ដោយៈមុនីរ័ត្ន/ភ្នំពេញៈមន្រ្តីជាន់ខ្ពស់បានអះអាងថា ក្រសួងមហាផ្ទៃបានស្នើសុំរាជរដ្ឋាភិបាលដើម្បីឲ្យក្រសួងការបរទេសកម្ពុជាប្រាប់ទៅកុងស៊ុលកម្ពុជាប្រចាំនៅក្រៅប្រទេសទាំងអស់កុំឈ្មោះ GENSER JARED MATTHEW ជាជនជាតិអាម៉េរិកចូលមកកម្ពុជាជារៀងរហូត។ ជននេះបានបន្លំខ្លួន ធ្វើជាមេធាវីអន្តរជាតិការពារឲ្យជនជាប់ចោទឈ្មោះ សេង ធារី ហើយបានចូលមកជ្រៀតជ្រែកយុត្តាធិការកម្ពុជា។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ បានប្រាប់រស្មីកម្ពុជានៅរសៀល ថ្ងៃទី២០ ខែមករាឆ្នាំ២០២២នេះថា ឈ្មោះ GENSER JARED MATTHEWកាន់លិខិតឆ្លងដែនទេសចរចូលមកកម្ពុជា ហើយបាន ប្រើប្រាស់តួនាទីរបស់ខ្លួនជាមេធាវីអន្តរជាតិ និងបានគំរាមកំហែងលើតុលាការកម្ពុជាថែមទៀតផង។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ បានបញ្ជាក់ថា “គាត់កាន់លិខិតឆ្លងដែនទេសចរសុំមកកម្ពុជាហើយពេលមកគាត់ទៅការពារក្តីដោយប្រើប្រាស់តួនាទីរបស់ខ្លួនជាមេធាវីអន្តរជាតិ។មិនត្រឹមតែការពារក្តីទេ តែានចេញមកសំញែងថា ខ្លួនជាមេធាវីអន្តរជាតិ មានសិទ្ធិមានអី… ។ បន្ទាប់មកយើងក៏ធ្វើការស្រាវជ្រាវទៅឃើញថា គាត់ចូលមកធ្វើជាទេសចរធម្មតា ហើយមកជ្រៀតជ្រែកចូលយុត្តាធិការរបស់យើងទៀត។ ជាធម្មតាមេធាវីអន្តរជាតិ ប៉ុន្តែវាត្រូវតែមានការអនុញ្ញាត មិនមែនមេធាវីចេះតែបានទាំងអស់ឯណា? វាទាល់តែមានការយល់ព្រមពីតុលាការដែរ។ គាត់ធ្វើខុសពីតួនាទីភារកិច្ចរបស់ខ្លួន។ ហេតុនេះហើយបានជាយើងហាមមិនឲ្យមកកម្ពុជា”។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បន្តថា ក្រសួងមហាផ្ទៃបានស្នើសុំរដ្ឋាភិបាលដើម្បីឲ្យក្រសួងការបរទេសកម្ពុជាប្រាប់ទៅកុងស៊ុលកម្ពុជានៅក្រៅប្រទេសទាំងអស់កុំឲ្យឈ្មោះ GENSER JARED MATTHEWចូលមកកម្ពុជាទៀត ដោយដាក់នៅក្នុងបញ្ជីខ្មៅតែម្តង។ ក្រៅពីជាប់ពាក់ព័ន្ធនឹងសកម្មភាពបំពានដែនយុត្តាធិការកម្ពុជាក្នុងគោលដៅ គំរាមកំហែងដល់ឯករាជ្យភាពតុលាការកម្ពុជាឈ្មោះ GENSER JARED MATTHEWក៏បានល្មើសនឹងច្បាប់ស្តីពីអន្តោប្រវេសន៍ ដោយបានប្រើប្រាស់ទិដ្ឋាការខុសពីគោលបំណងស្នើសុំចូលមកកម្ពុជាដើម្បីទេសចរប៉ុន្តែបានធ្វើសកម្មភាពផ្ទុយពីប្រភេទ ទិដ្ឋាការដែលបានអនុញ្ញាត។
សូមជម្រាបថា លោក GENSER JARED MATTHEW បានធ្វើដំណើរចូលមកកម្ពុជាកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដោយប្រើប្រាស់ទិដ្ឋាការទេសចរ ផ្ដល់ដោយស្ថានទូតខ្មែរប្រចាំសហរដ្ឋអាមេរិក និងបានធ្វើដំណើរចេញពីកម្ពុជានៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ឆ្ពោះទៅកាន់ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
គួររំលឹថា បន្ទាប់ពីមកដល់កម្ពុជា លោក GENSER JARED MATTHEW បានតាំងខ្លួនជាមេធាវីអន្តរជាតិដោយចូលរួម ឃ្លាំមើលដំណើរការសវនាការលើជនជាប់ចោទឈ្មោះ សេង ធាវី និងបានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅមុខ តុលាការដោយបានហៅសវនាការនោះថាជា សវនាការឆាកល្ខោន។ លើសពីនេះ បុគ្គលខាងលើបានព្រមានរាជរដ្ឋាភិបាលថា នឹងមានបញ្ហា បើហ៊ានឲ្យកញ្ញា សេង ធាវី ជាប់ទោសជាដើម៕សរន