ដោយៈ​យោធិន​/ភ្នំពេញៈ​ប្រមុខ​កង​យោធា​ខៀវ​កម្ពុជា​តម្រូវ​ឲ្យ​កងទ័ព​ទាំងអស់​ចូលរួម​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​រោគរាតត្បាត​កូ​វិដ​-១៩​ដូ​ស​ជំរុញ​គ្រប់ៗ​គ្នា ពិសេស​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ (COVID-19)(PFIZER)​ដូ​ស​ទី​៤ ។​ប្រមុខ​កងទ័ព​មួក​ខៀវ​កម្ពុជា នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ រក្សា​សន្តិភាព​បាន​ប្រសាសន៍​ដូច្នេះ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​មណ្ឌល ជាតិ​រក្សា​សន្តិភាព នៅ​ទីស្តីការ​មជ្ឈមណ្ឌលកាលពីព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២២​ខណៈដែល​ស្ថាប័ន​ម​ជ្ឈ​​មណ្ឌល​ជាតិ​ដំណើរការ​ចាក់​វាក់​សាំង​ដូ​ស​ទី​៤​ជូន​ដល់​ថ្នាក់ដឹកនាំ​កងទ័ព​កង​យោធា​មួក​ខៀវ​ដែល​ក្នុងនោះ​រួមទាំង​ក្រុមគ្រួសារ​ផងដែរ​។

នាយ​ឧ​ត្ត​ម​សេនីយ៍​សែម សុវណ្ណនី បាន​ថ្លែងអំណរគុណ ដល់​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​នាំមក​នូវ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ មកចាក់​ជូន​កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និង​ប្រជាជន​គ្រប់រូប​ចាប់ពី​អាយុ​១២​ឆ្នាំ​ឡើងទៅ​។
ជាមួយគ្នានេះដែរ​ប្រមុខ​កង​យោធា​មួក​ខៀវ​ក៏បាន​សុំឱ្យ​កម្លាំង​ទ័ព​មួក​ខៀវ ក៏ដូចជា​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ត្រូវ​បន្ត​អនុវត្តតាម​វិធាន​របស់​ក្រសួងសុខាភិបាល ៣​កុំ ៣​ការពារ ក្នុង​បំណង​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ឱ្យបាន​១០០ភាគរយ។​
នាយ​ឧ​ត្ត​ម​សេនីយ៍​សែម សុវណ្ណនី បានបញ្ជាក់​បន្ថែមថាៈ បច្ចុប្បន្ន​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ដែល​កំពុង​បំពេញបេសកកម្ម​អង្គការ​សហ ប្រជាជាតិ នៅ​ប្រទេស​លី​បង់ អាហ្វ្រិក​កណ្តាល ម៉ាលី ស៊ូដង់​ខាងត្បូង ក៏ត្រូវ​បានទទួល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ដូ​ស​ជំរុញ​ផងដែរ​ស្របតាម​ការអនុញ្ញាតិរ​បស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ផ្តល់​ឲ្យ​ដល់​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ទាំងអស់​ត្រូវ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់ៗ​គ្នា​៕សរន