ប្រែសម្រួល : កញ្ញាដាលីស (ស្រេ្តតថែមស៍,ដេល្លីម៉េល) ៖ យោធាចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២០មករាថា កងកម្លាំងចិនបានដេញតាមនិងព្រមាននាវាចម្បាំងអាម៉េរិកមួយគ្រឿងដែលបានចូលដែនទឹកនៅជិតប្រជុំកោះប៉ារ៉ាសែលក្នុងសមុទ្រចិនខាងត្បូងឱ្យថយចេញឆ្ងាយ នៅក្នុងភាពតានតឹងចុងក្រោយបង្អស់នៅក្នុងផ្លូវទឹកដែលមានជម្លោះនេះ។
ទីបញ្ជាការភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិនបាននិយាយថា នាវា USS Benfold បានធ្វើដំណើរចូល “ខុសច្បាប់” ទៅក្នុងដែនទឹករបស់ចិនដោយគ្មានការអនុញ្ញាតដោយរំលោភលើអធិបតេយ្យភាពរបស់ចិន ហើយកងកម្លាំងជើងទឹកនិងជើងអាកាសចិនបានដេញតាមនាវានោះ។
ទីបញ្ជាការនេះបានបន្ថែមថា “យើងទាមទារយ៉ាងម៉ឺងម៉ាត់ឱ្យភាគីអាម៉េរិកបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបង្កហេតុនេះ បើមិនដូច្នោះទេអាម៉េរិកនឹងទទួលនូវផលវិបាកធ្ងន់ធ្ងរពីហេតុការណ៍ដែលមិនអាចមើលឃើញជាមុនបាន”។
កងទ័ពជើងទឹកអាម៉េរិកនិយាយថា នាវា Benfold “បានអះអាងសិទ្ធិនិងសេរីភាពក្នុងការធ្វើនាវាចរណ៍នៅក្នុងតំបន់ជុំវិញប្រជុំកោះប៉ារ៉ាសែលស្របតាមច្បាប់អន្តរជាតិ”។
អ្នកនាំពាក្យកងនាវាចរណ៍ទី៧ លោក ម៉ាក ឡាងហ្វត (Mark Langford)បាននិយាយថា “នៅពេលបញ្ចប់ប្រតិបត្តិការ នាវា USS Benfoldបានចាកចេញពីតំបន់ដែលមានការទាមទារកាន់កាប់ហួសហេតុដោយចិននេះ និងបន្តប្រតិបត្តិការនៅក្នុងសមុទ្រចិនខាងត្បូង”។
សហរដ្ឋអាម៉េរិកតែងតែអនុវត្តនូវអ្វីដែលខ្លួនហៅថាសេរីភាពនៃបេសកកម្មធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូង ដើម្បីប្រជែងនឹងការទាមទារទឹកដីរបស់ចិន។
ចិនបានបង្កើតប៉ុស្តិ៍យោធានៅលើកោះសិប្បនិមិត្តនៅក្នុងដែនទឹក ដែលជាចំណុចឆ្លងកាត់នៃផ្លូវដឹកជញ្ជូនសំខាន់ៗ ហើយក៏សម្បូរវាលឧស្ម័ន និងកន្លែងនេសាទសម្បូរបែបផងដែរ៕
ចិនអះអាងថាបណ្តេញនាវាអាម៉េរិកនៅជិតប្រជុំកោះប៉ារ៉ាសែល