ដោយ​:​ពៅ​និមល / ភ្នំពេញៈ នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា នៃ​ក្រសួងពាណិជ្ជកម្ម កាលពី​កន្លងទៅនេះ បានរៀបចំ​សន្និបាត បូកសរុប​លទ្ធផល​ការងារ កម្មសិទ្ធិបញ្ញា ឆ្នាំ​២០២១ និង​លើក​ទិសដៅ ការងារ​កម្មសិទ្ធិបញ្ញា ឆ្នាំ​២០២២​។​

​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា នៃ​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថា នៅពេល​ខាងមុខ នឹង​រៀបចំ​យន្តការ ដោះស្រាយ​បញ្ហា​ប្រឈម ដែលមាន​ច​រិ​ក​លក្ខណៈ​ឆ្លើយតប​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ការផ្តល់​សេវាសាធារណៈ ដើម្បី​កសាង​សុខដុម​នីយកម្ម ក្នុង​វិស័យ​ធុរកិច្ច លើកកម្ពស់​ឧត្តមភាព ប្រកួតប្រជែង ផលិតផល​ក្នុងស្រុក និង​ទាក់ទាញ ការវិនិយោគ ដែល​ផ្តោតលើ​ការស្រាវជ្រាវ និង​អភិវឌ្ឍ​ផលិតផល នៅ​ប្រទេស​កម្ពុជា​។​

​តាម​ការលើកឡើង​រប​ស់លោក សួន វិជ្ជា ទីប្រឹក្សា​ក្រសួងពាណិជ្ជកម្ម និង​ជា​ប្រធាន នាយកដ្ឋាន កម្មសិទ្ធិបញ្ញា បាន​ឲ្យ​ដឹង នៅក្រោយ​ចប់​អង្គពិធី​ថាៈ គោលបំណង នៃ​សន្និបាត​នេះ ដើម្បី​ពិនិត្យ​និង​វាយតម្លៃ សមិទ្ធផល​ការងារ ដែល​សម្រេចបាន ក្នុង​រយៈពេល ពេញ​មួយឆ្នាំ​២០២១ កន្លងទៅ ពិភាក្សា​ពី​បញ្ហា​ប្រឈម​នានា និង​លើក​ទិសដៅ​ការងារ កម្មសិទ្ធិបញ្ញា ឆ្នាំ​២០២២ ព្រមទាំង​ទទួលយក អនុសាសន៍​ណែនាំ​ល្អៗ ពី​ថ្នាក់ដឹកនាំ​ក្រសួង ដើម្បី​សម្រួល​សេវា ចុះបញ្ជី​ម៉ាក ដែល​ប្រព្រឹត្តទៅ តាម​ប្រព័ន្ធ​វីដេអូ ក្រោម​វត្តមាន​របស់លោក អ៊ុក ប្រជា រដ្ឋលេខាធិការ នៃ​ក្រសួងពាណិជ្ជកម្ម​។​

​លោក​ប្រធាន បានលើកឡើង​បន្តថាៈ តាមរយៈ​អង្គពិធី​នេះ នឹង​ផ្តល់ឱកាស​ឱ្យ នាយកដ្ឋាន កម្មសិទ្ធិបញ្ញា បាន​ពង្រឹង និង​ពង្រីក​កិច្ចសហការ ក្នុង​ក្របខណ្ឌ​ក្រសួងពាណិជ្ជកម្ម និង​ក្នុង​ក្របខណ្ឌ​ភាពជា​ដៃគូ​រដ្ឋ និង​ឯកជន​ផងដែរ ដើម្បី​ជំរុញ​ការចូលរួម ពី​គ្រប់ភាគី ធ្វើឱ្យ​ប្រសើរឡើង នូវ​បរិយាកាស​កម្មសិទ្ធិបញ្ញា នៅ​កម្ពុជា​។

