ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ សហរដ្ឋអាម៉េរិកនិងអាល្លឺម៉ង់បាននិយាយថាការឈ្លានពានណាមួយរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែននឹងជំរុញឱ្យមានការឆ្លើយតបយ៉ាងធ្ងន់ធ្ងរពីសម្ពន្ធមិត្តលោកខាងលិច។
រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អានថូនី ប្លីងកិន និងរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី អានណាឡេណា ប៊ែរអឺបុក (Annalena Baerbock) បានធ្វើការព្រមានបែបនេះបន្ទាប់ពីកិច្ចប្រជុំចតុភាគីនៅទីក្រុងបែរឡាំងជាមួយសមភាគីបារាំងនិងអង់គ្លេសកាលពីថ្ងៃព្រហស្បតិ៍ទី២០ មករាដែលជាការបង្ហាញការរួបរួមចំពេលមានការបង្កើនកងទ័ពរបស់រុស្ស៊ីនៅតាមព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន។
លោកប្លីងកិនបាននិយាយថា “យើងកំពុងឈានទៅដល់ដំណាក់កាលសម្រេចចិត្តចុងក្រោយ។ យើងបានបញ្ជាក់ច្បាស់ហើយថាបើកងកម្លាំងយោធារុស្ស៊ីណាមួយធ្វើការចល័តទីឆ្លងកាត់ព្រំដែនអ៊ុយក្រែន ហើយប្រព្រឹត្តអំពើឈ្លានពានថ្មីប្រឆាំងនឹងអ៊ុយក្រែន នោះនឹងត្រូវជួបជាមួយនឹងការឆ្លើយតបយ៉ាងរហ័ស ធ្ងន់ធ្ងរ និងឯកភាពគ្នាពីសហរដ្ឋអាម៉េរិក និងដៃគូរបស់យើង”។
លោកប្លីងកិនបានបង្ហាញការគាំទ្ររបស់សហរដ្ឋអាម៉េរិកសម្រាប់អ៊ុយក្រែននៅក្នុងកិច្ចប្រជុំជាមួយមេដឹកនាំរបស់ខ្លួនក្នុងទីក្រុងគៀវកាលពីថ្ងៃពុធខណៈលោកបន្តការជំរុញផ្នែកការទូតដើម្បីទប់ទល់ការឈ្លានពានរបស់រុស្ស៊ី ដែលសហរដ្ឋអាម៉េរិកនិយាយថាអាចនឹងកើតមាន។
លោកស្រីប៊ែរអឺបុកបានចង្អុលបង្ហាញថា អាល្លឺម៉ង់នឹងដើរតួនាទីដាក់ទណ្ឌកម្មលើរុស្ស៊ីចំពោះសកម្មភាពយោធាប្រឆាំងនឹងប្រទេសជិតខាង។លោកស្រីបាននិយាយថា”រាល់ការឈ្លានពានរបស់រុស្ស៊ីបន្ថែមទៀតនឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។ វាជាសញ្ញាល្អនិងសំខាន់ដែលការចរចាកំពុងបន្ត”។
រដ្ឋមន្ត្រីការបរទេសបារាំងលោកហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់ (Jean-Yves Le Drian) និងរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក ជេមស៍ ក្លេវើលី (James Cleverly)បានចូលរួមកិច្ចប្រជុំនៅទីក្រុងប៊ែរឡាំងកាលពីថ្ងៃព្រហស្បតិ៍ផងដែរ ហើយលោកប្លីងកិនគ្រោងជួបជាមួយអធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ ស្កូល (Olaf Scholz) នៅយប់ថ្ងៃដដែល ។ លោកនឹងធ្វើដំណើរទៅកាន់ទីក្រុងហ្សឺណែវដើម្បីពិភាក្សាជាមួយសមភាគីរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ នៅថ្ងៃសុក្រនេះ៕
រូបភាពផ្កាយរណបបង្ហាញរថក្រោះនិងកាំភ្លើងធំរបស់រុស្ស៊ីនៅតំបន់ហ្វឹកហាត់ផូហ្គោណូវ៉ូរបស់រុស្ស៊ីកាលពីថ្ងៃទី១៦មករា២០២២