ដោយៈ សរិទ្ធ / ភ្នំពេញៈ បណ្ឌិត្យសភានគរបាលកម្ពុជា បានចេញសេចក្ដីជូនដំណឹងមួយ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ស្ដីពី «ការប្រឡងប្រជែង ជ្រើសរើសនិស្សិតអាហារូបករណ៍ ឲ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ចំនួន ២០០ កន្លែង សិក្សារយៈពេល ៤ ឆ្នាំ សម្រាប់ឆ្នាំ២០២១ នៅបណ្ឌិត្យសភានគរបាល កម្ពុជា ដើម្បីក្លាយជានាយនគរបាលបន្តវេន ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ» ។
យោងតាមសេចក្តីជូនដំណឹង ដែលទើបទទួលបាន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នេះ ត្រង់ចំណុចទី៤ អំពីលក្ខខណ្ឌជ្រើសរើស នៃសេចក្ដីជូនដំណឹងនេះ ត្រង់ឃ្លាមួយ បានកំណត់ថាៈ «បេក្ខជនទាំងពីរភេទ ត្រូវមានសុខភាពល្អ កាយសម្បទាគ្រប់គ្រាន់ និងមាំមួន ព្រមទាំង «គ្មានសាក់លើខ្លួន ដៃ ជើង»។ លក្ខខណ្ឌជ្រើសរើស នៅមានកំណត់ អំពីបញ្ហាសំខាន់ៗ មួយចំនួនទៀតផងដែរ ។
ជាការកត់សម្គាល់ នាពេលបច្ចុប្បន្ននេះ មនុស្សស្ទើរគ្រប់វ័យ ទាំងវ័យកណ្តាល និង វ័យចំណាស់បន្តិច ផងនោះ ហាក់មានការពេញនិយម នៃការចាក់សាក់ជាខ្លាំង ទាំងបុរស និង ស្ត្រី ៕/V