ដោយៈ ដេប៉ូ / ភ្នំពេញៈ ក្រៅពីខ្លាឃ្មុំតូច ដែលបានបង្ហាញវត្តមាន នៅក្នុងតំបន់ ការពារធម្មជាតិកម្ពុជា គេក៏បានរកឃើញប្រភេទខ្លាឃ្មុំធំ ក៏កំពុងរស់នៅប្រទេសកម្ពុជា ផងដែរ។
គួរបញ្ជាក់ថា ប្រភេទខ្លាឃ្មុំធំនេះ ត្រូវថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ នៅក្នុងតំបន់ ការពារធម្មជាតិកម្ពុជា។ ក្រៅពីប្រភេទខ្លាឃ្មុំធំ នៅមានសត្វកម្រ ជាច្រើនទៀត ត្រូវគេថតបាន ក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ បាត់ដំបង និង កោះកុង កាលពីថ្មីៗ មកនេះ។
ខ្លាឃ្មុំធំ មានឈ្មោះ ជាភាសាអង់គ្លេសថា Asiatic Black Bear និងមានឈ្មោះ ជាវិទ្យាសាស្ត្រថា Ursus thibetanus ។ ខ្លាឃ្មុំធំ ជាប្រភេទខ្លាឃ្មុំ មានមាឌធំជាងគេ ក្នុងចំណោមខ្លាឃ្មុំទាំងអស់ ដងខ្លួនគ្របដណ្តប់ ដោយរោមក្រាស់ វែងៗ ពណ៌ត្នោត និងមានឆ្នូតពណ៌លឿងខ្ចី រាងដូចអក្សរ (V) នៅខាងក្រោមក។ វាជាសត្វរស់នៅតែឯង និងរស់នៅជាគូ នៅរដូវបន្តពូជតែប៉ុណ្ណោះ ហើយចូលចិត្តរស់នៅ តាមតំបន់ខ្ពង់រាប តំបន់ព្រៃពាក់កណ្តាលស្រោង និងវាលស្មៅក្រាស់ៗ។ ចំណីរបស់ខ្លាឃ្មុំធំ មានដូចជា ឃ្មុំ ព្រួត ឫសឈើ សត្វល្អិត រុក្ខជាតិ។
យោងតាមរបាយណ៍សត្វខ្លាឃ្មុំធំ មានវត្តមាន នៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង នៅភូមិភាគនិរតី ខេត្តកោះកុង ខេត្តពោធិ៍សាត់ (ជួរភ្នំក្រវាញ) ជាដើម ។
ខ្លាឃ្មុំធំ ស្ថិតក្នុងក្រុមប្រភេទជិតផុតពូជ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ជាប្រភេទងាយរងគ្រោះថ្នាក់ជាសាកល៕/V