ដោយៈមុនីរ័ត្ន/ភ្នំពេញៈនៅព្រឹកថ្ងៃទី២១ខែមករាឆ្នាំ២០២២លើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបង្ហាញនូវខ្លឹមសារខ្លីមួយទាក់ទងនឹងជំនួបរវាងលោកជាមួយតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយនិងជាអនុប្រធាន គណៈកម្មការអឺរ៉ុប។
លោកបានសរសេរថា”ខ្ញុំបានជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម ចូសិប បូររែល ហ្វុនតេលលេតំណាងជាន់ខ្ពស់ទទួល បន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប។ ជាង២ឆ្នាំហើយ ដែលយើងបានជួបគ្នាផ្ទាល់ចុងក្រោយបង្អស់នៅទីក្រុងម៉ាឌ្រីត។យើងទាំងពីរពេញចិត្តនឹងភាពជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ កាលពីឆ្នាំមុន ហើយខ្ញុំបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់សហភាពអឺរ៉ុបនៅពេលនោះ ក៏ដូចជាពេលបច្ចុប្បន្ន ខណៈដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។ ទន្ទឹមនឹងនេះ ជំនួយសុប្បរសធម៌របស់សហភាពអឺរ៉ុប និងប្រទេសសមាជិក ផ្តល់ជូនកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺមានសារសំខាន់ណាស់”។
លោករដ្ឋមន្ត្រីបានបញ្ជាក់ជាចុងក្រោយថា “ចំពោះបញ្ហាមីយ៉ាន់ម៉ាយើងបានគូសបញ្ជាក់អំពីសារៈសំខាន់បំផុតនៃការ បញ្ឈប់អំពើហិង្សានិងការផ្តល់ជំនួយមនុស្សធម៌ដោយមិនមានការរារាំងនិងមិនរើសអើងដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាដែលត្រូវការជំនួយ”៕សរន