ដោយៈមុនីរ័ត្ន/ភ្នំពេញៈសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឲ្យព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចត្រូវធ្វើការសម្របសម្រួលផ្ទៃក្នុងគណបក្សដើម្បីធ្វើសមាជជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្ស។នេះបើយោងតាមលិខិតទូលថ្វាយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ នៅថ្ងៃទី២០ខែមករាឆ្នាំ២០២២នេះ។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ(រូបថត ឯកសារ)
ការស្នើនេះបានធ្វើឡើងក្នុងពេលដែលក្រុមមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច គឺក្រុមលោកសាយ ហាក់ លោក ហេង ចន្ថា និង លោកផាន់ សិទ្ធី និងក្រុមលោកឆឹង ចំរើន និងលោក អាំង សំបូរគ្រោងនឹងរៀបចំធ្វើសមាជជ្រើសរើស ប្រធានគណបក្សថ្មីជំនួសសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ គឺ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និង ព្រះអង្គម្ចាស់នរោត្តម ចក្រា វុធ។
លោកញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានប្រាប់រស្មីកម្ពុជានៅថ្ងៃទី២ខែមករានេះថា លិខិតនេះគឺមានន័យថា ក្រសួងមហាផ្ទៃបានទទួលស្គាល់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាមេដឹកនាំនៃគណបក្សហ្វ៊ុនស៊ិនប៉ិច ស្របទៅតាមសេចក្តី សម្រេចការតែងតាំងសព្វព្រះទ័យរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ តែងតាំងព្រះអង្គកន្លងមក។
អ្នកនាំពាក្យដដែលបានអះអាងថា “ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ លោកមានសិទ្ធិគ្រប់គ្រាន់ក្នុងការកោះអញ្ជើញសមាជិក សមាជិកា ថ្នាក់ដឹកនាំដើម្បីធ្វើសមាជក្នុងពេលដ៏ឆាប់ខាងមុខនេះ”។
សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី(រូបថត ឯកសារ)
គួរបញ្ជាក់ថា ក្រុមលោកសាយ ហាក់ លោកហេង ចន្ថា និងលោកផាន់ សិទ្ធី គឺបានប្រជុំវិសាមញ្ញគណៈកម្មាធិការនាយក គណបក្សហ៊្វុនស៊ិនប៉ិចកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានសម្រេចជាឯកច្ឆន្ទយាងសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី អនុប្រធានទី១ គណបក្សជាព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច។ចំណែកក្រុមលោកឆឹង ចំរើន និងលោកអាំង សំបូរ គ្រោងនឹងរៀបចំធ្វើសមាជនៅចុងខែមករាខាងមុខនេះ ជ្រើសតាំងព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ បុត្រាច្បងសម្តេចក្រុមពព្រះ នរោត្តម រណឫទ្ធិ ជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច៕សរន