak)អាចស័ក្តិសម»៕
ប្រាយុទ្ធ មិនដឹងជាឈរឈ្មោះសំរាប់អាណត្តិថ្មីឬយ៉ាងណាទេ នៅពេលក្រុមកាន់អំណាចរបស់លោកបែកបាក់ជាពីរជាបី
សមាសភាពគណបក្សសាងអនាគតថៃដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃពុធ សុទ្ធតែជាអតីតសមាជិកបក្សកាន់អំណាចតែពួកគេអះអាងថា មិនគាំទ្រលោកប្រាយុទ្ធទៀតទេ