ដោយៈ​សុផល​/​ភ្នំពេញៈ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានអនុញ្ញាត​ឱ្យ លោក ប៊ួ​យ ថា​ញ់ ស៊ឺន រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ការងារនៅកម្ពុជា ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន​រដ្ឋសភានា​រសៀល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២២​នេះ​។​

​ប្រភពនៃជំនួបបានបញ្ជាក់ថា ក្នុងឱកាសនេះសម្តេច​​ចក្រី ហេង សំរិន បាន​សម្តែង​ក្តី​សោមនស្ស​រីករាយ និង​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់លោក ប៊ួ​យ ថា​ញ់ ស៊ឺន នៅ​កម្ពុជា​ថា ជាការ​ចូលរួមចំណែក​ដ៏​សំខាន់​នៅក្នុ​ការលើក កម្ពស់​ទំ​នាក់​ទំនង​មិត្តភាព សាមគ្គី​ភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ រវាង​ប្រទេស​ទាំងពីរ ដែលមាន​ជា​យូរ​មកហើយ​នេះ ឱ្យ​កាន់តែ​ប្រសើរ​ខ្លាំងក្លា​ថែមទៀត​។​

​សម្តេច​ប្រធានរដ្ឋសភា និង​លោក ប៊ួ​យ ថា​ញ់ ស៊ឺន បាន​អបអរសាទរ​ចំពោះ ខួប​៥៥​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​នៅ​ឆ្នាំនេះ​។ លោក ប៊ួ​យ ថា​ញ់ ស៊ឺន បាន​សម្តែង​ការអបអរសាទរ​និង​ក្តី​រីករាយ​ជាទីបំផុត​ចំពោះ​ការរីកចម្រើន​របស់​ក​ម្ពុ​ជា​ឥតឈប់ឈរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​នៅលើ​គ្រប់​វិស័យ​។

​លោករដ្ឋមន្ត្រី​បាន​ជម្រាបជូន​សម្តេច​ពី​លទ្ធផល​ការងារ​ជាច្រើន​ដែល​សម្រេចបាន​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កម្ពុជា​នាឱកាស​នេះ​។ នៅ​ក្នុងនោះ​លោកបាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី សម្តេច​វិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា និង​បាន​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយលោក​រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ របស់​កម្ពុជា​ផងដែរ​។

លោក ប៊ួ​យ ថា​ញ់ ស៊ឺន បាន​គោរព​ស្នើ​សូម សម្តេច​ប្រធានរដ្ឋសភា ជួយ​ជំរុញ​ដល់​ការពង្រឹង​កិច្ច​សហប្រតិបត្តិ​រវាង​ស្ថាប័ន​រដ្ឋសភា​ប្រទេស​ទាំងពីរ តាម​ការបង្កើន​ឱ្យមាន​ដំណើរ​ទស្សនកិច្ច និង​ការចែករំលែក​បទពិសោធ​ន៍​ពីគ្នា​ទៅវិញទៅមក​ឱ្យបាន​ញឹកញាប់ ទាំង​ក្នុង​ក្របខណ្ឌ​សមាជិកសភា​វ័យក្មេង ក្រុម​មិត្តភាព​សភា និង​សមាជិកសភា​ស្ត្រី​។

​លោកក៏បាន​ស្នើ​សូម​សម្តេច ជួយ​សម្រួល​និង​បង្កើន​យន្តការ​ដល់​សកម្មភាព​ធ្វើ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់​តែមាន​កំណើន​ឡើង​។ ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​គោរព​ស្នើ​សូម​សម្តេច ជំរុញ​និង​លើកកម្ពស់​ការគាំទ្រ​គ្នា​ទៅវិញទៅមក​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ប្រទេស​ទាំងពីរ​នៅលើ​វេទិការ​អន្តរជាតិ​នានា​ដូចជា APA, AIPA, IPU, APPF ជាដើម​។​

​លោក ប៊ួ​យ ថា​ញ់ ស៊ឺន បាន​ជូនពរ​កម្ពុជា​ឱ្យ​ទទួលបាន​ជោគជ័យ​នៅក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន(ASEAN )និង AIPA នៅ​ឆ្នាំនេះ ហើយ​ភាគី​វៀតណាម​គាំទ្រ​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​របស់​កម្ពុ​ជា​នេះ​។

តាងនាម​ថ្នាក់ដឹកនាំ​ប្រទេស​វៀតណាម លោក ប៊ួ​យ ថា​ញ់ ស៊ឺន បាន​គោរព​អញ្ជើញ សម្តេច​ប្រធានរដ្ឋសភា ដឹកនាំ​គណៈប្រតិភូ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅពេល​វេលា​សមស្រប​ណាមួយ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ទទួលយក​សំណើរ​របស់​ភាគី​វៀតណាម និង​បាន​សន្យាថា សម្តេច​នឹង​ដឹកនាំ​គណៈប្រតិភូ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅពេល​វេលា​សមស្រប​ណាមួយ​៕​សរន