ដោយៈ សរិទ្ធ / សៀមរាបៈ យុវជនម្នាក់ ជានិស្សិតច្បាប់ បានយកកាំភ្លើងរបស់ មន្ត្រីអាវុធហត្ថ រាជធានីភ្នំពេញ ដែលជាអង្គរក្សរបស់ភរិយាលោក ឧកញ៉ា ហុង ពីវ មកធ្វើអត្តឃាត (បាញ់សម្លាប់ខ្លួនឯង) ត្រង់ចំណុចប៊ូទិចគ្រីសណាវីឡា នៅវេលាម៉ោង ៨និង៥០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ ២០២២ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
សមត្ថកិច្ច បានឲ្យដឹងថាៈ ជនរងគ្រោះ ឈ្មោះ រស់ សៀវលាង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ និស្សិត រស់នៅភូមិប្រិយចាស់ សង្កាត់ទឹកវិល ក្រុងសៀមរាប។ សមត្ថកិច្ច បានបន្តថាៈ រឿងហេតុ គឺជនរងគ្រោះ កំពុងហូបចុកជុំគ្នា ជាមួយក្រុមគ្រួសារ នៅប៊ូទិច គ្រីសណាវីឡា ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ លុះរហូតដល់វេលាម៉ោង ៨ និង ៥០ នាទី យប់ថ្ងៃទី ខែ ឆ្នាំដដែល ស្រាប់តែយុវជននោះ បានយកកាំភ្លើងខ្លី ម៉ាក G-Lock17 ជារបស់ឈ្មោះ រតនា ហៅ ខ្លា ៩ ភេទប្រុស មិនស្គាល់ត្រកូល (ជាអាវុធហត្ថ នៅរាជធានីភ្នំពេញ) ដោយឈ្មោះ រតនា បានទុកអាវុធ នៅលើកៅអីអង្គុយ នៅក្បែរយុវជននោះ ហើយចេញទៅទិញម្ហូប នៅខាងក្រៅ។ ភ្លាមនោះ យុវជននោះ បានយកកាំភ្លើងខ្លី អាមេ បញ្ចូលគ្រាប់ បាញ់ក្បាលផ្នែកខាងស្តាំ បណ្តាលឲ្យស្លាប់ នៅកន្លែងកើតហេតុតែម្តង។
សមត្ថកិច្ច បានបន្តថាៈ តាមការបំភ្លឺរបស់ឈ្មោះ ប្រាក់ សារិន ភេទប្រុស អាយុ ៥៤ ឆ្នាំ ត្រូវជាឪពុករបស់យុវជននោះ បានប្រាប់ឲ្យដឹងថាៈ នៅអំឡុងដើមខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីម្ដាយក្មេករបស់ខ្លួន បានទទួលមរណភាព កូនប្រុសរបស់ខ្លួន ឈ្មោះ រស់ សៀវលាង ក៏ចាប់ផ្ដើមមានអាការៈប្លែកៗ និយាយផ្ដេសផ្ដាស និងមានជំងឺបាក់ទឹកចិត្ត និងធ្លាប់និយាយ រកសម្លាប់ខ្លួន ពីរដងមកហើយ។ ដោយឃើញបែបនោះ រូបខ្លួន ក៏បាននាំយកកូនប្រុស មកសៀមរាប ដើម្បីព្យាបាល និងលេបថ្នាំ រងាប់អារម្មណ៍ ជាប្រចាំថ្ងៃ។ កន្លងមក កូនប្រុសរបស់ខ្លួន ធ្លាប់បានទៅចូលរួម បាញ់អាវុធគ្រាប់ពិត នៅទីលានជាច្រើនលើក។
នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ ក្រុមគ្រួសាររបស់ខ្លួន បានទៅភ្នំពេញ ដើម្បីចូលរួមភ្ជាប់ ពាក្យក្មួយ ហើយនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ ក៏បាននាំគ្នាត្រឡប់មកសៀមរាបវិញ ដោយពេលនោះ ម្ដាយមីងរបស់ខ្លួន ក៏បានមកដែរ ដោយរូបគាត់ បានសម្រាកនៅប៊ូទិក គ្រីសណាវិឡា ស្ថិតភូមិសាលាកន្សែង ហើយនៅវេលាម៉ោង ៧ និង ៣០ នាទីយប់ រូបខ្លួន និងក្រុមគ្រួសារ បានមកចូលរួមហូបចុកជាមួយម្ដាយមីង នៅប៊ូទិកនោះ ដោយក្រុមគ្រួសារខ្លួន និងម្ដាយមីង បានហូបចុកនៅខាងក្រៅ ។ ចំណែកក្រុមអង្គរក្ស របស់ក្មួយខ្ញុំ ពីរនាក់ គឺគាត់ផឹក នៅតុខាងក្នុងប៊ូទិក ។ ខណៈពេលកំពុងផឹកនោះ កូនប្រុសរបស់ខ្លួន បានដើរចូលទៅខាងក្នុង ផឹកស៊ីលេងជាមួយ ក្រុមអង្គរក្សនោះ ព្រោះពួកគាត់ ជាមនុស្សស្គាល់គ្នាច្បាស់។
ជាក់ស្ដែង នៅវេលាម៉ោងប្រហែល ៩យប់ ខណៈពេលកំពុងហូបចុកជុំគ្នា ក៏ស្រាប់តែឮសូរ សំឡេងផ្ទុះអាវុធ នៅខាងក្នុង ហើយភ្លាមនោះ រូបខ្លួនបានស្ទុះទៅមើល ក៏ឃើញកូនប្រុស ឈ្មោះ រស់ សៀវលាង បានដេកស្លាប់ផ្ងារពោះ ក្នុងថ្លុកឈាម។ រូបខ្លួន បានលើកជួយ សង្គ្រោះកូន ប៉ុន្តែរូបគេ បានស្លាប់បាត់ទៅហើយ។ ដោយពេលនោះរូបខ្លួន មិនបានឃើញ អាវុធ នៅក្បែរសពកូនប្រុសខ្លួននោះទេ ក្រោយមក បានម្ចាស់អាវុធឈ្មោះ រតនា ហៅខ្លា៩ ជាក្រុមអង្គរក្សនោះ ជាម្ចាស់អាវុធ បានយកអាវុធនោះមកទុក នៅកន្លែងកើតហេតុនោះវិញ ហើយចេញទៅបាត់។
សមត្ថកិច្ច បានបន្ថែមថាៈ យោងតាមបំភ្លឺរបស់ឪពុករបស់អត្តឃាតជន និងការសន្និដ្ឋាន របស់ការិយាល័យ បច្ចេកទេស និងវិទ្យាសាស្ត្រ,ការសន្និដ្ឋាន របស់លោកគ្រូពេទ្យ ជំនាញ បានឲ្យដឹងថា ករណីខាងលើនេះ ជាករណីអត្តឃាត (បាញ់សម្លាប់ខ្លួន)។ ចំពោះ ឈ្មោះ រតនា ហៅ ខ្លា៩ ដែលជាម្ចាស់អាវុធ ក្រោយពេលកើតហេតុ បានគេចខ្លួនបាត់។
ចំណែកវត្ថុតាង (អាវុធ G-Lock17) ត្រូវបានកម្លាំងបច្ចេកទេស ដកហូតយក ទៅរក្សាទុក។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថាៈ កាំភ្លើងខ្លី ម៉ាក G-Lock17 ជារបស់ ឈ្មោះ រតនា ហៅ ខ្លា៩ ជាអាវុធហត្ថ នៅរាជធានីភ្នំពេញ និងជាអង្គរក្សរបស់ភរិយាលោក ឧកញ៉ា ហុង ពីវ ។ បច្ចុប្បន្ន សមត្ថកិច្ច កំពុងស្រាវជ្រាវទៅលើករណីនេះ ឱ្យបានល្អិតល្អន់ថែមទៀត៕/V