ដោយៈ​មុន​រ័ត្ន​/​ភ្នំពេញៈ​នៅថ្ងៃនេះ​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​សូម​សម្តែង​នូវ​ការព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​ការប៉ះទង្គិច​ប្រដាប់អាវុធ​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​រដ្ឋធានី​នៃ​រដ្ឋកា​យ៉ា​ហ៍ (Kayah State) រវាង​យោធា និង​កងកម្លាំង​ឧទ្ទាម​ប្រដាប់អាវុធ​។ អំពើហិង្សា​ដែល​នៅតែ​បន្ត​កើតមាន​នេះ កំពុង​ធ្វើឱ្យប៉ះពាល់ ដល់​វឌ្ឍនភាព​ដែល​សម្រេចបាន​ក្នុង​ដំណើរ​ទស្សន​កិច្ចការងា​រ​នាពេល​ថ្មីៗ​នេះ របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២២​។​

​អ្នកនាំពាក្យ​ដដែលបន្តថា សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​នោះ បាន​ចែករំលែក​អំពី​ភាពជោគជ័យ​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​កម្ពុជា ក្នុងការ​សម្រេចបាន​នូវ​ការបង្រួបបង្រួម​ជាតិ សន្តិភាព យូរអង្វែង ស្ថិរភាព ការអភិវឌ្ឍ និង​វិបុលភាព​។ សម្តេច​តេ​ជោ បាន​សង្កត់ធ្ងន់ថា ផ្អែកលើ​បទពិសោធន៍ និង​មេរៀន​នានា​ដែល​ទទួលបាន​ពី​ដំណើរការ​សន្តិភាព​រប​ស់​កម្ពុជា សន្តិភាព​ទាំងស្រុង និង​ការបង្រួបបង្រួម​ជាតិ មិនអាច​សម្រេច​បានឡើយ ប្រសិនបើ​គ្មាន​ការចូលរួម និង​ការឯកភាព​ពេញលេញ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​

អ្នកនាំពាក្យបាននិយាយថា ​ក្នុង​ស្មារតី​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​យល់ឃើញថា គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវតែ​ទទួលយក​បទ​ឈប់​បាញ់ បញ្ចប់​នៅ​រាល់​សកម្មភាព​ដែល​ហិង្សា អនុវត្ត​ការអត់ធ្មត់​ឱ្យបាន​ខ្ពស់បំផុត និង​ចាប់ផ្តើម​កិច្ចសន្ទនា ដើម្បី​បង្កើត​នូវ​ស្ថានភាព​អំណោយផល សំដៅ​ឈានទៅរក​ការកសាង​ឡើងវិញ​នូវ​សន្តិភាព​នៅក្នុង​ប្រទេស​ដែល​អាច​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការអនុវត្ត​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច​របស់​អាស៊ាន​៕​សរន