ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ អ្នកនិពន្ធ​ម្នាក់​នៅក្នុង​កាសែត​ឯករាជ្យ Dawei Watch បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២០ មករា​ថា​នៅ​សប្តាហ៍​នេះ​យោធា​មី​យ៉ាន់​ម៉ា​បាន​ចាប់ខ្លួន​​មនុស្ស ៣ នាក់ ដែល​ធ្វើការ​ឱ្យ​កាសែត Dawei Watch​ដែល​ជា​ការចាប់ខ្លួន​ចុងក្រោយ​បំផុត​នៅ​ក្រោម​ការបង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចាប់តាំងពី​រដ្ឋប្រហារ​ឆ្នាំមុន​។​

​អ្នកនិពន្ធ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយសារ​តែ​ភាព​រសើប​នៃ​បញ្ហា បាន​និយាយថា នាង ម៉ូ ម៉ា​យ​យីន (Moe Myint)​អាយុ ៣៥ ឆ្នាំ​ជា​អ្នកកាសែត និង​ជា​ម្តាយ​កូន​បី​ត្រូវបាន​ឃុំខ្លួន​កាលពី​ថ្ងៃ​អង្គារ​​នៅ​ទីក្រុង​ដាវី (Dawei) ស្ថិត​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​អ្នកកាសែត​ឈ្មោះ កូ ហ្សរ (Ko Zaw)​អាយុ ៣៨ ឆ្នាំ និង ថា ហ្គី​យី (Thar Gyi) អាយុ ២១ ឆ្នាំ ជា​អ្នក​រចនា​វេ​បសាយ​នៅ​កាសែត​នេះ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ពុធ​។​

​អ្នកនិពន្ធ​រូបនេះ​បាន​និយាយថា “​បច្ចុប្បន្ន​ពួកគេ​កំពុង​ត្រូវបាន​ឃុំខ្លួន​នៅ​ប៉ុស្តិ៍​ប៉ូលិស​ក្នុង​ទីក្រុង​ដាវី ហើយ​មូលហេតុ​នៃ​ការចាប់ខ្លួន​ពួកគេ​នៅតែ​មិនទាន់​ដឹង​នៅឡើយ​”​។​

​អ្នកនាំពាក្យ​របប​យោធា​កាន់​អំណាច​មិន​បាន​ឆ្លើយតប​នឹង​សំណើ​សុំ​ការបំភ្លឺ​នោះទេ​។​

​រដ្ឋាភិបាលយោធា​ធ្លាប់បាន​និយាយថា ខ្លួន​គោរព​តួនាទី​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប៉ុន្តែ​នឹង​មិន​អនុញ្ញាត​ឱ្យមាន​សេចក្តីរាយការណ៍​ដែល​ខ្លួន​ចាត់ទុកថា​មិន​ពិត​ឬ​ទំនង​ជា​បង្កឱ្យមាន​ចលាចល​សាធារណៈ​​នោះឡើយ​។​

​យោធា​បាន​ដកហូត​អាជ្ញាប័ណ្ណ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួនធំ ដាក់ចេញ​ការទប់ស្កាត់​លើ​ការផ្សាយ​តាម​អ៊ី​ន​ធឺ​ណេត​និង​ផ្កាយរណប ហើយ​បាន​ចាប់ខ្លួន​អ្នកកាសែត​រាប់សិប​នាក់ ចាប់តាំងពី​រដ្ឋប្រហារ​ថ្ងៃទី ១ ខែ​កុម្ភៈ​ឆ្នាំ​២០២១៕

​យោធា​យី​យ៉ាន់​ម៉ា​បង្ក្រាប​សមាសភាព​ប្រឆាំង​ខ្លួន រួម​ទាំង​កាសែត​គាំទ្រ​រដ្ឋាភិបាល​មុន​