ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២០មករាថា ប្រទេសថៃនឹងបន្តគម្រោងធ្វើដំណើរដោយមិនចាំបាច់ធ្វើចត្តាឡីស័កចាប់ពីថ្ងៃទី ១ ខែកុម្ភៈ បន្ទាប់ពីកម្មវិធីនេះត្រូវបានផ្អាកដោយសារតែមេរោគបំប្លែងខ្លួនអូមីក្រុង ដែលឆ្លងរាដាលយ៉ាងរហ័ស។
ការទប់ស្កាត់ការធ្វើដំណើរដោយសារជំងឺរាតត្បាតបានបង្កផលប៉ះពាល់ដល់ប្រទេសសេដ្ឋកិច្ចពឹងលើវិស័យទេសចរណ៍មួយនេះ ដោយនាំឱ្យចំនួនអ្នកទស្សនាធ្លាក់ចុះដល់កម្រិតទាបបំផុត។
អ្នកនាំពាក្យរបស់ក្រុមការងារទប់ស្កាត់កូវីដ១៩ របស់ថៃ លោក ថាវីស៊ីន វីសានូយ៉ូធិន (Taweesin Visanuyothin)បានប្រាប់អ្នកយកព័ត៌មានថាអ្នកធ្វើដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញឥឡូវនេះនឹងអាចចូលបានក្រោមគ្រោង “ធ្វើតេស្តិ៍ហើយទៅ” ដរាបណាពួកគេធ្វើតេស្តិ៍រកកូវីដនៅថ្ងៃដំបូងនិងថ្ងៃទី ៥ បន្ទាប់ពីមកដល់ថៃ។
អ្នកទេសចរណ៍នឹងត្រូវដាក់ដាច់ដោយឡែកនៅសណ្ឋាគារមួយ ខណៈរង់ចាំលទ្ធផលតេស្តិ៍របស់ពួកគេ ហើយនឹងត្រូវតម្រូវឱ្យដោនឡូតកម្មវិធីតាមដានមួយ ដើម្បីធានាថាពួកគេគោរពតាមច្បាប់។
ដោយស្វះស្វែងរកការងើបឡើងវិញពីដំណើរការសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧ ប្រទេសថៃបានចាប់ផ្តើមគម្រោង “ធ្វើតេស្តិ៍ហើយទៅ” នៅខែវិច្ឆិកាជាជម្រើសមួយជំនួសការធ្វើចត្តាឡីស័កក្នុងសណ្ឋាគាររយៈពេលពីរសប្តាហ៍។
កម្មវិធីនេះត្រូវបានផ្អាកកាលពីចុងខែមុន ដោយសារការបារម្ភអំពីមេរោគអូមីក្រុង ប៉ុន្តែដោយសារការស្លាប់និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យមិនបានកើនឡើង លោកថាវីស៊ីននិយាយថគម្រោងនេះអាចបន្តវិញបាន ទោះបីជាអាជ្ញាធរនឹងបន្តត្រួតពិនិត្យកម្មវិធីនេះឡើងវិញក៏ដោយ។
លោកថាវីស៊ីននិយាយថា “ក្នុងករណីមានការឆ្លងកាន់តែច្រើន ឬស្ថានភាពប្រែប្រួល នោះនឹងមានការវាយតម្លៃឡើងវិញសម្រាប់អ្នកដំណើរដែលចូលមកក្នុងប្រទេសនិងការកែតម្រូវឆ្ពោះទៅរកកម្មវិធីប្រអប់ខ្សាច់(Sandbox)វិញ”។
នៅក្រោមកម្មវិធី Sandbox ដែលបានបើកដំណើរការកាលពីឆ្នាំមុនសម្រាប់ជាជំហានដំបូងឆ្ពោះទៅរកការបើកទេសចរណ៍ឡើងវិញ ភ្ញៀវទេសចរដែលចាក់វ៉ាក់សាំងពេញលេញត្រូវចំណាយពេល ៧ យប់នៅក្នុងទីតាំងជាក់លាក់មួយចំនួនដូចជា កោះរមណីយដ្ឋានភូកេត មុនពេលត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរបន្តទៅកាន់ផ្នែកផ្សេងទៀតនៃប្រទេសថៃ។
នៅក្នុងការបន្ធូរបន្ថយបន្ថែមទៀតនៃការរឹតបន្តឹងទប់ស្កាត់កូវីដ ភោជនីយដ្ឋាននឹងត្រូវអនុញ្ញាតឱ្យបម្រើគ្រឿងស្រវឹងរហូតដល់ម៉ោង ១១ យប់ ដែលមុននេះឱ្យបើកត្រឹមម៉ោង៩យប់ប៉ុណ្ណោះ។
ក្រសួងទេសចរណ៍បានប៉ាន់ប្រមាណថា ភ្ញៀវទេសចរបរទេសប្រហែល ៥ លាននាក់នឹងមកប្រទេសថៃក្នុងឆ្នាំ ២០២២ ពោលគឺធ្លាក់ចុះពីចំនួនជិត ៤០ លាននាក់កាលពីឆ្នាំមុនមានជំងឺរាតត្បាត៕
ជំងឺរាតត្បាតបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសថៃដែលពឹងលើវិស័យទេសចរណ៍។ដើម្បីជំរុញទេសចរណ៍ឡើងវិញថៃអនុវត្តកម្មវិធីអនុញ្ញាតអោតទេសចរបរទេសចូលមិនចាំបាច់ធ្វើចត្តាឡីស័ក