​ដើម្បី​រៀបចំ​គោលនយោបាយ​ជាតិ កម្មសិទ្ធិបញ្ញា កាន់តែ​ល្អប្រសើរ​បន្ថែមទៀត លោក​រដ្ឋលេខាធិការ អ៊ុក ប្រជា បាន​ជំរុញ និង​ណែនាំ​ដល់​មន្ត្រី​នាយកដ្ឋាន កម្មសិទ្ធិបញ្ញា​ទាំងអស់ ត្រូវ​បង្កើនល្បឿន​កែទម្រង់ ឱ្យបាន​ស៊ីជម្រៅ និង​ធានា​អភិបាលកិច្ច​ល្អ​, សិក្សា​ពី​ឧ​ត្ត​មា​នុ​វត្ត​ន៍​អន្តរជាតិ ក្នុងការ​ពិនិត្យ និង​វាយតម្លៃ ឈានទៅរក​ការកាត់បន្ថយ​នីតិវិធី និង​ឯកសារ ឬ​ការតម្រូវ​មិនចាំបាច់ និង​ត្រូវខិតខំ​ទាញ​ប្រយោជន៍ ជា​អតិបរមា​ពី​អនុស្សរណៈ នៃ​ការយោគយល់​គ្នា ដែល​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា បាន​ចុះ​កិច្ចព្រមព្រៀង​រួចរាល់ ។​ល​។​

​តាម​របាយការណ៍​សង្ខេប​របស់ នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា បាន​ឲ្យ​ដឹងថាៈ ក្នុង​ឆ្នាំ​២០២១ បានសម្រេច​សមិទ្ធផល ការងារ​សំខាន់ៗ មួយចំនួន ដូចជា បាន​កាត់បន្ថយ​រយៈពេល នៃ​ការចុះបញ្ជី​ម៉ាក ត្រឹម ៥​ខែ ទៅ ៧​ខែ​, បាន​ដោះស្រាយ​ដំណើរការ​នីមួយៗ នៃ​ការចុះបញ្ជី ម៉ាក តួលេខ​ដែល​បង្ហាញ​នៅលើ Global Brand Database ពី​ចំនួន ១៧.០០០ មក​នៅសល់​ត្រឹម ៦.០០០, បាន​ស្កេ​ន​រាល់​ឯកសារ ទៅជា​ទម្រង់​អេឡិចត្រូនិក​, បានបញ្ចប់ ឯកសារ​ចុះបញ្ជី​ម៉ាក ដែល​កកស្ទះ​ទាំងអស់ នៅក្នុង និង​មុន​ឆ្នាំ​២០២០ ចំនួន​ប្រមាណ​ជាង ៤៤ ៦៥៥ បាន​ចុះបញ្ជី​ម៉ាក សម្គាល់​ភូមិសាស្ត្រ​ទំនិញ “​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​” ម៉ាក​សមូហភាព “​អំបុក​កំពង់ធំ​” និង​“​អង្ករ​ព្រះវិហារ​”, បាន​សម្របសម្រួល និង​រៀបចំ​បែបបទ សម្រាប់​កម្ពុជា​ចូល​ជា​សមាជិក នៃ​គណៈកម្មការ​សម្របសម្រួល (COCO), បាន​សម្របសម្រួល និង​រៀបចំ​ការចុះ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា រវាង​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក និង​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​កម្មសិទ្ធិបញ្ញា នៃ​កម្ពុជា​, បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ កម្មសិទ្ធិបញ្ញា រវាង​ក្រសួងពាណិជ្ជកម្ម និង​សមាគម​ម៉ាក​អន្តរជាតិ និង​បានរៀបចំ​ផែនការ សកម្មភាព របស់​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​កម្ម​សិ​ទិ្ធ​បញ្ញា ឆ្នាំ​២០២១-២០២៣ និង​បានបញ្ចប់ សេ​ក្តី​ព្រាង​គោលនយោបាយ​ជាតិ កម្មសិទ្ធិ​ប​ញ្ញ​៕/V​