ប្រែសម្រួលៈបំណង(អេភី,ដេល្លីម៉េល)៖ ការខ្វះគ្រឿងបង្គំបង្កឡើងដោយជំងឺឆ្លងកូវីដ១៩កំពុងបង្កបញ្ហាផលិតកម្មនៅរោងចក្រផលិតរថយន្តToyotaរបស់ជប៉ុន។ផលិតកម្មនៅ១១រោងចក្រនៅក្នុងប្រទេសជប៉ុននឹងត្រូវបញ្ឈប់នៅថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃចន្ទសប្តាហ៍ក្រោយ។
ការបញ្ឈប់នេះបន្ថែមលើការបន្ថយផលិតកម្មសំរាប់ខែកុម្ភៈ ដែលក្រុមហ៊ុនបានប្រកាសរួចហើយនៅ៨រោងចក្រក្នុងប្រទេសជប៉ុន រួមមានរោងចក្រដំឡើងរថយន្តPriusនិងម៉ូដែល Lexus។
ការផ្គត់ផ្គង់គ្រឿងផ្នែកផ្សំបានរីងស្ងួតដោយសារខ្វះឈីបកុំព្យូទ័រ ដែលសំខាន់សំរាប់គ្រឿងបង្គំយានយន្ត នៅពេលរោងចក្រទាំងក្នុងនិងក្រៅជប៉ុនស្ថិតក្រោមការបិទខ្ទប់ ឬឈប់ដំណើរការពាក់ព័ន្ធនឹងវិធានការប្រឆាំងកូវីដ១៩។
ការផលិតរថយន្តToyotaនៅខែមករាក្នុងប្រទេសជប៉ុនកាត់បន្ថយអស់៤៧.០០០គ្រឿង
ការផ្អាកផលិតកម្មនៅរោងចក្ររបស់ក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់ជប៉ុនកើតឡើងនៅពេលជប៉ុនចាប់ផ្តើមពង្រីកវិធានការទប់ស្កាត់ការរីករាលដាលកូវីដ១៩។ចាប់ពីថ្ងៃសុក្រទី២១មករា បណ្តាភោជនីយដ្ឋាន និងបារនឹងបិទលឿនជាងមុន នៅតំបន់តូក្យូ និងនៅតំបន់រាប់សិបទៀតនៅពាសពេញជប៉ុននៅពេលប្រទេសនេះចាប់ផ្តើមពង្រីកតំបន់ត្រូវរឹតត្បិតដោយសារការផ្ទុះវីរុសអូមីក្រុងដែលកំពុងនាំអោយចំនួនឆ្លងប្រចាំថ្ងៃកើនឡើងដល់កំរិតខ្ពស់បំផុត។
ក្រោមវិធានការថ្មី បណ្តាហាងស៊ីចុកភាគច្រើនត្រូវបិទនៅម៉ោង៨យប់ នៅពេលព្រឹត្តិការណ៍ធំៗអាចដាក់មនុស្សពេញចំណុះបានដរាបណាវាអនុវត្តតាមផែនការប្រឆាំងវីរុស៕
ក្រុងតូក្យូ កាលពីម្សិលមិញបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៨.៦៣៨នាក់ ដោយឡើងហួសចំនួនឆ្លងច្រើនបំផុតពីមុន ៧.៣៧៧នាក់